សេដ្ឋកិច្ច

ក្រសួងយុតិ្តធម៌ និងធនាគារ អេស៊ីលីដា ចុះ MoUស្តីពីការប្រើប្រាស់សេវាកម្មធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ប្រតិបត្តិការទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោស តាមប្រព័ន្ធអេឡិចត្រូនិក

ដោយៈសិរីមតី

ភ្នំពេញ៖ ធនាគា អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ដែលជាធនាគារពាណិជ្ជទីមួយបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា៖ ធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងយុតិ្តធម៌ ស្តីពីការប្រើប្រាស់សេវាកម្មធនាគារ អេស៊ីលីដា សម្រាប់ប្រតិបត្តិការទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោសតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) ដើម្បីសម្រួលដល់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋាន ដែលមានតម្រូវការស្នើសុំព្រឹត្តបត្រថ្កោលទោស បានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា « ជាមោទនភាពដែលធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការ យោគយល់គ្នាជាមួយក្រសួងយុត្តិធម៌និងប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកក្នុងការទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោស។តាមរយៈអនុស្ស រណៈ នៃការយោគយល់គ្នានេះ អតិថិជន និងសាធារណជនទាំងអស់អាចទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោសតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) តាមរយៈការស្កេនKHQR ដើម្បីសម្រួលដល់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋានអាចធ្វើការទូទាត់ប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាព ខ្ពស់»។

លោកបណ្ឌិត បានមានប្រសាសន៍បន្ថែមថា៖ ក្រោមកិច្ចសហប្រតិបត្តិការនេះ ជាជំហានថ្មីមួយទៀតក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធធនាគារនៅក្នុងវិស័យយុត្តាធិការដើម្បីបំពេញតម្រូវការរបស់អតិថិជននិងបានចូលរួមចំណែកក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលដែលបានដើរតួយ៉ាងសំខាន់ក្នុងសកម្ម ភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ស្រមតាមគោលនយោបាយជាតិ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល”។

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា៖ការចុះហត្ថលេខាលើអនុស្សរណៈនាព្រឹកនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានការឯកភាពរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចជ្រើសរើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារដៃគូសម្រាប់ប្រតិបត្តិការទូទាត់សេវាស្នើសុំព្រឹត្តិបត្តិថ្កោលទោស តាមប្រព័ន្ធអេឡិចត្រូនិក (E-payment)»។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា៖អនុស្សរណៈនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបន្តអភិវឌ្ឍយន្តការព្រឹត្តិបត្រថ្កោលទោស តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលជាយន្តការសម្រាប់បម្រើសេវាសាធារណៈ ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ ផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងកាត់បន្ថយការចំណាយថវិកាសម្រាប់បម្រើសេចក្តីត្រូវការរបស់សាធារណជន ដែលមានតម្រូវការព្រឹត្តិបត្រថ្កោលទោស  ស្របតាមគតិបណ្ឌិតណែនាំដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជនកម្ពុជាទូទៅ។

ពិធីចុះអនុស្សរណៈនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌រួមមាន ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោស ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀតរបស់ក្រសួងយុត្តិធម៌ និងធនាគារ អេស៊ីលីដាផងដែរ។

 

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០២៣នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៩,៤០ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៥៧ប៊ីលាន ដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,៩២ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៤៣ លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ៣,១៣លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ៣១១.១៦៦  គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៣៕