សេដ្ឋកិច្ច

ខែមករាកម្ពុជានាំចេញអង្ករជាង៤ម៉ឺនតោន

ដោយ៖សិរីមតី

ភ្នំពេញ៖សេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា៖ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦ ២២១ តោន គិតជាទឹកប្រាក់ចំនួន ៣២.៦២លានដុល្លារ សហរដ្ឋអាមេរិក។ ក្រុមហ៊ុនចំនួន៣២ បាននាំចេញអង្ករទៅកាន់គោលដៅចំនួន៤២។

បរិមាណអង្ករចំនួន ២៥០០៥ តោន គិតជាទឹកប្រាក់ចំនួន ១៨.៨៥លានដុល្លារសហរដ្ឋអាមេរិក បានត្រូវនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ ។នាំចេញទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៥ប្រទេសបានបរិមាណ ចំនួន ១១៩៩៩តោន គិតជាទឹកប្រាក់ ៨.៣០លានដុល្លារសហរដ្ឋអាមេរិក។នាំចេញទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ៥ ១៧១ តោន គិតជាទឹកប្រាក់ ២.៩៣លានដុល្លារសហរដ្ឋអាមេរិកព្រមទាំងទៅកាន់គោលដៅ១៣ផ្សេងទៀតដូចជា៖ អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន បានចំនួន ៤ ០៤៦ តោន គិតជាទឹកប្រាក់ចំនួន ២.៥៥លានដុល្លារសហរដ្ឋអាមេរិក។


ចំពោះប្រភេទអង្ករបាននាំចេញអង្ករក្រអូបចំនួន ៧៩.៣៣% ប្រភេទអង្ករស ធម្មតា ១៤.៨៤% អង្ករចំហុយ ៣.១៧ % និង អង្ករសរីរាង្គចំនួន ២.៦៦%។

នៅខែមករា ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៥៨៨ ៨១៤ តោន ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង១៨៤ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៤៧% បាននាំចេញដោយឆ្លងកាត់ការស្នើសុំ ការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕