ក្រចេះ÷សមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤បានចុះបង្រ្កាបទីតាំងផលិត លក់ និងរក្សាទុកឧបករណ៍ឆក់ដ៏ធំមួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
ប្រតិបត្តិការ នេះធ្វើឡើង ដោយសមត្ថកិច្ចជំនាញអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមានការចូលរួមពីលោក សាម ណាល់ អភិបាលស្រុកស្នួល អធិការដ្ឋាននគរបាលស្រុក លោកមេឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលស្នួល និងលោកមេភូមិ បានចុះបង្ក្រាបទីតាំងផលិត ទិញ លក់ និងរក្សាទុកឧបករណ៍ឆក់មួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល។ ម្ចាស់ទីតាំងខាងលើមានឈ្មោះ សៀង សៀកត្រាយ សញ្ជាតិខ្មែរ ភេទប្រុស អាយុ៣១ឆ្នាំ។
សមត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមាន អាំងវែកទ័រឆក់ត្រីប្រភេទស្រូប និងក្តៅនាំចូលពីប្រទេសចិន ចំនួន ២២គ្រឿង អាំងវែកទ័រកែច្នៃ(ឆក់ក្តៅ)ចំនួន១៥គ្រឿង ប្រអប់ឈើសម្រាប់កែច្នៃអាំងវែកទ័រឆក់ត្រី ចំនួន២៨០ប្រអប់។
ក្រៅពីរឹបអូសវត្ថុតាងទាំងអស់ អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងលក់ឧបករណ៍ឆក់ខុសច្បាប់ ដើម្បីកសាងសំណុំឯកសារបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល៕