ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា រៀបចំដាក់ស្លាកសញ្ញាបង្ហាញទីតាំង ដែលត្រូវប្រុងប្រយ័ត្នមុននិងដើរឆ្លងកាត់នៅប្រាសាទបាយ័ន

អត្ថបទ: លោក យី សុថា

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាក់ស្លាកសញ្ញាមួយចំនួន ដើម្បីប្រាប់ពីទីតាំងខ្លះៗដល់ភ្ញៀវទេសចរឱ្យមានការប្រុងប្រយ័ត្នមុននិងដើរឆ្លងកាត់ នៅតាមទិសដៅវង់ទស្សនាប្រាសាទបាយ័ន។

រូបភាព: ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍

លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំស្លាកសញ្ញាហានិភ័យ ឱ្យដឹងថា ក្រុមការងារបានចុះទៅពិនិត្យទីតាំងមួយចំនួន ដែលអាចនឹងធ្វើឱ្យភ្ញៀវទេសចរគ្រោះថ្នាក់ដូចជា ដើរដួល ដើរផុតថ្ម ដើរចូលកន្លែងទាបជាដើម។ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ទើបក្រុមការងាររៀបចំដាក់ស្លាកសញ្ញានៅតាមចំណុចហានិភ័យខ្ពស់ទាំងនោះ បំណងប្រាប់ដល់ភ្ញៀវជាតិ-អន្តរជាតិ ឱ្យបានដឹងជាមុន និងប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលកំពុងដើរទស្សនា។

លោក ប៊ូ ផានេត បន្ថែមថា ស្លាកសញ្ញាប្រាប់ដំណឹងដល់ភ្ញៀវទេសចរនេះ មានទំហំតូចល្មម មិនប៉ះពាល់ដល់ទេសភាព សោភ័ណភាពប្រាសាទនោះឡើយ ដែលអាចធ្វើឱ្យភ្ញៀវទេសចរបានឃើញ និងយកចិត្តទុកដាក់ទីតាំងដែលពួកគាត់ឆ្លងកាត់។

អាជ្ញាធរជាតិអប្សរា សូមសំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាចូលរួមគោរពតាមការណែនាំតាមស្លាកសញ្ញាផ្សេងៗដែលបានរៀបចំនៅគ្រប់ប្រាសាទទាំងអស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ៕

រូបភាព: ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍