អន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រឆ្មាំជាតិនៅរដ្ឋតិចសាស់សហរដ្ឋអាមេរិកស្លាប់២នាក់ និងរបួសធ្ងន់៤នាក់

ប្រែសម្រួល៖ ស្រីស្រស់
ទីភ្នាក់ងារសុវត្ថិភាពសាធារណៈរដ្ឋតិចសាស់បានបញ្ជាក់ប្រាប់សារព័ត៌មាន KXAN ថា នៅក្នុងហេតុការណ៏ធ្លាក់ឧទ្ធម្ភាគចក្រ ឆ្មាំជាតិ នៅរដ្ឋតិចសាស់សហរដ្ឋអាមេរិកបណ្តាល​ឲ្យស្លាប់មនុស្សពីរនាក់និងរបួសធ្ងន់៤កាលពីរសៀលថ្ងៃសុក្រ ។

គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនេះបានកើតឡើងកាលពីរសៀលថ្ងៃសុក្រ នៅជិតទីក្រុង Rio Grande ដោយមានមនុស្ស៤នាក់នៅលើយន្តហោះ។

លោក Victor Escalon ភ្នាក់ងារនាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋតិចសាស់ភាគខាងត្បូង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មានមនុស្សយ៉ាងហោចណាស់ ៤នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ។

លោក Escalon បានអះអាងថារដ្ឋបាលសហព័ន្ធបានបញ្ជាឲ្យឧទ្ធម្ភាគចក្រយោធានេះធ្វើការល្បាត​តាមព្រំដែនគឺជាផ្នែកមួយនៃកិច្ចប្រតិបត្តិការការពារព្រំដែនដែលមានឈ្មោះថា Operation Lone Star, Texas’ ដែលមានកិច្ចសហប្រតិបត្តិការជាមួយនឹងកងឆ្មាំល្បាតព្រំដែន។

ទីភ្នាក់ងារប៉ូលិសរបស់ខោនធី Starr បានឲ្យដឹងថា អង្គភាពប៉ូលិសកំពុងជួយសង្រ្គោះនៅក្នុង​ឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅប៉ែកខាងកើតនៃខោនធីនេះ ដែលមានមនុស្ស៤នាក់នៅលើយន្តហោះ។

ទីភ្នាក់ងារសុវត្ថិភាពសាធារណៈរដ្ឋតិចសាស់ បានបញ្ជាក់ថា ខ្លួនកំពុងជួយភ្នាក់ងារសហព័ន្ធនៅក្នុង​ឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រ ដែលបានកើតឡើងនៅជិតផ្លូវយោធា Old Military Road ដែលមានចម្ងាយប្រហែល ២ ម៉ាយពីភាគខាងកើតទីក្រុង La Grulla ។

លោកស្រី Mayra Flores Vallejo អតីតសមាជិកសភាគណបក្សសាធារណរដ្ឋបានបង្ហោះសារនៅលើ X ដោយបានអំពាវនាវឲ្យសាធារណជនបួងសួងរំលឹកទៅដល់ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រមួយនេះ។

‘ខ្ញុំសូមអំពាវនាវដល់សាធារណជនអធិស្ឋាន និងបន្តគាំទ្រដល់ការល្បាតតាមព្រំដែនតាមអាកាស CBP Air and Marine Operations និងតាមផ្លូវទឹក’។

ការធ្លាក់ឧទ្ធម្ភាគចក្រដ៏សោកនាដកម្មមួយទើបតែបានកើតឡើងនៅជិត La Grulla រដ្ឋតិចសាស់​ខ្ញុំសូមអធិស្ឋានដល់អ្នករងគ្រោះទាំងអស់គ្នា” ៕