ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ៖ កាកបាទក្រហមកម្ពុជា មានឈ្មោះដើមថា សមាគមជាតិកាកបាទក្រហមខ្មែរត្រូវបានបង្កើតឡើងនៅថ្ងៃទី១៣និង១៤ ខែកុម្ភៈឆ្នាំ១៩៥៥ និងគោលបំណងដើម្បីផ្តល់ជំនួយសង្គ្រោះនិងធ្វើជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។
នេះជាខ្លឹមសារក្នុងពិធីបើកវគ្គផ្សព្វផ្សាយស្ដីពីចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ(BBU)និងសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME) សាខាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៤។
លោកស្រី មឿត លាភា មន្ត្រីសាខាកាកបាទក្រហមខេត្តនិងលោកស្រីសុខ លាភា នាយិការងក្រុមប្រតិបត្តិសាខាបានអោយដឹងថា : កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជាប្រធាន គឺត្រូវប្រកាន់នូវគោលការណ៍គ្រឹះទាំងប្រាំពីរ រួមមាន៖ ភាពមនុស្សធម៍ ភាពមិនលំអៀង ឯកភាព ឯករាជភាព អព្យាក្រឹតភាព នៃសេវាកម្មស្ម័គ្រចិត្ត។
លោកស្រីបានបន្តថា កាកក្រហមកម្ពុជាបានបំផុសនូវកម្លាំងមនុស្សធម៌ ជាពិសេសសម្រាប់ជនគ្រប់មជ្ឈដ្ឋានឲ្យចូលរួមជាមួយសមាគមជាតិតាមរយៈយុទ្ធនាការកាកបាទក្រហមដោះស្រាយបញ្ហាប្រឈមនានានិងបន្តពង្រឹងភាពធន់ក្នុងសហគមន៍។
លោកស្រីបន្តថា ពិភពលោកកំពុងស្ថិតនៅក្នុងរបត់នៃការផ្លាស់ប្តូរយ៉ាងស្មុគស្មាញប្រឈមដល់ ការប្រទាក់ក្រឡាគ្នាដូចជាបញ្ហាប្រដាប់អាវុធ ការប្រែប្រួលអាកាសធាតុ បានបង្កឲ្យមានលក្ខណៈគ្រោះមហន្តរាយកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុនចំពោះមនុស្សសត្វនិងរុក្ខជាតិជំងឺឆ្លងពិតមែនតែគេអាចគ្រប់គ្រងបានមួយកម្រិត ប៉ុន្តែពីរូបបំលែងថ្មីនៃជំងឺផ្សេងផ្សេងទៀតកំពុងលេចឡើងជាបន្តបន្ទាប់ ទោះបីជាពិភពលោកឈមនឹងបញ្ហាជាច្រើនបែបនេះក្ដីក៏ព្រះរាជាណាចក្រកម្ពុជាបន្តស្ថិតនៅក្រោមម្លប់សន្ដិភាព ស្ថិរភាពនយោបាយអភិវឌ្ឍន៍ លើគ្រប់វិស័យ ធ្វើឱ្យកាកបាទក្រហមកម្ពុជា នៅតែបំពេញតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈនិងវិស័យមនុស្សធម៌។
កាកក្រហមកម្ពុជាគឺរួមចំណែកជាមួយរាជរដ្ឋាភិបាលបន្តការលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ ជីវភាពរស់នៅរបស់ប្រជាជនកាត់បន្ថយភាពរងគ្រោះនិងជួយប្រជាពលរដ្ឋ ៕