ព័ត៌មានជាតិ, សេដ្ឋកិច្ច

រាជរដ្ឋាភិបាលទទួលស្គាល់វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដាទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាជាផ្លូវការផ្ដោតលើជំនាញហិរញ្ញវត្ថុ ធនាគារនិងជំនាញបច្ចេកទេសឌីជីដល

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសទទួលស្គាល់វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាជាផ្លូវការ ដោយផ្ដោតលើជំនាញដែលរួមមានហិរញ្ញវត្ថុ ធនាគារនិងជំនាញបច្ចេកទេសឌីជីដល ដើម្បីចូលរួមជាមួយរដ្ឋាភិ​បាលក្នុងចក្ខុវិស័យជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាថ្នាលអប់រំធុរកិច្ចប្រកបដោយគុណភាពឈានមុខ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងថ្នាក់តំបន់។

យោងអនុក្រឹត្យលេខ ២៧ អនក្រ.បក ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទទួលស្គាល់ការប្រែក្លាយ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ដោយធ្វើការបណ្ដុះបណ្ដាលកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ។

សម្រាប់ការសិក្សាបរិញ្ញាបត្ររង មានជំនាញ ហិរញ្ញវត្ថុ និងធនាគារ ជំនាញគណនេយ្យ ជំនាញធានារ៉ាប់រង ជំនាញចលនូបត្ថម្ភជំនាញគ្រប់​គ្រង​អាហរ័ណ-នីហរ័ណ ជំនាញទីផ្សារ ជំនាញភាសាអង់គ្លេស។

ចំណែកថ្នាក់បរិញ្ញាបត្ររួមមាន ជំនាញហិរញ្ញវត្ថុ និងធនាគារ ,គណនេយ្យ,គ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង,សេដ្ឋកិច្ចពាណិជ្ជកម្ម,នីតិសាស្ត្រ,គ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ ,ពាណិជ្ជកម្មអន្តរជាតិ ទីផ្សារ,គ្រប់គ្រងធុរកិច្ច និងសហគ្រាស,បច្ចេកវិទ្យាព័ត៌មានធុរកិច្ច វិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ ,បច្ចេកវិទ្យាហិរញ្ញវត្ថុ,ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច  ការបង្រៀនភាសាអង់គ្លេស,ជំនាញភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ។

រីឯបរិញ្ញាបត្រជាន់ខ្ពស់ មានជំនាញហិរញ្ញវត្ថុ និងធនាគារ ជំនាញហិរញ្ញវត្ថុ និងជំនាញគ្រប់គ្រង។

តាមរយៈបទពិសោធន៍ជាង ៣០ឆ្នាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជាមួយនឹងបទពិសោធន៍នៃការធ្វើធុរកិច្ច ប្រកបដោយគុណភាពឈានមុខ ក្នុងយុគសម័យឌីជីថល របស់ធនាគារ អេស៊ីលីដា នឹងត្រូវចែករំលែកទៅក្នុងថ្នាលបណ្តុះបណ្តាលសម្រាប់សិស្ស-និស្សិត ធុរកិច្ចជន ឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងបណ្តាញទំនាក់ទំនងអាជីវកម្មសមស្របតាមតម្រូវការទីផ្សារការងារ និងធុរកិច្ច ដើម្បីលើកកម្ពស់ទស្សនវិស័យ អាជីពការងាររបស់សិស្ស-និស្សិត និងមានសក្ដានុពលការងារខ្ពស់បន្ទាប់ពីបញ្ចប់ការសិក្សា ព្រមទាំងភាពជាសហគ្រិនរបស់លោកអ្នក។

ថ្លែង​នៅក្នុង​ពិធី​បើក​បវេសនកាល​​ឆ្នាំថ្មី កាលពី​ថ្ងៃទី​១៩ កុម្ភៈ ២០២៤ លោកស្រី ប៊ុនតៃ សុវណ្ណនី ប្រធាន​ការិ​យាល័យ​សិក្សា និង​កិច្ច​កា​រនិស្សិតនៃសាកល​វិទ្យា​ល័យ​​ពាណិជ្ជសាស្ត្រ​អេស៊ីលីបានមានប្រសាសន៍ថា ក្នុង​​រយៈ​ពេល៨ឆ្នាំកន្លងទៅនេះ សាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា ទទួលបាននិស្សិត​ចុះឈ្មោះចូ​ល​សិក្សា​​​ចំនួន​៨ជំនាន់​ ដែលមាននិស្សិតសរុប​ចំនួន ៧ ៥១៨នាក់ គិតត្រឹមថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ។

លោកស្រីបន្តថា បច្ចុប្បន្ន​នេះ និស្សិត​កំពុង​បន្តសិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ និង​បរិញ្ញា​បត្រ​ជាន់ខ្ពស់​សរុប​ ៤ ៧៩៥នាក់ ដោយក្នុងមួយថ្ងៃ​មាននិស្សិ​ត​​ជា​ម​ធ្យ​ម​ចំនួន​២៥នាក់ ។ ដោយឡែកសម្រាប់និស្សិត​ចុះ​ឈ្មោះ​ចូលរៀន​ក្នុងឆ្នាំថ្មី ២០២៣-២០២៤ មានចំនួន ២​ ៣០៣​នាក់ ដែល​មាននិស្សិតស្រី​ ១ ៧៤៥នាក់ ។​

បើតាម​លោក​បណ្ឌិត ផុន​ ណារិន សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យ​ ពាណិជ្ជសាស្ត្រ​អេស៊ីលីដា បាន​មានប្រសាសន៍ថា ឆ្លើយតបនឹង​ការ​ជឿទុក​ចិត្តពី​សំណាក់​រាជ​រដ្ឋាភិបាល​ដែល​បានដំឡើង​គ្រឹះស្ថាន​ឧត្តម​សិ​ក្សា​​ពី​វិទ្យាស្ថានទៅជា​សាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា ​បានធ្វើការ​អភិវឌ្ឍ​កម្មវិធីសិក្សា​ឱ្យ​ទាន់​សម័យ​ជានិច្ច ជាពិសេស​កម្មវិធី​សិក្សា​បែប​ឌីជីថលតាមបែប​ច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ដើម្បីគាំទ្រ​គោល​នយោបាយ​សង្គម​និង​សេដ្ឋកិច្ច​ឌីជីថល  ដោយនឹង​ចូលរួម​ចំណែក​​អភិវឌ្ឍន៍​សង្គមឌីជីថល ដើម្បីធនធាន​មនុ​ស្ស​​​នៅកម្ពុជា ទៅធ្វើការ​នៅក្រៅប្រទេស​ក្នុង​ឋានៈ​ជាអ្នកជំនាញការដោយមិនមែនត្រឹមតែ​ជាកម្ម​ករ​នោះទេ​ ។​​

លោក​បណ្ឌិត​បន្តថា ការ​អភិវឌ្ឍ​​ធនធានមនុស្ស​មិនមែនត្រឹមតែអភិវឌ្ឍន៍​យកគុណភាព ​ឬយ​ក​ចំនួន​ឱ្យ​ច្រើន​នោះ​​ទេ គឺត្រូវ​ដើរទន្ទឹមគ្នាទាំង​ចំនួន និង​គុណភាព ហើយកាល​ណា​មានចំនួនកាន់តែច្រើន​​នឹងអាច​ចូលរួម​ក្នុង​ការអភិវឌ្ឍ​ជាមួយរដ្ឋាភិបាលនៅក្នុងវិស័យ​សេដ្ឋកិច្ច​របស់ជាតិបាន​ ។

លោក​បន្ថែមថា​ ការ​ទទួល​ស្គាល់ជា​សាកលវិទ្យា​ពីសំណាក់រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ពីសំណាក់​ស​ម្ដេ​ច​​ធិបតី ហ៊ុន ​ម៉ាណែត នឹង​ផ្ដល់ឱកាស​ឱ្យសាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រអាច​ជួយ​រដ្ឋាភិបាល​ក្នុងការ​ស​ម្រេ​ច​​បាននូវ​ចក្ខុវិស័យ​នៅឆ្នាំ២០២៣ និងឆ្នាំ២០៥០ ខណៈដែលបច្ចុប្បន្ន​នេះ សាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ីលី​ដា បានអភិវឌ្ឍន៍​ធន​ធាន​មនុស្ស​នៅមិនទាន់គ្រប់​ទៅតាមតម្រូវការ​ទីផ្សារ​ការងារ​ខាង​ក្រៅ​នោះទេ ពោលគឺ នៅតាមគ្រឹះស្ថាននានាតែ​ងតែ​ស្នើសុំ​និស្សិត​ដែលជិត​បញ្ចប់​ការសិក្សាពីសាកលវិទ្យាល័យ ដើម្បី​ចូលរួម​ក្នុងកម្មវិធី​សិក្ខា​សាលា​ការងារ និង​បំ​ពេញ​កា​រងារ​នៅក្នុងគ្រឹះស្ថាន​របស់ពួកគេ តែជាក់ស្ដែង​សាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា មិនមាននិស្សិត​គ្រប់ចំនួនទៅតាម​ការ​ស្នើ​សុំ​នោះទេ​ ៕​