ព័ត៌មានជាតិ

ទិវានៃក្តីស្រឡាញ់៖មជ្ឈមណ្ឌលជាតិផ្តល់ឈាម និង វីតាល់-មូលនិធិ២៥រៀល រៀបចំកម្មវិធីទទួលអំណោយឈាមចែករំលែកក្តីស្រឡាញ់

ភ្នំពេញ៖ ថ្ងៃទី១៤ ខែកុម្ភៈជាទិវានៃក្តីស្រឡាញ់។ក្នុងឱកាសនៃពិធីបុណ្យនេះមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានសហការជាមួយវីតាល់និងមូលនិធិ២៥រៀល បានបង្កើតកម្មវិធីបរិច្ចាគឈាមមួយ ក្រោមប្រធានបទ”ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់”នៅបរិវេណ មជ្ឈ​មណ្ឌលជាតិផ្ដល់ឈាម។

ព្រឹត្តិការណ៍បរិច្ចាគឈាមនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួបជុំអ្នកស្ម័គ្រចិត្តពីគ្រប់ស្រទាប់វណ្ណៈនិងទិសទី រួមគ្នាផ្តល់អំណោយឈាម ក្នុងថ្ងៃទិវានៃ​ក្តី​ស្រលាញ់ ដោយផ្សាភ្ជាប់អត្ថន័យនៃការចែករំលែកសេចក្តីស្រលាញ់ និងអំពើល្អ ជូនចំពោះខ្លួនឯង ជូនមនុស្សជាទីស្រលាញ់ និងមនុស្សជុំវិញខ្លួន តាម​រយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងចេញពីបេះដូងពោរពេញដោយមនោសញ្ចេតនា និងសាមគ្គីភាព ។

អញ្ជើញចូលរួមក្នុងកម្មវិធីបរិច្ចាគឈាមនេះ រួមមានឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឯកឧត្តមហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា,ឯកឧត្តម វេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាតំណា​ង​ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល,លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ចក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់)។ជាពិសេស មានការចូលរួមពីអ្នកស្ម័គ្រចិត្តនិងសប្បុរសជនប្រមាណ៤០០នាក់ដែលមកពីមជ្ឈដ្ឋានសិស្ស,និស្សិត,យុវជនកាកបាទក្រហម,សប្បុរសជន,បុគ្គលិកវីតាល់ មីជាតិ ភោជ​នី​យដ្ឋានវ័នម៉រ, មន្ត្រីរាជការ ក្រសួងស្ថាប័ននានា។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងថា៖កម្មវិធី« ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់ » នេះ មានគោលបំណងសំខាន់២គឺ៖ទី១-ដើម្បីបង្កលក្ខណៈឲ្យយុវជន យុវនារី ប្រជាជនទូទៅចែករំលែកក្តីស្រឡាញ់របស់គាត់ដោយចូលរួមបរិច្ចាគឈាមជួយដល់ជនរងគ្រោះដែលត្រូវការឈាមនិង​ទី២-ដើម្បីអំពាវនាវឲ្យគ្រប់អង្គភាព ស្ថាប័ន វិស័យឯកជន អង្គការជាតិ និងអន្តរជាតិចូលរួមចំណែកក្នុងភាពជាដៃគូជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីជំរុញលើកកម្ពស់ការបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត។

លោកវេជ្ជបណ្ឌិត បានរំលឹកថា៖មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានកក់ត្រាទុកនូវព្រឹត្តិការណ៍មួយនេះដែលបានរៀបចំដំបូង ឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដមវេជ្ជបណ្ឌិត ហុក គឹមចេង ជាអតីតប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។

ក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត បានជម្រាបជូននូវស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២៣កន្លងមកនេះចំនួនអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ដមានតែ០.៨៤​%​ ប្រៀបធៀបជាមួយប្រជានជនសរុប១៧លាននាក់ក្នុងប្រទេសកម្ពុជា។យើងត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៦នាទីម្តង។តម្រូវ​កា​រឈាមប្រចាំថ្ងៃ សរុបមាន៣០០ ទៅ ៣៥០ ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានចំនួន១៤៣,១៤៣ប្លោក ដែលលើសពីឆ្នាំមុនៗ២០% ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលឈាមតាមរយៈសប្បុរសជនដោយមិនគិតកម្រៃនិងដោយស្ម័គ្រចិត្តឆ្លើយតបបានប្រហែល១៩.៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈ ដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី៩០%នៃតម្រូវការ ។

លោកបានបន្ថែមថា៖ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធីឯ.ក បានឧបត្ថម្ភរៀបចំកម្មវិធីនាថ្ងៃនេះ ថែមទាំងសម្ភារៈផ្សេងៗ ដែលជាដៃគូសហការអស់រយៈពេលជាង​១០​ឆ្នាំកន្លងមក។ ទោះបីជាប្រទេសកម្ពុជាជួបនូវវិបត្ដិកូវីដ១៩ ក៏វត្ដមានរបស់ក្រុមហ៊ុន តែងតែជួយឧបត្ថម្ភរៀបចំកម្មវិធីបរិច្ចាគឈាម និង ជួយឧត្ថម្ភនូវម៉ាស៊ីនចាប់លេខ ក្នុងការជួយសម្រួលដល់ដំណើរការបរិច្ចាគឈាម និង សម្រួលដល់ផលលំបាករបស់ប្រជាជនដែលមករង់ចាំបរិច្ចាគឈាមកន្លងមកនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។

ឯកឧត្តម ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា៖ចលនានៃការចូលរួមរបស់ បងប្អូន សិស្ស និស្សិត បុគ្គលិក ក្រុមហ៊ុន មន្រ្ដីរាជការ ក្នុងសកម្មភាពបរិច្ចាគឈាមគឺជាកាយវិការសប្បុរសធម៌ដ៏ល្អប្រពៃមួយដែលយើងគ្រប់គ្នាយកថ្ងៃបុណ្យនៃក្ដីស្រលាញ់ ដោយចែករំលែកក្ដីស្រលាញ់ទៅនឹងការ​ជួយ​សង្គ្រោះជីវិតអ្នកជំងឺដែលកំពុងសម្រាកព្យាបាល។ជាការពិតណាស់ ការផ្ដល់ឈាមដោយស្ម័គ្រចិត្ដ មិនគិតកម្រៃ ជាការធ្វើអំពើល្អ សាងនូវកុសលបុណ្យ​ល្អៗ ដែលយើងបានធ្វើចេញពីបេះដូងពិតរបស់យើងក្នុងការរួមចំណែកសង្គ្រោះជីវិតអ្នកជំងឺ និង ចូលរួមលុបបំបាត់នូវចំណុចអសកម្មនានា ដែលបណ្តាលមកពីកង្វះ​ខាតនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ ក្នុងករណីមានកង្វះឈាម អាចមានជនឱកាសនិយមមួយចំនួនតូច ឆ្លៀតឱកាសប្រព្រឹត្តអំពើអសកម្មលើការផ្គត់ផ្គង់ឈាមដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺដែលជាហានិភ័យដល់សុវត្ថិភាពនៃការបរិច្ចាគឈាមសម្រាប់អ្នកផ្តល់ និងអ្នកទទួលឈាម។ដូចនេះ ចលនានៃការចូលរួមផ្ដល់ឈាមដោយស្ម័គ្រចិត្ដ មិនគិតកម្រៃរបស់បងប្អូនយុវជនបានបង្កើតជាវប្បធម៌ដ៏ល្អប្រពៃសម្រាប់សង្គមរបស់យើង មានន័យថា ឈាមបានផ្សារភ្ជាប់ ជីវិត និងសេចក្ដីស្រលាញ់របស់យើងផងដែរ។

ក្រសួងសុខាភិបាលមានមោទនភាព ដោយមានការចូលរួមសហការយ៉ាងសកម្មពីសំណាក់ដៃគូពាក់ព័ន្ធនានា ដូចជាមជ្ឈមណ្ឌលជាតិផ្តល់ឈាម អង្គការសុខភាពពិភពលោកទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសុខា​ភិ​បា​ល​ ក្លឹបនៃក្តីស្រលាញ់ ក្រុមហ៊ុន One Fraternity ទឹកបរិសុទ្ធវីតាល់ មីជាតិ ក្នុងការចូលរួមជាគំនិត យោបល់ និងសកម្មភាពដ៏ថ្លៃថ្លា នូវរាល់ពិធីបរិច្ចាគឈាម។  នេះឆ្លុះបញ្ចាំងអំពីចំណងសាមគ្គីភាព និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមកដើម្បីការរីកចម្រើនក្នុងសង្គមកម្ពុជាយើង។

ជួសមុខឱ្យអ្នកជំងឺកម្ពុជាទាំងអស់ ឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃរបស់សប្បុរស​ជន​ទាំងឡាយ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ហើយវាជាភារកិច្ចរបស់យើង និងដើម្បីប្រជាជនយើងទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមក្រសួងសុខាភិបាល និង ក្នុងនាមខ្លួនលោកផ្ទាល់,លោកសូមសម្ដែងនូវអំណរគុណ និងសូមកោតសរសើរ ចំពោះ ក្រុមហ៊ុន One Fraternity Co. LTD ក្នុងនាមជាវិស័យឯកជន ដែលតែងតែឧបត្ថម្ភគាំទ្រ និង កិច្ចសហប្រតិបត្ដិការល្អ ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នូវគ្រប់កម្មវិធីបរិច្ចាគ​ឈាម។សូមលើកទឹកចិត្តដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយ  ក្រុមហ៊ុន One Fraternity Co. LTD  បន្តទៀតនៅឆ្នាំក្រោយៗ ដើម្បីបន្តរៀបចំចលនានៃការទទួលអំណោយឈាមពីសប្បុរសជនឱ្យបានទៀតទាត់ជារៀងរាល់ឆ្នាំ។

ឯកឧត្តម សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុង​ការរៀបចំកម្មវិធីបរិច្ចាគឈាមនាថ្ងៃនេះឡើងក្នុងគោលបំណងជួយជំរុញចលនាបរិច្ចាគឈាមស្ម័គ្រចិត្តឲ្យកាន់តែមានចំនួនច្រើនឡើង ដើម្បីបំពេញតម្រូវ​កា​រ​ឈាម និងការជួយសង្គ្រោះដល់អាយុជីវិត ប្រជាពលរដ្ឋត្រូវការឈាមជាបន្ទាន់ ដើម្បីជួយស្រោចស្រង់អាយុជីវិត។ ក្នុងឆន្ទៈមនុស្សធម៌ដ៏ឧត្តុង្គឧត្ដមដូចគ្នានេះហើយ សហភាពសហព័ន្ធ យុវជនកម្ពុជា បានជំរុញ និងលើកទឹកចិត្ត ដល់ការបរិច្ចាគឈាមជាបន្តបន្ទាប់ នៅតាមបណ្តារាជធានី-ខេត្ត ក្រសួង-ស្ថាប័ន ដែលធ្វើឲ្យសកម្មភាពបរិច្ចាគ ឈាមបានក្លាយជាបេសកកម្មដ៏សំខាន់សម្រាប់សមាជិក សមាជិកាទូទាំងប្រទេស។ ក្រៅពីការរៀបចំការបរិច្ចាគឈាមជាប្រចាំនៅតាមបណ្តារាជធានី-ខេត្ត សហភាព សហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមគំនិត បំផុសស្មារតីយល់ដឹង អប់រំ និង ផ្សព្វ​ផ្សាយ តាមរយៈការបង្កើតឲ្យមានកម្មវិធីផ្ដល់​ឈាមជាច្រើនទម្រង់ និង អនុវត្តនៅទូទាំងប្រទេស ដើម្បីចូលរួមចំណែកស្វែងរកការផ្ដល់ឈាមដោយ ស្ម័គ្រចិត្តរបស់យុវជន និងប្រជាពលរដ្ឋនៅទូទៅប្រទេស មានដូចជាយុទ្ធនាការ ឈាម ១០០០ លីត, ធនាគារឈាម, «ក្លឹបនៃក្តីស្រឡាញ់» (The Love Club) និងសកម្មភាពផ្សេងៗទៀត។

លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖ក្នុងនាម វីតាល់ និងក្នុងនាមខ្លួនលោកផ្ទាល់, លោកសម្តែងនូវការ កោតសសើរជូនចំពោះថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដែលផ្តួចផ្តើមឱ្យមានការរៀបចំកម្មវិធីនេះយ៉ាងទៀតទាត់និងរៀងរាល់ឆ្នាំដើម្បីជាលទ្ធភាព និងឱកាសនៃការជួបជុំអ្នកស្ម័គ្រចិត្ត ក្នុងការផ្តល់អំណោយឈាម និងអត្ថន័យនៃការចែករំលែកសេចក្តីស្រលាញ់ ជូនខ្លួនឯង ជូនមនុស្សជាទីស្រលាញ់ និងមនុស្សជុំវិញខ្លួន! ។

ការជួបជុំរបស់យើងនាពេលនេះត្រូវបានរៀបចំឡើងយ៉ាងសប្បាយរីករាយ អធិកអធម ពោរពេញដោយស្នាមញញឹម ក្រោមដំបូលសន្តិភាព ដែលនេះបានផ្តល់នូវលក្ខណៈអំណោយផល ដល់ការ វិនិយោគ រកទទួលទាន ប្រកបដោយសុដុមរមនា និងវឌ្ឍនភាពល្អប្រសើរ។ ជាមួយគ្នានេះ យើងទាំងអស់បានទទួលស្គាល់ និងចង់ចាំពុំដែលភ្លេចពីការចូលរួមបំពេញបន្ថែមនូវស្តុកឈាមសុវត្ថិភាពដើម្បីធានាដល់ការប្រើប្រាស់ជាចាំបាច់របស់អ្នកជំងឺ និងអ្នកមានតម្រូវការឈាម ព្រោះ​យើងទាំងអស់គ្នាបានដឹងរួចមកហើយ ឈាមនៅតែពុំទាន់អាចផលិតបានដោយរោងចក្រនោះទេ ប្រភពតែមួយគត់ ដែលសុវត្ថិភាព និងមានប្រសិទ្ធភាពគឺការបរិច្ចាគដោយស្ម័គ្រចិត្តពីយើងទាំងអស់គ្នា។

លោកបានលើកឡើងថា៖ វីតាល់គឺជាផលិតផលទឹកពិសាថ្នាក់ជាតិ ដែលឈានមុខគេនៅនៅកម្ពុជា ដោយសារតែវីតាល់ បានយកចិត្តទុកដាក់ខ្ពស់បំផុត ទៅ​លើគុណភាព ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ ISO និងប្រព័ន្ធប្រតិបត្តិការ ស្តង់ដារអន្តរជាតិ ពីចក្រភពអង់គ្លេស ស្របជាមួយទំនួលខុសត្រូវចំពោះការងារសង្គម (CSR) ដែល វីតាល់ បានចូលរួមយ៉ាង សស្រាក់សស្រាំ ជាមួយសកម្មភាពសង្គម និងសប្បុរសធម៌នានា សម្រាប់ជាគុណប្រយោជន៏ជូនសង្គមជាតិ និងដល់អតិថិជនរបស់យើង។

ក្រៅពីផ្តល់ជូននូវទឹកពិសា ដែលមានគុណភាព, សុវត្ថិភាព, និងអនាម័យខ្ពស់ប៉ុណ្ណោះទេ វីតាល់ បានការចូលរួមយ៉ាងសកម្មភាព ក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) អាចនិយាយបានថារាល់ខែ វីតាល់ បានរៀបចំឱ្យមានកម្មវិធី CSR និងកម្មវិធីផ្សេងៗ ក្នុងទម្រង់ជាការឧបត្ថម្ភ និងរៀបចំដោយខ្លួនឯង យ៉ាងទៀតទាល់ និងបុព្វហេតុ៤ចំបង រួមមាន៖ វិស័យអប់រំ, បរិស្ថាន, សុខាភិបាល-កីឡា និងសង្គម វប្បធម៍ ដែលនេះជាសសរស្តុម្ភ របស់វីតាល់ ។ ជាមួយគ្នានេះ ការរៀបចំកម្មវិធីបរិច្ចាគឈាមដោយខ្លួនឯង និងជាមួយដៃគូ វីតាល់បានរៀបចំឱ្យមាននូវកញ្ចប់បុរេប្រទាន ជាប្រចាំសម្រាប់ការអនុវត្តគម្រោង និងកិច្ចការទាំងអស់នេះ។ មូលនិធិទាំងអស់នោះ កើតចេញពីការបរិច្ចាគរបស់អ្នកទាំងអស់គ្នាដោយផ្ទាល់ តាមរយៈការប្រើប្រាស់ វីតាល់ ដោយក្នុង ១ដប លោកអ្នកបានបរិច្ចាគ ២៥៛ ជូនមូលនិធិសម្រាប់ជាមូលធន ក្នុងការអនុវត្តសកម្មភាព CSR របស់យើងខ្ញុំទាំងអស់គ្នា ។

ឈរលើមូលដ្នាននេះ, ក្រុមការងារ វីតាល់ បានខិតខំយ៉ាងសកម្ម ក្នុងការបំពេញបន្ថែមនូវសកម្មភាពការងារជាច្រើន តាមរយៈសកម្មភាពរៀបចំដោយខ្លួនឯង និងសកម្មភាពនានា ជាមួយដៃគូអភិវឌ្ឍន៍លើគ្រប់វិស័យ។ តួយ៉ាងដូចអ្វីដែលបានកំពុងរៀបចំនាពេលនេះ គឺកើតឡើងពីបូរេប្រទាន នៃមូលនិធិ ដែលបានជម្រុញឱ្យ វីតាល់ បន្តចូលរួម ឧបត្ថម្ភគាំទ្រ ដល់ការបង្កើតអោយមានគម្រោងថ្មីៗ ក្នុងការចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងកម្មវិធីផ្តល់អំណោយឈាម ដោយស្ម័គ្រចិត្ដ ពីសប្បុរសជននានាគ្រប់ស្រទាប់វណ្ណៈ ៕