អន្តរជាតិ

អ៊ុយក្រែនអះអាងថាខ្លួនបានបាញ់ពន្លិចនាវាចម្បាំងរបស់រុស្ស៊ីនៅសមុទ្រខ្មៅមួយគ្រឿង

ប្រែសម្រួល៖សហការី
កាលពីថ្ងៃពុធកងយោធាអ៊ុយក្រែនបានប្រកាសថា ខ្លួនបានប្រើយន្តហោះគ្មានមនុស្សបើកបាញ់ពន្លិច នាវាចម្បាំងរបស់រុស្ស៊ីនៅសមុទ្រខ្មៅមួយគ្រឿងដោយការអះអាងរបស់យោធាអ៊ុយក្រែននេះមិនត្រូវបានបញ្ជាក់ដោយកងកម្លាំងរុស្ស៊ីនៅឡើយទេ។

លោកនាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែនបានអះអាងថា នាវា Caesar Kunikov ត្រូវបានបាញ់ពន្លិចនៅជិត Alupka ដែលជាទីក្រុងមួយនៅប៉ែកខាងត្បូងនៃឧបទ្វីបគ្រីមៀ ដែលទីក្រុងមូស្គូបានបញ្ចូលជាឧបសម្ព័ន្ធនៅក្នុងឆ្នាំ ២០១៤។ គេបាននិយាយថានាវានេះមានផ្ទុកសមាជិកនាវិក ៨៧ នាក់។

ការបាញ់ពន្លិចនាវារបស់កងទ័ពជើងទឹករុស្សីបានក្លាយជាការវាយប្រហារដ៏អាម៉ាស់មួយទៀតសម្រាប់កងនាវាសមុទ្រខ្មៅរុស្ស៊ី និងជាជោគជ័យដ៏សំខាន់សម្រាប់អ៊ុយក្រែននៅ ១០ ថ្ងៃមុនខួបលើកទី ២ នៃការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។

អ៊ុយក្រែនបានឈានទៅរកវិធានការការពារខ្លួនក្នុងសង្រ្គាមដោយសារតែមានកង្វះខាតក្នុងការផ្គត់ផ្គង់គ្រាប់រំសេវ និងកង្វះបុគ្គលិកយោធា ប៉ុន្តែបានបន្តការវាយប្រហាររបស់ខ្លួននៅពីក្រោយខ្សែប្រយុទ្ធជួរមុខដែលមានចម្ងាយ ៩៣០ ម៉ាយ។

នេះជាលើកទីពីរហើយនៅក្នុងរយៈពេលពីរសប្តាហ៍ដែលកងកម្លាំងអ៊ុយក្រែនបាននិយាយថាពួកគេបានពន្លិចនាវារបស់កងទ័ពជើងទឹករុស្ស៊ីនៅក្នុងសមុទ្រខ្មៅ។

កាលពីសប្តាហ៍មុន ពួកគេបានចេញផ្សាយវីដេអូមួយបង្ហាញពីយន្តហោះគ្មានមនុស្សបើករបស់កងទ័ពជើងទឹក វាយប្រហារលើយន្តហោះចម្បាំងរុស្ស៊ី Ivanovets ដែលបំពាក់ដោយកាំជ្រួច។

អង្គភាពស៊ើបការណ៍យោធារបស់អ៊ុយក្រែន ដែលមានអក្សរកាត់ជាភាសាអ៊ុយក្រែនថា GUR បានអះអាងថា អង្គភាពប្រតិបត្តិការពិសេសរបស់ខ្លួន “ក្រុមទី ១៣” បានបាញ់ពន្លិចនាវា Caesar Kunikov ដោយប្រើយន្តហោះគ្មានមនុស្សបើកវាយប្រហារលើសមុទ្រ Magura V5 កាលពីថ្ងៃពុធ បានធ្វើឲ្យខូចខាតផ្នែកខាងឆ្វេងរបស់នាវានោះ។

អង្គភាពដដែលនេះក៏បានវាយប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ផងដែរ នេះបើយោងតាមមន្ត្រីអ៊ុយក្រែន។
ការវាយប្រហាររបស់អ៊ុយក្រែនលើយន្តហោះ និងនាវាចម្បាំងរុស្ស៊ីនៅសមុទ្រខ្មៅបានជួយរុញច្រានកងទ័ពជើងទឹករបស់ទីក្រុងមូស្គូឲ្យដកថយពីឆ្នេរសមុទ្រ ដោយអនុញ្ញាតឲ្យទីក្រុង Kyiv បង្កើនការនាំចេញគ្រាប់ធញ្ញជាតិ និងទំនិញសំខាន់ៗផ្សេងទៀតតាមរយៈកំពង់ផែភាគខាងត្បូងរបស់ខ្លួន។

ប្រព័ន្ធអាវុធគ្មានមនុស្សបើកជំនាន់ថ្មីបានក្លាយជាចំណុចកណ្តាលនៃសង្គ្រាមទាំងនៅលើសមុទ្រ និងនៅលើដី។
យន្តហោះគ្មានមនុស្សបើក Magura V5 ដែលមានរូបរាងដូចជាទូកល្បឿនលឿនពណ៌ខ្មៅត្រូវបានបង្ហាញខ្លួនកាលពីឆ្នាំមុន។ វាត្រូវបានគេរាយការណ៍ថាមានល្បឿនអតិបរមា ៥០ ម៉ាយក្នុងមួយម៉ោង និងទម្ងន់ ៧០០ ផោន។
យោធារុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយភ្លាមៗចំពោះការលិចនាវានោះទេដូចដែលអ៊ុយក្រែនបានអះអាងនោះទេ ដោយគ្រាន់តែនិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៦ គ្រឿងនៅលើសមុទ្រខ្មៅអស់ពេញមួយយប់។

Caesar Kunikov ដែលជានាវាចម្បាំងរុស្ស៊ីត្រូវបានគេដាក់ឈ្មោះវីរបុរសសង្គ្រាមលោកលើកទី ២ ក្នុងសម័យកាលសហភាពសូវៀតហើយបានទទួលមរណភាពនៅថ្ងៃទី ១៤ ខែកុម្ភៈគឺជាថ្ងៃ តែមួយដូចគ្នានិងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានបាញ់ពន្លិចនាវានេះ៕