ដោយ ៖ បន្ទាយ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤ បានប្រមូលផ្តុំកងកម្លាំងក្រោមឱវាទទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាល អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯកបានថ្លែងអំណរគុណ ចំពោះបងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអង្គភាពអាវុធហត្ថរាជធានីភ្នំពេញទាំងមូល ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយ ពេញមួយឆ្នាំកន្លងមក ក៏ដូចជាបានរួមសុខរួមទុក្ខ ជាមួយលោកផ្ទាល់ រយៈពេល១១ឆ្នាំដែលលោកមកកាន់ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញរហូតដល់បច្ចុប្បន្ននេះ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពរ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ព្រមទាំង ក្រុមគ្រួសារផងដែរ។
លោកឧត្តមសេនីយ៍ឯកមេបញ្ជាការបានបន្តថា : ក្នុងនាមជាកងកម្លាំង គឺពិតជាមានពេលវេលាតិចតួចណាស់សម្រាប់គ្រួសារ ។ជាពិសេសនៅគ្រប់ពិធីបុណ្យជាតិ សាសនា ដែលបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្រួសារ ដើរលេងសប្បាយ គឺជាពេលដែលកម្លាំងសមត្ថកិច្ច រឹតតែត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវ លើការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ កាន់តែមមាញឹក ជាងពេលធម្មតា ដូច្នេះដើម្បីជាការលើកទឹកចិត្ត ទើបជារៀងរាល់ឆ្នាំ លោកឆ្លៀតពេលរៀបចំពិធីជួបជុំសំណេះសំណាល នេះឡើង ដោយភ្ជាប់ជាមួយអំណោយជាចំណងដៃ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ។
នៅក្នុងពិធីសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ឯកមេបញ្ជាកាបានប្រគល់អំណោយលើកទឹកចិត្តរួមមាន ទឹកក្រូចដប ២៥០០ កែស, អាវយឺត ២៥០០អាវ, ស្វាយកែវរមៀត៨ តោន, ទឹកដោះគោបឺត ៣០០កែស ដោយក្នុងម្នាក់ៗទទួលបានទឹកក្រូចដប ០១កេស, អាវយឺត០១, ទឹកដោះគោបឺត ចំនួន ០១ យួរ ព្រមទាំង ផ្លែស្វាយ ទឹកសុទ្ធ គ្រប់ៗគ្នា និងរៀបចំពិធីជប់លៀង ជូនដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញទាំងមូល បានចូលរួមសប្បាយមុនថ្ងៃចូលឆ្នាំថ្មីមកដល់ដើម្បីទុកពេលវេលាការពារប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំ ដែលឆ្នាំនេះពិធីជប់លៀងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានរម្លឹកផងដែរថា :ទោះឋិតក្នុងកាលៈទេសៈណាក៏ដោយ បងប្អូនត្រូវចងចាំជានិច្ចនូវវីរភាពលះបង់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិ រំដោះប្រជាជនកម្ពុជា នាថ្ងៃ ៧ មករា ១៩៧៩ ឲ្យរួចផុតពីរបបវាលពិឃាតប្រល័យពូជសាសន៍សម្លាប់ប្រជាជនខ្មែរអស់ជាង៣លាននាក់ គឺរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ហើយសម្តេចតេជោជាស្ថាបនិកមគ្គុទ្ទេសក៍ឯក ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមទាំងស្រុង ធ្វើឲ្យប្រទេសជាតិមាន សន្ដិភាព និងការឯកភាពជាតិពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃ។
ជាពិសេសសម្តេចតេជោ បានជួយសង្គ្រោះប្រជាជនកម្ពុជា ជាលើកទី២ ដោយសម្តេចបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើនយ៉ាងមានប្រសិទ្ធភាព ក្នុងការប្រឆាំងកូវីដ-១៩ បានស្ដារស្ថានភាពកម្ពុជា ឲ្យវិលមករកភាពប្រក្រតីយ៉ាងឆាប់រហ័សនិងមានឈ្មោះជាប្រទេសតូច បេះដូងធំ។
លោកឧត្តមសេនីយ៍ឯកមេបញ្ជាការកងរាជអាវុធហត្ថរាជធានីបានបន្ថែមថា : បច្ចុប្បន្ន រាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តការដឹកនាំពីសម្តេចតេជោ ដោយដាក់ចេញនូវ យុទ្ធសាស្ត្រ ចក្ខុវិស័យ ជាបន្តបន្ទាប់ដែលមានជំហរមុតមាំបន្តថែរក្សាឲ្យបាននូវ សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងការឯកភាពជាតិ។ ដូច្នេះក្នុងនាមអាវុធហត្ថ ក្រៅពីទទួលរ៉ាប់រងអនុវត្តការងារតាមតួនាទីភារកិច្ចនិងសហការណ៍ជាមួយស្ថាប័ន សមត្ថកិច្ច កម្លាំងប្រដាប់អាវុធផ្សេងទៀតដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ។
យើងក៏ត្រូវតែចេះតាមដានព័ត៌មានផ្សេងៗ និងត្រូវក្តាប់ឲ្យបានរាល់ព័ត៌មានតាមបណ្តាខេត្តរាជធានីក៏ដូចជាពិភពលោក ដើម្បីជាត្រីវិស័យឆ្លុះបញ្ចាំងដល់ខ្លួនយើងឲ្យបានដឹងបានយល់វែងឆ្ងាយជៀសវាងកុំឲ្យដូចកង្កែបក្នុងអណ្តូង ព្រោះសម័យនេះគឺជាសម័យឌីជីថល និងជាសម័យAI ហើយបច្ចេកវិទ្យារបស់ពួកឧក្រិដ្ឋជនក៏ដូចជាជនល្មើស ឬភេរវករ ក៏Update តាមសម័យកាលហ្នឹងដែរ បើយើងតាមសភាពការណ៍មិនទាន់ទេ គឺយើងបង្ក្រាបពួកទាំងហ្នឹងមិនបានឡើយ។
នៅចុងក្រោយនៃកម្មវិធី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើដល់បងប្អូន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ សូមអនុវត្តឲ្យបាននូវគោលការណ៍របស់លោកចំនួនពីរគឺ :
ទី១៖ ត្រូវចេះតាមដានសុខភាពខ្លួនឯងនិងក្រុមគ្រួសារឲ្យបានជាប់ជាប្រចាំ ក្នុង១ឆ្នាំត្រូវទៅមន្ទីរពេទ្យឆែកសុខភាពយ៉ាងហោចណាស់១ឬ២ដងឲ្យបានទៀងទាត់។
ទី២៖ ត្រូវចេះធ្វើផែនការសេដ្ឋកិច្ចក្នុងគ្រួសារ ធ្វើយ៉ាងណាឲ្យចំណាយតិចជាងចំណូល និងដកប្រាក់សន្សំត្រៀមទុកប្រើប្រាស់ក្នុងពេលចាំបាច់៕