សេដ្ឋកិច្ច

ការជ្រើសរើសនារីឯក មានសារសំខាន់ក្នុងវិស័យគ្រឿងអលង្ការ

ដោយ៖សិរីមតី/ភ្នំពេញ៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីជំនួប ព្រឹត្តិការណ៍នារីឯកលើកទី១ ឆ្នាំ២០២៤ នៅអគារឌីអ៊ែលីហ្សេ (The Elysee) ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។

ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតី ពីលោក ឆាយ ស៊ីណាត ប្រធានស្ដីទីសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា កញ្ញា មាន សូនីតា គណៈកម្មការនារីឯក និងភ្ញៀវកិត្តិយសជាច្រើនកុះករ។

ក្នុងឱកាសនោះ លោក ឆាយ ស៊ីណាត បានថ្លែងថា៖« ព្រឹត្តិការណ៍ជ្រើសរើសនារីឯក នាពេលនេះគឺមានសារសំខាន់ណាស់ក្នុងវិស័យគ្រឿងអលង្ការ»។

លោកបញ្ជាក់ថា លោកមានបទពិសោធន៍ច្រើន ក្នុងការទៅចូលរួមនៅក្នុងកម្មវិធីគ្រឿងអលង្ការអន្តរជាតិ ដែលគេតែងតែមាននូវការដើរបង្ហាញគ្រឿងអលង្ការ តែកម្ពុជាខ្លួនឯងដែលជាវិស័យគ្រឿងអលង្ការ គួរណាស់ក៏មានអ្នកដើរបង្ហាញម៉ូដគ្រឿងអលង្ការផ្ទាល់សម្រាប់វិស័យគ្រឿងអលង្ការនេះ។ ដោយឃើញបែបនេះ ជាគំនិតច្នៃប្រឌិតមួយរបស់ខាងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលសមាគម ដែលគាត់គិតថា មានការប្រកួតនារីឯកជាច្រើន ក៏ប៉ុន្តែការឱ្យនាមករណ៍នូវនារីឯកមួយៗគឺមានភាពខុសៗគ្នា។ដូច្នេះសមាគម ក៏ចាប់ផ្ដើមបង្កើតនារីឯក គ្រឿងអលង្ការនិងត្បូងមានតម្លៃនេះឡើង។

លោកបន្ថែមថា៖ ជាសកសលោក កម្មវិធីនារីឯកគ្រឿងអលង្ការនិងត្បូងមានតម្លៃនេះគឺកម្ពុជា បានបង្កើតមុនគេ។លោករំពឹងថា សកម្មភាពនៃកម្មវិធីនេះ នឹងធ្វើឱ្យកម្ពុជាមានឈ្មោះនៅលើឆាកអន្តរជាតិផងដែរ។ ពោលបានជាលោកហ៊ានអះអាងបែបនេះ ព្រោះសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា មានបណ្ដាញសមាគមដែលជាដៃគូ ថ្នាក់តំបន់(អាស៊ានឬមួយជាពិភពលោក)គឺមានគ្រប់ទិសទីតែម្ដង។ ដូច្នេះ រាល់អ្វីដែលជាផលិតផលសកម្មភាពរបស់សមាគម គឺសមាគមមានឱកាសក្នុងការផ្សព្វ​ផ្សាយដែលមានការសហការជាមួយនឹងរាល់បណ្ដាដៃគូខាងក្រៅ ដើម្បីជម្រុញកិច្ចការវិស័យគ្រឿងអលង្ការថ្នាក់ជាតិនិងអន្តរជាតិផងដែរ។

លើសពីនេះទៀត លោកប្រធានស្ដីទី រំពឹងថា បេក្ខនារី ដែលបានដាក់ពាក្យចូលរួមក្នុងការប្រឡងជ្រើសរើសនារីឯកនាពេលនេះ ម្នាក់ៗនឹងអាចមានឱកាស មានអនាគតល្អ ក្នុងការធ្វើការងារជាច្រើនដូចជា៖ អាចមានឱកាសធ្វើជាBA នៃក្រុមហ៊ុនគ្រឿងអលង្ការក្នុងស្រុក ឬក៏ក្រៅស្រុកជាដើម៕