សន្ដិសុខសង្គម

យកផាវគ្រាប់បែកទៅកែច្នៃភ្លាត់ស្នៀតផ្ទុះរងរបួសធ្ងន់២នាក់

ដោយ៖សុខុម
ស្ទឹងត្រែង៖ ហេតុការណ៍ផ្ទុះផាវមួយបានកើតឡើងបណ្តាលអោយបុរសម្នាក់និងកុមារម្នាក់រងរបួសធ្ងន់កាលពីថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤ នៅផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

មន្ត្រីនគរបាលប៉ុស្តិ៍ឃុំកាំងចាមបាននិយាយថា ជនរងគ្រោះឈ្មោះ សួង លី អាយុ ៣៣ ឆ្នាំ ។មុនពេលកើតហេតុបានយកផាវគ្រាប់បែកទៅកែច្នៃធ្វើជាគ្រាប់បំផ្ទុះ គេសង្ស័យថាដើម្បីយកទៅបោកត្រី ។នៅពេលកំពុងកែច្នៃផាវគ្រាប់បែកក៏ស្រាប់តែផ្ទុះលាន់សំឡេយ៉ាងខ្លាំងឡើង បណ្តាលឲ្យបុរសរូបនោះរងរបួសដាច់ប្រអប់ដៃខាងឆ្វេងនិងជើងរបស់ គាត់បានរលាត់បែកសាច់ពេញទីតាំងកើតហេតុឃើញដល់ឆ្អឹងខាងក្នុង។ ចំណែកកុមារាម្នាក់ទៀត ឈ្មោះ ម៉ៅ ភារិទ្ធ អាយុ ៨ឆ្នាំ កំពុងអង្គុយមើលការច្នៃនៅក្បែរនោះក៏បានរងរបួសធ្ងន់ដូចគ្នាផងដែរ។

ក្រោយកើតហេតុភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យស្ថានការណ៍ ។ ឃើញជនរងគ្រោះទាំង ២នាក់ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងដើម្បីសង្រ្គោះជីវិត៕