សេដ្ឋកិច្ច

សមាគមCTAFAបង្កើតគណៈកម្មការសម្រាប់ប្រឹក្សាយោបល់និងផ្តល់ដំណោះស្រាយ

ដោយ៖ រតនា

ភ្នំពេញ៖ សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា(CTAFA) នៅព្រឹក​​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានវ័នម៉រ ទួលគោក រាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសបង្កើតនិងតែងតាំងសមាសភាព​គណៈកម្មការប្រឹក្សាយោបល់និងផ្តល់ដំណោះស្រាយដែលហៅកាត់ថា គ.ប.ផ ជាយន្តការសម្រាប់ដឹកនាំសម្របសម្រួលនិងជួយជំរុញ​ការងារសមាគម។

លោក អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារ​កម្ពុជា(CTAFA) បានបញ្ជាក់នៅក្នុងពិធីប្រកាសបង្កើតនិងតែងតាំង​សមាសភាព​នោះថា គណៈកម្មការនេះមានតួនាទីសំខាន់ណាស់ ជាកម្លាំងចលករមួយដើម្បីជំរុញឲ្យការអនុវត្តការងារផ្តល់ប្រឹក្សាយោបល់​និងផ្តល់ដំណោះស្រាយស្របទៅតាមកម្មវិធីយុទ្ធសាស្រ្តរបស់សមាគម។

លោក អ៊ុំ សារ៉ាវុធ បានបញ្ជាក់ទៀតថាគណៈកម្មការនេះមាន​កាតព្វកិច្ចស្នូល​​គឺ​ផ្តល់ប្រឹក្សាយោបល់លើបញ្ហាប្រឈម​ដែលក្នុងនោះ​មានដូចជា៖ ទី១-កាន់កាប់បញ្ជីគណនេយ្យ, ទី២-រៀបចំរបាយការណ៍​ប្រកាសពន្ធ វិវាទពន្ធដារនិងទី៣-ដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យរងសវនកម្ម ជូនចំពោះសមាជិករបស់សមាគមនិងម្ចាស់អាជីវកម្ម។

លោកប្រធានសមាគមCTAFA បានឲ្យដឹងទៀតថា សមាសភាពរបស់ គ.ប.ផ ដែលត្រូវបានបង្កើតឡើងនាពេលនេះគឺរួមមានប្រធានមួយរូប, ទីប្រឹក្សាអម, អនុប្រធានមួយចំនួន និងសមាជិកជាច្រើនរូប។ គណៈកម្មការនេះនឹងត្រូវចាប់ផ្តើមអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ខ្លួន​ប្រកបដោយប្រសិទ្ធភាពចាប់ពីពេលនេះតទៅ។

លោក ទេព សិដ្ឋាន់ណា ប្រធានគណៈកម្មការប្រឹក្សាយោបល់និងផ្តល់​ដំណោះស្រាយ គ.ប.ផរបស់សមាគមCTAFAដែលទើបត្រូវបានតែងតាំង

លោក ទេព សិដ្ឋាន់ណា ប្រធានគណៈកម្មការប្រឹក្សាយោបល់និងផ្តល់​ដំណោះស្រាយ គ.ប.ផរបស់សមាគមCTAFAដែលទើបត្រូវបានតែងតាំង បានលើកឡើងថា គណៈកម្មការនេះគឺជាដួងព្រលឹង ដើម្បីជំរុញ​សកម្មភាពការងាររបស់សមាគមទាំងមូលឲ្យដើរឆ្ពោះទៅមុខប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។

លោកទេព សិដ្ឋាន់ណា បានរំលេចឲ្យឃើញថា គ.ប.ផ មានបេសកកម្ម​សំខាន់ខ្លាំងណាស់ក្នុងការផ្តល់ប្រឹក្សាយោបល់និងស្វែងរកដំណោះស្រាយទៅលើបញ្ហាប្រឈមមួយចំនួន។ ក្នុងនោះមានដូចជា៖ ការកាន់កាប់បញ្ជី​គណនេយ្យ, ការរៀបចំរបាយការណ៍ប្រកាសពន្ធ និងវិវាទពន្ធដារ , ការដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យរងសវនកម្ម ជូនចំពោះសមាជិករបស់​សមាគមនិងម្ចាស់អាជីវកម្មនៅកម្ពុជា។

លោកអ៊ុំ សារ៉ាវុធ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា សមាគមសហព័ន្ធ​ភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា CTAFA គឺជាសមាគមទើបតែមាន​លើកទី១នៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងតាមរយៈប្រកាស​ក្រសួងមហាផ្ទៃលេខៈ ៥៩៩៦ប្រក និងបានចុះបញ្ជី សារពើរពន្ធនៅ​អគ្គនាយកដ្ឋានពន្ធដារតាមរយៈលិខិតលេខៈ៣០០៧៣អពដ។

សមាគមនេះមានបេសកកម្ម ចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងការផ្សព្វផ្សាយអប់រំនិងការបណ្តុះបណ្តាលច្បាប់សារពើពន្ធ។ ចូលរួមលើកកម្ពស់ការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់  ធុរកិច្ចជនឲ្យបាន​ត្រឹមត្រូវនិងស្របច្បាប់។ ជាមួយនោះដែរគឺចូលរួមសហការជំរុញឲ្យមាន  វប្បធម៌ចូលរួមបង់ពន្ធជូនរដ្ឋធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើនបានឆាប់រហ័ស៕