ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ៖យុទ្ធសាស្រ្ត« បង្កើន ៥ និងអភិវឌ្ឍន៍៣»ជំរុញវិស័យទេសចរណ៍កម្ពុជា

ដោយៈសិរីមតី
សៀមរាប៖ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្ត« បង្កើន ៥ និងអភិវឌ្ឍន៍៣» ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ»។ យុទ្ធសាស្រ្តថ្មីនេះ សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាពនិងភាពធន់របស់កម្ពុជា។ យុទ្ធសាស្ត្រចំនួន៣ ដែលត្រូវបានកំណត់រួមមាន៖ ភាពប្រកួតប្រជែងទេសចរណ៍, ចីរភាពទេសចរណ៍, និងបរិយាបន្នទេសចរណ៍។


ឯកឧត្តម សុខ សូកេន បានលើកឡើងដូច្នេះនៅក្នុងសន្និសីទសារពត៌មានដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជាកាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤នៅក្នុងបរិវេណប្រាសាទអង្គរវត្ត។
ឯកឧត្តមរដ្ឋមន្រ្តីជឿជាក់ថា៖ ចរន្តទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា នឹងអាចវិលទៅរកស្ថានភាពដូចមុនការរាតត្បាតជំងឺកូវីដ-១៩ឡើងវិញ គ្រាដែលរាជរដ្ឋាភិបាល វិស័យឯកជន ភាគីពាក់ព័ន្ធ ព្រមទាំងអ្នកសារព័ត៌មាន ខិតខំរួមគ្នា ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ។
ឯកឧត្តម សុខ សូកេន បញ្ជាក់ថា លំហូរទេសចរបរទេស ដែលនឹងជួយជំរុញកំណើនមកកាន់កម្ពុជា គឺមកពីទីផ្សារប្រទេសចិន និងឥណ្ឌា បន្ថែមលើទេសចរមកពីអឺរ៉ុប អាមេរិក និងប្រទេសក្នុងតំបន់អាស៊ាន ដោយសាររាជរដ្ឋាភិបាល បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន និងឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា តាមរយៈការបើកជើងហោះហើរត្រង់។


ឯកឧត្តម ថ្លែងថា «ទីផ្សារចិន និងឥណ្ឌា គឺជាទីផ្សារទេចរណ៍អាទិភាពរបស់ប្រទេសកម្ពុជា ហើយដើម្បីទាក់ទាញភ្ញៀវវទេសចរឥណ្ឌា ចូលមកក្នុងប្រទេសកម្ពុជាបានច្រើន រាជរដ្ឋាភិបាលនឹងបើកជើងហោះហើរត្រង់ពីកម្ពុជា ទៅទីកាន់ក្រុងញូដេលី នៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ។
សូមបញ្ជាក់ថា៖យុទ្ធសាស្ត្របង្កើន៥ ដែលជាសសរស្តម្ភយុទ្ធសាស្ត្រសម្រាប់ពង្រឹងវិស័យទេសចរណ៍ទាំងមូល មាន៖
១-បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ដើម្បីធ្វើឱ្យទេសចរណ៍នៃទីផ្សារគោលដៅ អាទិភាពកាន់តែស្គាល់ កាន់តែយល់ឃើញជាវិជ្ជមាន និងកាន់តែទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខ។
២-បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយទាក់ទាញទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ ដើម្បីធ្វើឱ្យទេសចរណ៍នៃទីផ្សារគោលដៅអាទិភាព និងពិភពលោកចាប់អារម្មណ៍មកទស្សនា។
៣-ប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងនៃការធ្វើដំណើររបស់ភ្ញៀវ និងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងដើម្បីសម្រួលការធ្វើដំណើរ និងជំរុញគុណភាពនៃការធ្វើដំណើរស្របតាមស្តង់ដារអន្តរជាតិ។
៤-បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរដោយផ្អែកលើបេតិកភ័ណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ ឆ្នេរសមុទ្រ និងប្រជាជនខ្មែរ ភាពជាខ្មែរ និងពង្រឹងសេវាទេសចរណ៍ សេវាមួយស្តង់ដារមួយ តាមរយៈការដាក់ចេញ និងការអនុវត្តស្តង់ដារបៃតងសម្រាប់ផលិតផល និងសេវាទេសចរណ៍ទាំងនៅកម្រិតថ្នាក់ជាតិ និងតំបន់អាស៊ាន ដើម្បីបង្កើតច្រករបៀងទេសចរណ៍។
៥-បង្កើនការអភិវឌ្ឍធនធានគោលដៅទេសចរណ៍ អភិវឌ្ឍន៍តំបន់ទេសចរណ៍ ជំរុញការវិនិយោគនៅតាមតំបន់ទេសចរណ៍។


ដោយឡែក ចំពោះការអភិវឌ្ឍ៣ ដើម្បីគាំទ្រនិងជំរុញការអនុវត្តបង្កើន៥រួមមាន៖
ទី១. អភិវឌ្ឍរចនាសម្ពន្ធស្ថាប័ន និងពង្រឹងយន្តការអភិបាលកិច្ចទេសចរណ៍ ដោយរាប់ទាំងការគិតគូរដល់ការរៀបចំបង្កើតក្រុមប្រឹក្សាជាតិទេសចរណ៍ និងការពង្រឹងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (DMOs) តាមរាជធានី-ខេត្ត និងគោលដៅទេសចរណ៍សំខាន់ៗ ដោយបង្កើនកិច្ចសហការភាពជាដៃគូរវាងរដ្ឋនិងឯកជន និងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធនានា។
ទី២. អភិវឌ្ឍបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ដោយត្រូវមានផែនការ និងធនធានច្បាស់លាស់ក្នុងការអនុវត្តស្របតាមដំណាក់កាលឌីជីថលនីយកម្ម (Digitization) ឌីជីថលូបនីយកម្ម (Digitalization) និងបរិវត្តកម្មឌីជីថល (Digital Transformation)។
ទី៣. អភិវឌ្ឍធនធានមនុស្ស ដោយផ្តោតសំខាន់លើការអប់រំបណ្តុះបណ្តាលសមត្ថភាពជំនាញវិជ្ជាជីវៈ ឆន្ទៈ មនសិការ គុណធម៌ និងសីលធម៌សម្រាប់បុគ្គលិក-និយោជិត និយោជកនិងន្ត្រីរាជការព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ឱ្យស្របតាមតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនធ្វើយ៉ាងណាធានាបានថាបុគ្គលិកម្នាក់មានជំនាញមួយ ជាពិសេសបណ្តុះបណ្តាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដាអាស៊ានព្រមទាំងលើកកម្ពស់សុខមាលភាពមន្ត្រីទេសចរណ៍ប្រកបដោយសមធម៌ បរិយាបន្ន។
ជាផ្នែកមួយនៃការជួយដល់វិស័យទេសចរណ៍ ក្លិបអ្នកកាសែតកម្ពុជា ដឹកនាំដោយលោក ពុយ គា បានគាំទ្រដល់ការជួយជំរុញការផ្សព្វផ្សាយរបស់សារព័ត៌មានជាតិ-អន្តរជាតិ ដើម្បីជាការចូលរួមចំណែកផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក។


កាលពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ ក្លឹបអ្នកកាសែត បានរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រមាណជា៥០នាក់ មកពី៣១ស្ថាប័ន ទៅកាន់តំបន់សក្តានុពលទេសចរណ៍នានាក្នុងខេត្តសៀមរាប ដើម្បីជួយផ្សព្វផ្សាយពីទីតាំងរមណីយដ្ឋាន និងផលិតផលទេសចរណ៍ថ្មីៗ ឱ្យអ្នក ទេសចរក្នុងស្រុក និងក្រៅស្រុក បានដឹងកាន់តែទូលំទូលាយ។
ផលិតផលទេសចរណ៍ថ្មីៗ ដែលត្រូវបានបង្កើតឡើងបន្ថែមលើការចូលទស្សនាប្រាង្គប្រាសាទបុរាណមានដូចជា៖ ឧទ្យានទស្សនាពពួកមច្ឆជាតិ និងសត្វព្រៃ Angkor Wildlife & Aquarium, ការជិះកន្រ្តកកម្ពស់៨០ម៉ែត្រមើលជុំវិញក្រុ ង សៀមរាប, ការជិះរទះគោ, ដំណើរទេសចរណ៍ដោយជិះរថយន្ត JEEPទៅកាន់សហគមន៍ទេសចរណ៍ក្នុងខេត្តសៀមរាបដូចជា៖ សហគមន៍ទេសចរធម្មជាតិកំពង់ភ្លុក តំបន់ទេសចរណ៍ភូមិព្រះដាក់ដែលនៅរក្សានូវវប្បធម៌ប្រពៃណីតំាងពីជូនតាមានជាអាទិ៍ធ្វើសិប្បកម្មដោយដៃ និងម្ហូបអាហារប្រចាំតំបន់ និងបង្អែមខ្មែរ ជាដើម៕