សន្ដិសុខសង្គម

យុវជនម្នាក់បានស្លាប់ដោយសារជិះម៉ូតូបុកពីក្រោយរថយន្តខូចចតនៅលើដងផ្លូវ

ដោយ៖ កំចាយ

កំពត÷ យុវជនម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូជ្រុលបុកពីក្រោយរថយន្តដែលបានខូច និងចតនៅលើដងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលចរាចរណ៍ស្រុកទឹកឈូបានប្រាប់ឲ្យដឹងថា យុវជនដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើឈ្មោះ ប៉ាវ ម៉េងស៊ឺ អាយុ ១៩ឆ្នាំ មានទីលំនៅភូមិព្រៃខ្ជាយ ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត។

សមត្ថកិច្ចបានរៀបរាប់ថា កាលពីវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី១៥ ខែមីនា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូលេខ១៣៧-១៣៨ រវាងម៉ូតូ និងរថយន្តក្នុងទិសដៅស្របគ្នា។ មុនហេតុការណ៍កើតឡើង គេឃើញយុវជនរងគ្រោះជិះម៉ូតូពីលិចទៅកើត។ លុះមកដល់ចំណុចគ្រោះថ្នាក់ ម៉ូតូប្រាំងមិនទាន់ក៏ជុ្រលទៅបុកពីក្រោយរថយន្តធុនធំដែលបានខូច និងចតនៅលើដងផ្លូវបណ្តាលឲ្យដួលបោកខ្លួនពេញទំហឹង។

មន្ត្រីនគរបាលដដែលបានបន្តថា ក្នុងស្ថានភាពបែបនោះ អ្នកបើកបររថយន្តបានរត់គេចបាត់តែម្តង។ លុះអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញជនរងគ្រោះបានស្លាប់ភ្លាមៗ ទើបទំនាក់ទំនងហៅសមត្ថកិច្ច និងរថយន្តសង្គ្រោះទៅកាន់កន្លែងកើតហេតុដើម្បីអន្តរាគមន៍។

ក្រោយវាស់វែងរួចរាល់ សមត្ថកិច្ចក៏បាននាំយករថយន្ត និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំថ្មីជាបណ្តោះអាសន្ន។ ចំណែកសពត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕