ដោយ៖កំចាយ
កំពត: មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពតបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមូលដ្ឋានកងរាជអាវុធហត្ថគ្រប់ក្រុងស្រុកឱ្យបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងមន្ត្រីក្រោមឱវាទប្រកបដោយប្រសិទ្ធភាព។
កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពតមានរៀបចំពិធីប្រកាសតែងតាំងមេបញ្ជាការតាមសេចក្តីសម្រេចលេខ៣១.ត.ត.ផ.ប/១២២៣។ សេចក្តីសម្រេចមានខ្លឹមសារថា ត្រូវបានតែងតាំងលោកវរសេនីយ៍ទោ សន សុខឿន នាយទាហាននៃកងរាជអាវុធហត្ថបញ្ជាការដ្ឋានខេត្តកំពតជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពត។
ថ្លែងក្នុងកម្មវិធីខាងលើ លោកវរសេនីយ៍ឯក ឡុង វណ្ណា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពតបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគិតគូរជាចម្បងចំពោះគុណភាពការងារ។ មុននឹងផ្តល់តំណែង និងតួនាទីក្នុងការគ្រប់គ្រងអង្គភាពណាមួយ ថ្នាក់ដឹកនាំតែងពិនិត្យលើសមត្ថភាពពិតដើម្បីឱ្យមានភាពរឹងមាំ និងរីកចម្រើនដល់សង្គមជាតិ។ លោកមេបញ្ជាការរងបានបញ្ជាក់ថា ចំពោះលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពតដែលត្រូវបានប្រកាសចូលកាន់មុខតំណែងនាពេលនេះត្រូវបង្កើនសមត្ថភាពដើម្បីដឹកនាំមន្ត្រីក្រោមឱវាទប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ម្យ៉ាងទៀត សាមគ្គីភាពផ្ទៃក្នុងជាកត្តាសំខាន់ដើម្បីឱ្យសកម្មភាពគ្រប់យ៉ាងនៅក្នុងអង្គភាពដំណើរការទៅមុខដោយពុំមានការរាំងស្ទះ។
ជាកិច្ចស្វាគមន៍សម្រាប់មេបញ្ជាការដែលទើបទទួលការតែងតាំង លោក លាង រឿនសុធី អភិបាលក្រុងកំពតបានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលក្រុង លោកពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំង ព្រោះថ្ងៃនេះគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុងកំពតទទួលបានមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថថ្មីដែលពោរពេញដោយបទពិសោធន៍ និងសមត្ថភាពពេញលេញ។ លោកក៏សូមថ្លែងអំណរគុណចំពោះអតីតមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពតដែលបានដឹកនាំកងកម្លាំងបំពេញការងារបានល្អ រហូតថ្នាក់ដឹកនាំតម្រូវឱ្យទៅបំពេញតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពតនោះ៕