អន្តរជាតិ, uncategorized

ត្រីបាឡែនយក្សដ៏ធំមួយក្បាលប្រវែង ៤៦ ហ្វីតបានងាប់នៅលើឆ្នេរ Oregon ដោយមានស្នាមរបួសជាច្រើនកន្លែង

ប្រែសម្រួល៖ ស-សម្បត្តិ
មន្ត្រីបានឲ្យដឹងថានៅក្នុងសប្តាហ៍នេះមានត្រីបាឡែនមួយក្បាលប្រវែង ៤៦ ហ្វីតបានប្រទះឃើញងាប់ អណ្តែតមកទើលើច្រាំងនៃឆ្នេរសមុទ្រ Oregon ដោយនៅលើខ្លួនរបស់វាមានស្នាមរបួសជាច្រើនកន្លែង បើតាមការស្រាវជ្រាវបានបញ្ជាក់យ៉ាងច្បាស់ថាទោះបីជាវាមានរបួសជាច្រើនកន្លែងក៏ទំនងជាមិនបណ្តាលឲ្យវាងាប់នោះទេ។

ភ្នាក់ងារគ្រប់គ្រងដែនមហាសមុទ្រ និងអាកាសធាតុថ្នាក់ជាតិបានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា សាកសពត្រីបាឡែនព្រុយមួយក្បាល ដែលជាប្រភេទជិតផុតពូជបានជាប់គឿងនៅលើឆ្នេរឧទ្យាន Sunset Beach State Park កាលពីថ្ងៃចន្ទ ខណៈដែលរូបរាងរបស់វាមានស្ថានភាព “ស្គមហើយស្លេកស្លាំង” យ៉ាងខ្លាំង។

អ្នកវិទ្យាសាស្ត្រជឿថា ត្រីបាឡែនជំទង់ឈ្មោលទំនងជាស្លាប់ដោយសារជំងឺក្នុងខ្លួនរបស់វាការធ្វើតេស្តបន្ថែមត្រូវទាមទារឲ្យមានការបញ្ជាក់ថាតើជំងឺអ្វីដែលបានសម្លាប់ត្រីបាឡែន។

ភ្នាក់ងារ NOAA បាននិយាយថា “ត្រីបាឡែនបានអណ្តែតមកទើលើច្រាំងសមុទ្រ ហើយជាប់គឿងដោយមានស្នាមរបួសដែលបណ្តាលមកពីការកកិតនិងឆ្នេរខ្សាច់” ។ “ក្រុមនេះក៏បានកត់ត្រាមុខរបួសរបស់ត្រីបាឡែនប្រភេទ ‘ rake marks “។

ពីដំបូងត្រីបាឡែនបានអណ្តែតមកទើលើឆ្នេរកាលពីថ្ងៃចន្ទ ភ្នាក់ងារ NOAA បានក្រើនរំលឹកអ្នកធ្វើដំណើរកុំឲ្យប៉ះពាល់វា។ទីភ្នាក់ងារនេះបាននិយាយថា “វាក៏ជាឱកាសដ៏ល្អមួយសម្រាប់យើងដើម្បីសិក្សាពីអ្វីដែលបានកើតឡើងចំពោះប្រភេទសត្វដែលជិតផុតពូជគឺយើងនឹងពិនិត្យមើលគ្រោងឆ្អឹងរបស់វាថាតើមានអន្តរកម្មដូចម្តេចដែលទាក់ទងជាមួយនឹងគ្រោងឆ្អឹងដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់វា”។

ភ្នាក់ងារ Seaside Aquarium បានប្រាប់អ្នកយកព័ត៌មាន oregonlive.com ថាកាលពីថ្ងៃអង្គារពួកគេបានបាញ់ឧស្ម័នដើម្បីបំបាត់ខ្លិនស្អុយរបស់ត្រីបាឡែនដែលសាច់វាចាប់ផ្តើមហើមរលួយដើម្បីទប់ស្កាត់ការស្អុយរលួយខ្លាំងហើយជះក្លិនពាសពេញទីនោះ។ ត្រីបាឡែននៅនឹងមួយកន្លែងគឺវាល្អសម្រាប់បរិស្ថានដែលនៅជុំវិញទីនោះ។លោកស្រី Tiffany Boothe អ្នកនាំពាក្យរបស់ Seaside Aquariumបានប្រាប់ថា៖ “បើស្តាប់ទៅគឺវាចម្លែក ប៉ុន្តែវាជាការជំរុញសារធាតុចិញ្ចឹមដ៏អស្ចារ្យមួយ” គឺថា “វាបានផ្តល់អាហារជាច្រើនដល់ពពួកសត្វឥន្ទ្រី”។

លោកស្រីក៏បានដាស់តឿនអ្នកធ្វើដំណើរតាមឆ្នេរសមុទ្រឲ្យជៀសវាងការប៉ះពាល់វា ដើម្បីជៀសវាងការឆ្លងជំងឺផ្សេងៗដែលត្រីបាឡែនមានផ្ទុកនៅក្នុងខ្លួនរបស់វា។

ត្រីបាឡែនព្រុយគឺជាត្រីដំបូងគេដែលបានជាប់គាំងនៅលើឆ្នេរសមុទ្រ Oregon ក្នុងរយៈពេលយ៉ាងហោចណាស់ ១០ ឆ្នាំកន្លងមក លោក Michael Milstein អ្នកនាំពាក្យ NOAA បានប្រាប់អ្នយកព័ត៌មាន oregonlive.com យ៉ាងដូច្នេះ៕