កម្សាន្ដ

កូនកំលោះក្រមុំជនជាតិថៃមួយគូបានរៀបការនៅលើខ្នងដំរីក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់

ប្រែសម្រួល៖ ស-សម្បត្តិ
ព័ត៌មាន Reutersបាន រាយការណ៏ពីប្រទេសថៃក្នុងខេត្ត CHONBURI នៅថ្ងៃទី ១៤ ខែកុម្ភៈ ភាពពេញនិយមដ៏យូរអង្វែងមកហើយនៅក្នុងប្រទេសថៃសម្រាប់សត្វដំរីធ្វើឲ្យគូស្វាមីភរិយាដែលជាជនជាតិថៃបានសម្រេចចិត្តស្លៀកសំលៀកបំពាក់ប្រពៃណីរៀបចំមង្គលការដ៏ធំមួយនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះនៅលើខ្នងដំរីហើយស្បថសច្ចាថាស្រឡាញ់គ្នាអស់មួយជីវិតដែលជាការបង្ហាញនូវទំនៀមទំលាប់ប្រពៃណីពីបុរាណ។

កូនក្រមុំឈ្មោះ Narumon Komgpanoy អាយុ ៣៦ ឆ្នាំបានប្រាប់ថា “ពិធីនេះគឺពិសិដ្ឋអស្ចារ្យក្រៃលែងដែលធ្វើឲ្យមនុស្សគ្រប់គ្នាចង់រៀបការនៅលើខ្នងដំរី” ។

នាងបន្តថា៖ “យើងចាត់ទុកដំរីដូចជាសាច់ញាតិនៅក្នុងគ្រួសាររបស់យើងហើយក៏ជានិមិត្តរូបមួយនៃភាពស៊ីវិល័យរបស់ជាតិថៃយើង”។

ក្បួនដង្ហែគូស្វាមីភរិយារួមទាំងអ្នកកំដផងមានចំនួនប្រាំបួននាក់ជិះនៅលើខ្នងដំរីដើរយឺតៗឆ្លងកាត់សួនត្រូពិច Nong Nooch ក្នុងខេត្តឈុនបុរីនៅភាគខាងត្បូងនៃរាជធានីបាងកកអស់ពេលពីរម៉ោង។
ថែមទាំងមានអ្នករាំស្លៀកឈុតប្រពៃណីនាំមុខក្បួនដង្ហែគូស្វាមីភរិយាទាំងពីរជិះលើខ្នងដំរីទៅកាន់ សាលាស្រុក ហើយមន្ត្រីសាលាស្រុកក៏ឡើងទៅអង្គុយលើខ្នងដំរីដើម្បីឲ្យគូស្វាមីភរិយាទាំងពីរចុះហត្ថលេខាលើច្បាប់អាពាហ៍ពិពាហ៍។

ដំរីជាសត្វតំណាងឲ្យជាតិរបស់ប្រទេសថៃ ហើយជានិមិត្តរូបនៃលាភសំណាងដែលត្រូវបានគេកំណត់យកធ្វើជានិមិត្តរូបតំណាងឲ្យជាតិរបស់ប្រទេសថៃ៕
ប្រភព៖ Reuters