ដោយៈសិរីមតី
ភ្នំពេញ៖បេសកកម្មសារព័ត៌មានដើម្បី «ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប» ដែលត្រូវបានរៀបចំ និងដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមីនា បានបញ្ចប់ហើយ ខណៈដែល ក.អ.ក បានកត់សម្គាល់ និងវាយតម្លៃជារួមថា បេសកកម្មនេះទទួលបានជោគជ័យលើសពីការរំពឹងទុក។ អត្ថបទសារព័ត៌មាន រួមទាំងវីដេអូប្រមាណជាង១០០ ទាំងភាសាខ្មែរ អង់គ្លេស ចិន និង វៀតណាម ដែលបង្ហាញពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប បាននិងកំពុងត្រូវ បានផ្សព្វផ្សាយតាមបណ្តាញសង្គមជាបន្តបន្ទាប់តាមរយៈស្ថាប័នសារព័ត៌មាន ដែលបានចូលរួមក្នុងបេសកកម្មខាងលើ រួមទាំងសារព័ត៌មានជាច្រើនទៀត។
បេសកកម្មដ៏មានសារសំខាន់ ដែលមានអ្នកសារព័ត៌មានចូលរួមចំនួន៤២នាក់ មកពី៣២ស្ថាប័ន ផ្សេងៗគ្នាទាំងជាតិ និងអន្តរជាតិ ត្រូវបានសម្របសម្រួលឱ្យចូលទស្សនាយកព័ត៌មាន និងផ្ដិតរូបភាពក្នុង រមណីយដ្ឋានដ៏មានសក្តានុពលរួមមាន៖ Angkor Wild Life and Aquarium, Angkor Eyes (កន្ត្រកវិល), ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ, ភូមិព្រះដាក់, បារាយណ៍, ទេសចរណ៍បែបស៊ី វីល័យតាមរថយន្ត Jeep, សហគមន៍អេកូទេសចរណ៍កំពង់ភ្លុក, បុណ្យទន្លេ រួមនិងសន្និសីទសារព័ត៌មាន ដែលមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅមុខប្រាសាទអង្គរវត្ត។
តាមរយៈបេសកកម្មសារព័ត៌មាននោះ ក.អ.ក បានមើលឃើញថា ខេត្តសៀមរាបអង្គរជាតំបន់ ដែលពោរពេញដោយសក្តានុពលទេសចរណ៍ វប្បធម៌ ប្រពៃណី និងធនធានធម្មជាតិដ៏សម្បូរបែប ហើយ ជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ប៉ុន្ដែការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ អាចនិយាយបានថាមិនទាន់ទូលាយនៅឡើយ។
ផ្តើមពីនោះ ក.អ.ក នឹងខិតខំធ្វើយ៉ាងណារៀបចំដំណើរទស្សនកិច្ចការងារបែបនេះជាបន្តបន្ទាប់ ទៅកាន់ខេត្តផ្សេងៗទៀត ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយឲ្យកាន់តែទូលាយលើវិស័យទេសចរណ៍នៅ កម្ពុជាដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិ។
ក.អ.ក បានសម្ដែងការអរគុណចំពោះសមាគមទេសចរណ៍កម្ពុជា សណ្ឋាគារនៅ ក្រុងសៀមរាប និងក្រុមហ៊ុនឯកជនមួយចំនួនទៀត ក៏ដូចជាក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា និង រដ្ឋបាលខេត្តសៀមរាបដែលបានគាំទ្រដល់បេសកកម្មដ៏មានសារសំខាន់នេះ។ក.អ.ក ចាត់ទុកការគាំទ្រពីសំណាក់ស្ថាប័នឯកជន និងរដ្ឋ គឺជាការរំលេចនូវស្មារតីរួមគ្នាជំរុញ វិស័យទេសចរណ៍នៅកម្ពុជា។