សេដ្ឋកិច្ច

ឆ្នាំ២០២៤កម្ពុជាមានរោងចក្រធុនធ្ងន់២៤១ ដែលមានទុនជាង១៨លានដុល្លារ

ដោយ៖សិរីមតី
ភ្នំពេញ ៖ ថ្លែងក្នុងសន្និបាតនាថ្ងៃទី២០-២១ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា:វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានចាត់ទុកជាកម្លាំងចលករមួយក្នុងការជួយ​ជំរុញដល់កំណើនសេដ្ឋកិច្ច ដោយបានដើរតួនាទីយ៉ាងសំខាន់នៅ​ក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា។

វិស័យនេះបាន និងកំពុងមានការអភិវឌ្ឍឈានទៅមុខប្រកបដោយថាមវន្ត មានលក្ខណៈចម្រុះសម្បូរបែប ផ្តោតលើទំនួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ចរវាងផ្នែកកែច្នៃ នវានុវត្តន៍ កម្មន្តសាល ជាមួយវិស័យ កសិ ក ម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែង​របស់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា នៅឆ្នាំ២០២៣ មានរោងចក្រ​ធុនធ្ងន់បង្កើតថ្មីចំនួន២៤១ និងបិទទ្វារចំនួន៩៨ ពោលគឺកើនចំនួន១៤៣ រោងចក្រ (៧,២១%) ធៀបនឹងឆ្នាំ២០២២ ដែលធ្វើឱ្យចំនួនរោងចក្រធុនធ្ងន់​កំពុងដំណើរការនៅទូទាំងប្រទេសមានចំនួន ២ ១២៥ រោងចក្រ និងផ្តល់ការងារចំនួន ១ ០៤០ ៣៣៣ កន្លែង។ ទុនវិនិយោគសរុប​ក្នុងឆ្នាំ២០២៣ មានចំនួន ១៨,៥៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,២៤% ធៀបនឹងឆ្នាំ២០២២។ តម្លៃបរិមាណផលិតមានចំនួន ១៦,៣៦ ពាន់លានដុល្លារ កើនឡើង ៥៣១ លានដុល្លារ (៣,៣៥%) បើធៀបនឹងឆ្នាំ២០២២។


ឯកឧត្តម ហែម វណ្ណឌី បានមានប្រសាសន៍បញ្ជាក់ថា៖«សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថានឹងសម្រេច បានកំណើនក្នុងរង្វង់ ៦,៦% ដែលនឹងគាំទ្រដោយវិស័យសេដ្ឋកិច្ច​សំខាន់ៗមួយចំនួន ក្នុងនោះវិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្ត​និន្នាការកើនឡើងក្នុងរង្វង់ ៨.៥% ធៀបនឹងឆ្នាំ២០២៣ មានប្រមាណ ៧,៧% ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ដោយឡែកអនុវិស័យសំណង់នៅបន្តមានកំណើនទាប»។

ក្នុងការងារលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្របសម្រួលការបង្កើត​សហគ្រាសធុនតូច និងមធ្យមថ្មីចំនួន ៥ ៣២៨ និងបន្តអាជ្ញាបណ្ណ​សហគ្រាសធុនតូច និងមធ្យមចំនួន ៥ ១៥៨ នៅឆ្នាំ២០២៣។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការអភិវឌ្ឍសហគ្រិនភាព និងជំរុញបរិយាកាសអំណោយផលសម្រាប់​កំណើនអាជីវកម្ម។

ក្នុងវិស័យទឹកស្អាត ក្រសួងបានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការផលិត​ទឹកស្អាតសម្រាប់ទាំងការប្រើប្រាស់តាមលំនៅឋាន និងតាម​រោងចក្រ-សហគ្រាសនានា។ ការផលិត និងការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំង​ប្រទេសសម្រេចបានជាង ៤៦១លានម៉ែត្រគូប កើនឡើងប្រមាណ១៦%។ នៅដំណាច់ឆ្នាំ២០២៣ រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករឯកជន​បានធ្វើការតភ្ជាប់បណ្តាញទឹកស្អាតសរុបចំនួន ១ ៣០៧ ៨១០ តំណ កើនឡើង ៨,៥% បើធៀបនឹងមួយឆ្នាំមុន ហើយប្រវែងបណ្តាញផ្គត់ផ្គង់​ទឹកស្អាតបានកើនឡើង ៣ ០៦៧ គីឡូម៉ែត្រ (ឬ ១១%) ដល់ ៣០ ៣៥១ គីឡូម៉ែត្រ។ ប្រការនេះបានធ្វើឱ្យភូមិចំនួន ៦ ៥១៩ ក្នុងចំណោមតំបន់សេវា​សរុប ១០ ១៧៣ ភូមិទទួលបានទឹកស្អាតប្រើប្រាស់។

នៅក្នុងឆ្នាំ២០២៣ គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតចំនួន ៥ ត្រូវបានបញ្ចប់។ ក្នុងនោះ ២គម្រោងជាហិរញ្ញប្បទានឥតសំណង​របស់ប្រទេសជប៉ុន ដែលស្មើប្រមាណ ៥០,៧០ លានដុល្លា និងគម្រោងហិរញ្ញប្បទានសម្បទានពីដៃគូអភិវឌ្ឍន៍នានា មានចំនួន ៣ គម្រោង ស្មើប្រមាណ ៤១៤,៩០លានដុល្លារ។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រសួងបានជំរុញយ៉ាងសកម្មនូវការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមទាំងស្តង់ដារកម្ពុជា ការងារមាត្រាសាស្ត្រ និងវាយតម្លៃទទួលស្គាល់។ នៅឆ្នាំ២០២៣ ក្រសួងបានបង្កើតស្តង់ដារថ្មីចំនួន ៣៦ តាមរយៈវិទ្យាស្ថានស្តង់ដារកម្ពុជា​ដែលនាំឱ្យចំនួនស្តង់ដារកម្ពុជាសរុបកើនដល់ ១ ២១៦។ ស្តង់ដារទាំងនេះ​ផ្តល់នូវលក្ខណៈបច្ចេកទេសសម្រាប់ផលិត ផល ដំណើរការផលិតកម្ម និងសេវាកម្ម និងគាំទ្រដល់អាជីវកម្មឱ្យរីកចម្រើន ជាពិសេសបង្កើន​ប្រសិទ្ធភាពផលិតកម្ម កែលម្អគុណភាពផលិតផល ធានាសុវត្ថិភាពអ្នក​ប្រើប្រាស់ លើកកម្ពស់សុខភាពសាធារណៈ និងគាំទ្រដល់ការលើកកម្ពស់​ពាណិជ្ជកម្មក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ។

លើសពីនេះ ក្រសួងបានផ្តល់សេវាមាត្រាសាស្ត្រចំនួន ៩៦៦ សេវា ដែលគ្របដណ្តប់លើឧបករណ៍មាត្រាសាស្ត្រ និងទំនិញវេចខ្ចប់ចំនួន ៣៩ ២៣៨។ ស្ថាប័នវាយតម្លៃទទួលស្គាល់របស់ក្រសួងក៏បានបន្តដើរ​តួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកគាំទ្រពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ តាមរយៈការកាត់បន្ថយចំណាយអាជីវកម្ម កាត់បន្ថយ​របាំងបច្ចេកទេសពាណិជ្ជកម្ម និងរបាំងអនាម័យ និងភូតគាមអនាម័យ​ជាដើម៕