សេដ្ឋកិច្ច

ជប៉ុនផ្តល់ថវិកាជាង១៩ម៉ឺនដុល្លារអាមេរិកសម្រាប់ការផ្តល់ឧបករណ៍ដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងការសាងសង់អគារថ្មីនៅមណ្ឌលសុខភាព

ដោយៈសិរីមតី

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ១៩៧,៧៨៥ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់​គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) ។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៨ខែកុម្ភៈ  ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយចំនួនពីរ ។

ថវិកាចំនួន៧១,១៣៧ ដុល្លារអាមេរិកបានត្រូវផ្តល់ទៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាបសម្រាប់គម្រោងផ្តល់ម៉ាស៊ីនផលិតជើងសិប្បនិម្មិតនិងឧបករណ៍ព្យាបាលដោយចលនា។ថវិកាជំនួយនេះ នឹងត្រូវប្រើប្រាស់សម្រាប់តម្លើងឧបករណ៍ផលិតជើងសិប្បនិម្មិត និងស្តារលទ្ធភាពពលកម្ម ចំនួន១២ប្រភេទ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ក្នុងខេត្ត សៀមរាប។ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា បាននិងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា ការខូតខាតនៃឧបករណ៍ ដែលចាំបាច់សម្រាប់ផលិតជើងសិប្បនិម្មិត និងរណប ក៏ដូចជាកង្វះឧបករណ៍ស្តារលទ្ធភាពពលកម្ម។ កត្តាទាំងនេះ នាំឱ្យអ្នកជំងឺត្រូវរង់ចាំយូរ និងសេវាព្យាបាលដោយចលនាមានកម្រិត។ ជាមួយនឹងឧបករណ៍ ក៏ដូចជាសេវាកម្មដែលប្រសើរឡើង គម្រោងនេះត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺប្រហែល៩៥០នាក់ ក្នុងមួយឆ្នាំ។

ចំណែកថវិកាចំនួន ១២៦,៦៤៨ ដុល្លារអាមេរិកបានត្រូវផ្តល់ជូនទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារសម្រាប់គម្រោងសាងសង់អគារមន្ទីរពេទ្យថ្មី នៅមណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារ ។ថវិកាជំនួយនេះ នឹងត្រូវប្រើប្រាស់ក្នុងការសាងសង់អគារមន្ទីរពេទ្យថ្មីមួយ ដែលមានចំនួន១៣បន្ទប់ និងបង្គន់អនាម័យចំនួន៤ នៅមណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារ។ អគារចំបងនៃមណ្ឌលសុខភាពនេះ ត្រូវបានសាងសង់ក្នុងកំឡុងឆ្នាំ១៩៦០ ហើយបាននិងកំពុងប្រឈមមុខនឹងបញ្ហាដូចជា ការលេចធ្លាយទឹក ស្នាមប្រេះ និងប្រហោង ដែលនាំឱ្យអ្នកជំងឺ និងបុគ្គលិកស្ថិតក្នុងស្ថានភាពមិនមានសុវត្ថិភាព។ គម្រោងនេះ ត្រូវបានគេរំពឹងថានឹងធានាបាននូវសុវត្ថិភាពសម្រាប់អ្នកជំងឺ និងបុគ្គលិក ហើយផ្តល់អត្ថប្រយោជន៍ដល់មនុស្សប្រហែល៨៤០០នាក់ ដែលមកទទួលសេវាមណ្ឌលសុខភាពនេះជារៀងរាល់ឆ្នាំ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមពីលើកម្ចីខ្នាតធំ និងគម្រោងជំនួយឥតសំណងផ្សេងៗ រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងនេះនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលកំពុងអនុវត្តគម្រោង។ គូសាណូណិ មានន័យថា “ឬសស្មៅ” ក្នុងភាសាជប៉ុន។ នៅក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុន បានចូលរួមចំណែកក្នុងគម្រោងចំនួន ៦៨៩ នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងគូសាណូណិ។ យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន។ជប៉ុន នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង ជំនួយគូសាណូណិ ផងដែរ។

គួររំលឹកថា៖ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៩លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋា​ភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៨៩គម្រោង នៅទូទាំងប្រទេសកម្ពុជា៕