កម្សាន្ដ

ម្ចាស់អាហារដ្ឋានហ៊ងឃាងដងព្រែកបានកែច្នៃចម្ការទុរេនឲ្យក្លាយជាទីកម្សាន្តដ៏ទាក់ទាញ

ដោយ៖កំចាយ

កំពត÷ម្ចាស់មណ្ឌលកម្សាន្តមួយក្នុងចំណោមទីទទួលភ្ញៀវរាប់សិបកន្លែងនៃបណ្តុំតំបន់ទេសចរណ៍ទឹកឈូស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាងបានកែច្នៃចម្ការទុរេនរបស់ខ្លួនឲ្យកាន់តែមានភាពទាក់ទាញសម្រាប់ទេសចរជិតឆ្ងាយ។

អ្នកស្រី លឹម ម៉េងហ៊័ង ម្ចាស់កន្លែងកម្សាន្ត និងអាហារដ្ឋានហ៊ង ឃាងដងព្រែកមានទីតាំងជាប់ព្រែកកំចាយដែលទទួលទឹកហូរធ្លាក់មកពីដងជ្រោះទឹកឈូ បានរៀបរាប់ថា៖ មកដល់ពេលនេះ ទុរេនរបស់អ្នកស្រីដែលបាន និងធ្លាប់ផ្លែមានប្រមាណជាង​៣០០ដើម ខណ:ដែលដើមទើបនឹងរៀនផ្កាជាច្រើនទៀត។ ក្រៅពីទុរេន ក៏នៅមានដំណាំហូបផ្លែបន្ទាប់សន្សំមួយចំនួន ដូចជា សាវម៉ាវ មង្ឃុត ត្របែកជាដើម។ ម្ចាស់ចម្ការដដែលបានបន្តថា កន្លងទៅ ដោយមើលឃើញពីសក្តានុពលផ្នែកទេសចរណ៍​ក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាងនេះ អ្នកស្រីបានបង្កើតជាខ្ចូស​លក់ម្ហូបអាហារ ផ្លែឈើដែលដាំដុះដោយខ្លួនឯង។ ក្រោយមក​ក៏បានកែច្នៃដោយពង្រីក និងបង្កើនសេវាកម្មផ្សេងៗនៅក្នុងចម្ការ​កាន់​តែជាច្រើនទៀត។

អ្នកស្រី លឹម ម៉េងហ៊័ង បានបញ្ជាក់ថា ការច្នៃប្រឌិដ្ឋបង្កើតជាកន្លែង​ផ្តល់សេវាទេសចរណ៍នៅក្នុងចម្ការទុរេនបានធ្វើឲ្យអ្នកស្រីអាចរកប្រាក់ចំណូលបន្ថែមផង និងងាយស្រួលលក់ផលិតផល​នៅនឹងកន្លែងផង។ ការស្នាក់នៅ ម្ហូបអាហារ ឬផ្លែឈើគ្រប់ប្រភេទ​គឺធានាគុណភាព និងមិនដំឡើងថ្លៃនោះទេទោះក្នុងឱកាស​បុណ្យទានក្តីផ្សេងៗ។ ម្ហូបដែលភ្ញៀវនិយមចូលចិត្តសម្រាប់​អាហារដ្ឋាន ហ៊ង ឃាង គឺមាន់ដុតបាយដំណើបដែលភ្ញៀវ​ភាគច្រើនតែងតែកុម្ម៉ង់ពិសា។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ថា មន្ទីរជំនាញបានជំរុញ និងលើកទឹកចិត្តបងប្អូន​ប្រជាពលរដ្ឋនៅតំបន់ទឹកឈូឲ្យរៀបចំសេវាទេសចរណ៍ផ្សេងៗ​បន្ថែមលើការធ្វើចម្ការដើម្បីទាញយកប្រយោជន៍ពីវិស័យ​ទេសចរណ៍។ ក្រុមការងាររបស់មន្ទីរតែងបានចុះណែនាំ និងបើកវគ្គបណ្តុះបណ្តាលខ្លីៗបំណងលើកកម្ពស់គុណភាព​សេវាកម្ម ពិសេសក្រើនរម្លឹកអំពីការថែរក្សាអនាម័យបរិស្ថាន​ឲ្យកាន់តែល្អប្រសើរ។

លោកប្រធានមន្ទីរបានបន្តថា ការច្នៃប្រឌិដ្ឋបង្កើតកន្លែងកម្សាន្ត​ងនេះបានលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពតឲ្យកាន់តែទាក់ទាញ និងសម្បូរបែបថែម​ទៀត៕