សេដ្ឋកិច្ច

សន្និសីទ CamTESOL ជាទីជំនួបសម្រាប់អ្នកជំនាញក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេសដ៏ធំប្រចាំអាស៊ីប៉ាស៊ីហ្វិក

ដោយៈសិរីមតី/ភ្នំពេញ៖ថ្មីៗនេះ ស្ថាប័នអប់រំ អាយ ឌី ភី អេឌ្យូខេសិន ដែលជា​ស្ថាប័ន​ឈានមុខ​លើ​ពិភពលោក ក្នុងការ​បញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅបរទេស និង​សេវាកម្ម​អប់រំ​អន្តរជាតិបានប្រារព្ធខួបលើក ២០ នៃសន្និសីទ CamTESOL​​ ដែលជាវេទិកាដ៏ធំ និងឈានមុខគេក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេស (ELT) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងនោះកម្មវិធីបើកត្រូវបានចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាលោកស្រី Bridge​tt​e ​L. Walker ភារធារីសហរដ្ឋ អាមេរិកប្រចាំកម្ពុជា លោក Marc Thayre អនុប្រធានបេសកកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន អាយ ឌី ភី អេឌ្យូខេសិន និងស្ថាបនិកសន្និសីទ CamTESOL និងលោក Ashley Irving នាយកនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (សាលា ACE)។

កម្មវិធីបើកនៃសន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី ២០ បានរំលេចនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ដែលជាកិច្ចស្វាគមន៍ និងបង្ហាញពីវប្បធម៌ និងសិល្បៈល្អឯករបស់កម្ពុជាជូនទៅកាន់គណៈប្រតិភូជាតិ និងអន្តរជាតិរាប់ពាន់នាក់ដែលមកពីជុំវិញពិភពលោក ក្នុងនោះរួមមានរបាំអប្សរា និងការសម្ដែងតៃក្វាន់ដូ និងក្បាច់ល្បុក្កតោជាដើម។

រយៈកាល ២០ឆ្នាំមកនេះសន្និសីទ CamTESOL មានអ្នកចូលរួមសរុបប្រមាណជាង ២៥០០០ នាក់ តំណាងឲ្យ ៨០ សញ្ជាតិ មកពី ៦ទ្វីបផ្សេងគ្នានិង បទបង្ហាញសរុបប្រមាណជាង ៨០០០ ប្រធានបទផ្សេងៗ ត្រូវបានលើកយកមកបង្ហាញនៅក្នុងសន្និសីទ។

ចំណែកឯសន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី ២០ ដែលផ្តោតលើការបង្រៀនភាសាអង់គ្លេសប្រព្រឹត្ត ឡើងនៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាធ្វើឡើងក្រោមមូលបទ ការបង្រៀនធ្វើយ៉ាងណាពង្រឹងសមត្ថភាព សិស្សឲ្យទទួលបានភាពជោគជ័យឬPreparin​g​ Successful Learners: Bringing Real Language into the ELT Classrooms។ គួរបញ្ជាក់ផងដែរសន្និសីទដ៏ធំមួយនេះបានរួមបញ្ចូលបទបង្ហាញប្រមាណជាង ៥០០ ដោយធ្វើឡើងពីវាគ្មិន និងគណៈប្រតិភូចូលរួមប្រមាណ ជាង ១៧០០ នាក់ដែលមកពី ៤០ ប្រទេសនៅជុំវិញពិភពលោក។​

សន្និសីទ CamTESOL ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា និងបន្តផ្ដល់នូវវេទិកាសម្រាប់គ្រួបង្រៀន ភាសាអង់គ្លេស និងគ្រូឧទ្ទេស អ្នកស្រាវជ្រាវក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេស (ELT) និងភាសាវិទ្យា បុគ្គលិករដ្ឋបាលរបស់សាលារៀននិងសាកលវិទ្យាល័យដែលបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេស ព្រមទាំងអ្នកអប់រំដែលមានចំណាប់អារម្មណ៍ក្នុងការអប់រំភាសាអន្តរជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអបអរសាទរដល់ស្ថាប័នអប់រំ អាយ ឌី ភី អេឌ្យូ ខេសិនក្នុងការរៀបចំសន្និសីទ CamTESOL ដែលជាផ្នែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនិងជម្រុញលើកកម្ពស់ការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជានិងអន្តរជាតិ ។ ក្នុងនោះឯកឧត្តមបានបន្តទៀតថាអ្នកចូលរួមនឹងទទួលបានឱកាសក្នុងការរឹតចំណង​និងបង្កើនមិត្តភាពរវាងគ្នាដើម្បីរៀនពីគ្នានិងបន្តការអភិវឌ្ឍន៍លើវិស័យបង្រៀនភាសាអង់គ្លេសជារួម។

ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ “ប្រធានបទ នៃសន្និសីទCamTESOL​ តែងតែផ្តោត និងជម្រុញលើគំនិតអភិវឌ្ឍថ្មីៗដើម្បីធានាបានការបង្រៀន ភាសាអង់គ្លេសប្រកបដោយគុណភាព និងជាគុណប្រយោជន៍​សម្រាប់បណ្តាសិស្ស និស្សិតទាំងឡាយ។”

លោកស្រី Bridgette L. Walker ភារធារីសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានលើកឡើងថា៖ “សន្និសីទ CamTESOLគឺជាវេទិកាដ៏ឆ្នើមសម្រាប់លោកគ្រូអ្នកគ្រូបង្រៀនភាសាអង់គ្លេសក្នុងការស្វែងយល់ពីគំនិត វិធីសាស្ត្របង្រៀន និងបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើយ៉ាងណាឲ្យសិស្សទទួលបានការអប់រំដ៏ប្រសើរ។”

“ភាសាអង់គ្លេសជាភាសាដែលមានការវិវឌ្ឍន៍ច្រើន ហើយវាពិតជាមានសារៈសំខាន់សម្រាប់សិស្ស និស្សិតកម្ពុជាក្នុងការស្វែងយល់បន្ថែមពីភាសាមួយនេះ ជាពិសេសអំពីវិធីដ៏សំម្បូរបែបក្នុងការប្រើប្រាស់ដើម្បីបង្ហាញនូវគំនិតរបស់ខ្លួន” នេះជាការលើកឡើងរបស់លោក Marc Thayre អនុប្រធានបេសកកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា។

លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័នអប់រំ អាយ ឌី ភី អេឌ្យូខេសិន និងស្ថាបនិកសន្និសីទ CamTESOL បានលើកឡើងថា៖ សន្និសីទ CamTESOL បានក្លាយជាសន្និសីទផ្នែកបង្រៀនភាសា អង់គ្លេសឈានមុខ គេប្រចាំអាស៊ី ហើយវេទិកា CamTESOL ឬប្រទេសកម្ពុជបានក្លាយជាតំបន់ក្នុង ការណាត់ជួបនឹង ស្វែងយល់អំពីគំនិតថ្មីៗ ការស្រាវជ្រាវដ៏សមស្រប វិធីសាស្ត្របង្រៀនដ៏ល្អឥតខ្ចោះ និងព័ត៌មានវិវន្តនានា ដែលពាក់ព័ន្ធនិងជាប្រយោជន៍ជួយដល់ការអភិវឌ្ឍន៍លើវិស័យបង្រៀនភាសា អង់គ្លេស។

តំណាងឲ្យស្ថាប័ន អាយ ឌី ភី អេឌ្យូខេសិន លោក ម៉ៅ ស្រេងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រសួងអប់រំ យុវជន និង កីឡា ស្ថានទូតអូស្ត្រាលី សហរដ្ឋអាមេរិក អង់គ្លេស ព្រមទាំងស្ថាប័នដៃគូនានា ជាច្រើន ព្រមទាំងអ្នកជំនាញនៅក្នុងផ្នែកបង្រៀនភាសាអង់គ្លេសនៅក្នុងប្រទេសកម្ពុជា តំបន់ អាស៊ីអាគ្នេយ៍ និងអន្តរជាតិដែលបន្តគាំទ្រយ៉ាងមុតមាំក្នុងការរៀបចំសន្និសិទនេះឡើង និងពង្រីកវិសាលភាពនៃវេទិកានេះសម្រាប់ឆ្នាំក្រោយៗទៀត។

យើងឃើញថា នៅក្នុងកិច្ចពិភាក្សាបើកពេញអង្គ រួមមាន បណ្ឌិត Bophan Khan សាស្រ្តាចារ្យនៅសាកល វិទ្យាល័យភូមិន្ទភ្នំពេញ សាស្ត្រាចារ្យ Jack C. Richards មកពីសាកលវិទ្យាល័យ University of Sydney ប្រទេសអូស្ត្រាលី ព្រមទាំងបណ្ឌិត Richmond Stroupe ជានាយកគ្រប់គ្រងកម្មវិធីអនុបណ្ឌិតប្រចាំ Soka University នៃទីក្រុងតូក្យូ ប្រទេសជប៉ុន។

សម្រាប់សន្និសីទ CamTESOL នាឆ្នាំក្រោយនឹងធ្វើឡើងនៅខែកុម្ភៈ​ ឆ្នាំ ២០២៥ លើមូលបទ សំដៅយ៉ាង ណារៀបចំអនាគតនៃវិស័យផ្នែកបង្រៀនភាសាអង់គ្លេសដោយពឹងផ្អែកលើកិច្ចសហការរវាងគ្នា និងកិច្ច បង្កើតថ្មី ឬ Shaping the Future of ELT: Innovation, Collaboration, & Transformation។ ដូច្នេះអ្នក ជំនាញនៅក្នុងផ្នែកបង្រៀនភាសាអង់គ្លេស ឬលោកគ្រូអ្នកគ្រូអាចស្វែងយល់លម្អិតពីសន្និសីទ និង ព័ត៌មានក្នុងការចូលរួមបានតាមរយៈគេហទំព័រ៖ camtesol.org ៕