ដោយ៖កំចាយ
កំពត÷ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងពាក់ព័ន្ធករណីលួចកាត់យកខ្សែភ្លើងដ៏សកម្មនៅតាមបណ្តារាជធានី-ខេត្ត។
មន្ត្រីសមត្ថកិច្ចផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឲ្យដឹងថា ជនសង្ស័យក្នុងករណីខាងលើឈ្មោះ ម៉ៅ ព្រឹក ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពដដែលបានបានរៀបរាប់ថា ដោយសារមួយរយ:កន្លងមក សកម្មភាពចោរលួចកាត់ខ្សែភ្លើងបានកើតឡើងក្នុងទឹកដីក្រុងកំពត ក្រុងបូកគោ ស្រុកទឹកឈូ និងស្រុកឈូកជាបន្យបន្ទាប់ទើបលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ដាក់បទបញ្ជាដល់កម្លាំងអធិការដ្ឋានក្រុងស្រុកទាំង៤ឲ្យបង្កើនការល្បាតជាប្រចាំនៅចំណុចដែលមានត្រង់ហ្វូភ្លើងរបស់អង្គភាពអគ្គិសនី។ ស្រាប់តែនៅយប់ថ្ងៃទី១៦ ខែមីនា កម្លាំងអធិការដ្ឋានក្រុងកំពតបានប្រទះឃើញជនសង្ស័យម្នាក់បម្រុងកាត់យកខ្សែភ្លើងនៅចំណុចត្រង់ហ្វូខាងក្រោយអនុវិទ្យាល័យឌីប៉ុកមហាសាមគ្គី ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយទើបឃាត់ខ្លួនបានតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យរូបនេះ នគរបាលក្រុងកំពតរឹបអូសបាននូវម៉ូតូម៉ាកនិកពណ៌ស១គ្រឿង ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1CU-3689 កន្រ្តៃកាត់ដែកធុនធំ១ដើម កាំបិតឡាមកាត់ខ្សែភ្លើង១ដើម និងផ្លែកាំបិតឡាមតូចធំចំនួន៩។
ជនសង្ស័យបានសារភាពថា រូបគេធ្លាប់ជិះម៉ូតូធ្វើសកម្មភាពក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពត និងខេត្តព្រះសីហនុដោយសំដៅយកតែខ្សែភ្លើងប្រភេទសរសៃធំៗប៉ុណ្ណោះ៕