ព័ត៌មានជាតិ

មេអាវុធហត្ថខេត្តបន្ទាយមានជ័យ៖ កងកម្លាំងអាវុធហត្ថនារីមានសេចក្តីអង់អាចក្លាហាននិងរួមចំណែកគ្រប់ស្នាដៃ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជាអាវុធហត្ថខេត្ត បានថ្លែងថា កងកម្លាំងអាវុធហត្ថនារីមានសេចក្តីអង់អាចក្លាហាននិងរួមចំណែកគ្រប់ស្នាដៃនៃអង្គភាពរបស់លោក។


លោកថ្លែងដូច្នោះក្នុងពេលអញ្ជេីញជាអធិបតីភាព អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ” ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ។

មន្ត្រីអាវុធហត្ថខេត្តអោយដឹងកាលពីថ្ងៃទី១០ខែមីនាថា : ការប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ “ធំ “ជាន់ទី ២ អគារសេនាធិការធិការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ.ដោយមានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង និងលោកស្រី -នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថនារី ចំនួន១០៥នាក់ ក្នុងនោះអាវុធហត្ថនារី១៩នាក់ និងភរិយា អាវុធហត្ថចំនួន៧នាក់ ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ពិសេសកងរាជអាវុធហត្ថជានារី សូមទទួលបាននូវសុខភាពល្អ ប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ក្រុមគ្រួសារ។

លោកឧត្តម សេនីយ៍ត្រី មេបញ្ជាការ បានលើកឡើងពីភាពអង់អាចក្លាហានរបស់អាវុធហត្ថនារី ដែលកន្លងមកបានខិតខំយ៉ាងសស្រោកសស្រាំ តស៊ូការពារជាតិមាតុភូមិ ក្នុងបុព្វហេតុការពារប្រទេសជាតិ រហូតទទួលបាននូវសុខសន្តិភាព ហើយក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ៕