ព័ត៌មានជាតិ

វគ្គតម្រង់ទិសស្ដីពី”ប្រសិទ្ធភាពនៃការគ្រប់គ្រងព័ត៌មាននិងនាំពាក្យ”ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ
បន្ទាយមានជ័យនៅសាលប្រជុំ(ធំ) សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ទីស្តីការគណ:រដ្ឋមន្ត្រីនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានសហការរៀបចំបើកវគ្គតម្រង់ទិស ស្ដីពីប្រសិទ្ធភាព នៃការគ្រប់គ្រងព័ត៌មាន និងនាំពាក្យក្រោមអធិបតីភាពលោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងចូលរួមដោយអភិបាលរងខេត្ត អនុប្រធានមន្ទីរ អភិបាលរង នាយករដ្ឋបាលស្រុក ក្រុង សមាជិកក្រុមមន្ត្រីឃុំ សង្កាត់និងស្មៀន ដែលជាមន្ត្រីទទួលបន្ទុក ។

លោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : នៅក្នុងដំណើរការនៃការគ្រប់គ្រងដឹកនាំរបស់រដ្ឋបាលខេត្តស្រុកក្រុងឃុំសង្កាត់ក៏ដូចជា នៅតាមបណ្ដាមន្ទីរអង្គភាពនានាមានភាពប្រសើរឡើងជាលំដាប់និងសមិទ្ធផលអភិវឌ្ឍន៍នានា មានការរីកចម្រើនដុះដាលលើគ្រប់វិស័យ គួរឲ្យមានវឌ្ឍនភាព។ប៉ុន្តែទន្ទឹមនឹងនេះក៏នៅមានបញ្ហាខ្លះដែលតែងតែកើតមាន ដែលមកពីភាពចន្លោះប្រហោង ខ្វះខាតឬឆកល្វែង នៃការគ្រប់គ្រងព័ត៌មាន ការប្រមូលព័ត៌មាននិងការផ្តល់ព័ត៌មាន និងនាំពាក្យពុំបានត្រឹមត្រូវ ដែលវាទៅជាហេតុនាំឲ្យមហាជនប្រជាពលរដ្ឋទូទៅខ្វះព័ត៌មាន ឬមានភាពស្រពេចស្រពិល និងមានទុទិដ្ឋិនិយមឬភ័ន្តច្រឡំមកលើស្ថាប័នរាជរដ្ឋាភិបាល។

លោកបានបន្តថា :រីឯការបន្សាបឬក៏លុបបំបាត់នូវព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ការឆបោកញុះញង់ផ្សេងៗ នៅមានកម្រិតនៅឡើយ។
ដោយមើលឃើញពីភាពចាំបាច់នេះ ទេីបរដ្ឋបាលខេត្តបានគោរពស្នើសុំដល់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដើម្បីជួយបណ្ដុះបណ្ដាល ណែនាំតម្រង់ទិសទៅដល់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពស្រុកក្រុងឃុំសង្កាត់ចំនួន១វគ្គនាថ្ងៃនេះ។

លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើបទបង្កាញដោយខ្លឹមសារ រូបភាពវិជ្ជមាន អវិជ្ជមាន ១ជ្រុង ពេញជ្រុងស្តីពី “ប្រសិទ្ធភាពនៃការគ្រប់គ្រងវត្តមាននិងនាំពាក្យ” ។

លោកមានប្រសាសន៍ថា : នាពេលបច្ចុប្បន្ននេះតាមរយៈព័ត៌មានក្នុងបណ្ដាញសង្គម រួមមាន Facebook Tik tok ផ្សេងៗ យើងសង្កេតឃើញព័ត៌មានមួយចំនួនពិត និងមួយចំនួនទៀតមិនពិត ក្នុងភាពញុះញង់ព័ត៌មានក្លែងក្លាយបំពុលសង្គម ទៅឲ្យប្រជាពលរដ្ឋឬសាធារណមតិយើងមានការយល់ច្រឡំ ។

លោកប៉ែន បូណា.បានបន្តថា : ហេតុដូច្នេះហើយក្នុងនាមជាអ្នកនាំពាក្យ ត្រូវទាមទារឲ្យមានការឈ្លាសវៃ តបតយ៉ាងឆាប់រហ័ស ព្រមទាំងស្រាយបំភ្លឺរាល់មន្ទិលសង្ស័យរបស់មហាជន ប្រជាពលរដ្ឋនៅពេលមានព័ត៌មានក្លែងក្លាយ។

លោក ប៉ែន បូណា បានធ្វើការផ្ដាំផ្ញើចុងក្រោយដល់អស់លោកលោកស្រី ដែលបានចូលរួមវគ្គតម្រង់ទិសប្រសិទ្ធភាពនៃការគ្រប់គ្រងព័ត៌មាន និងនាំពាក្យ ក្នុងឱកាសនេះសង្ឃឹមថាគ្រប់អង្គភាពទាំងអស់នឹងយកនូវចំណេះដឹងនិងបទពិសោធល្អៗ សម្រាប់យកទៅអនុវត្តក្នុងការគ្រប់គ្រងព័ត៌មាន អ្នកនាំពាក្យឲ្យមានប្រសិទ្ធភាពខ្ពស់ ។
ក្នុងនោះព័ត៌មាន សង្គ្រាមព៍ត៌មានមានតួនាទីសំខាន់ នាំមុខដើម្បីបង្ហាញ ពន្យល់ បកស្រាយ ប្រាប់គោលបំណងនិងទាញយកនូវប្រយោជន៍ ។


មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យត្រូវរស់រវើក ខិតខំ សកម្ម ប្រទាក់ក្រឡា រហ័សទាន់ពេល ប្រកបដោយការទទួលខុសត្រូវធ្វើការដើម្បីការពារ លើកកម្ពស់សកម្មភាព លទ្ធផល ស្នាដៃរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់និងរាជរដ្ឋាភិបាល ក៏ដូចស្ថាប័នជាតិដទៃទៀត។ដូចជា ការពារជីវភាពប្រជាជន ការពារផែនការភូមិឃុំមានសុវត្ថិភាពរបស់ឃុំ សង្កាត់ ការអភិវឌ្ឍន៍និងសុខសន្តិភាពរបស់រាជរដ្ឋាភិបាល ។ពិសេសជាងនេះគឹមន្ត្រីព័ត៌មាន អ្នកនាំពាក្យត្រូវបន្សាបព័ត៎មានបំផ្លលស បំភ្លៃ បំភ័ន្ត បំភ័យ បង្ខុស បង្ខូចនិងព័ត៌មានក្លែងក្លាយរបស់ក្រុមប្រឆាំងដែលតែងចិញ្ចឹមចិត្តបន្តុះបង្អាប់បង្អោន បន្ថយឥទ្ធិពល ស្នាដៃនិងកិត្តិយសរបស់អាជ្ញាធរមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលឬគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ៕