សេដ្ឋកិច្ច

ស្រូវប្រាំងពូជធម្មតាលក់បានពី១,១៥០រៀល ដល់ ១,១៦០រៀល/គក្រនាំកសិករនៅសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន រីករាយ

ដោយ : បន្ទាយ
កំពង់ធំ៖ មានអារម្មណ៍ស្រស់ស្រាយនិងទឹកចិត្តរីករាយដូចកសិករនៅភូមិ ឃុំឯទៀតនៅខេត្តដែលមានផ្ទៃដីស្រូវប្រាំងដែរ  បច្ចុប្បន្នការធ្វើស្រូវប្រាំងនៅសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ក៏បាននឹងកំពុងពេញចិត្តនឹងតម្លៃស្រូវនាឆ្នាំ២០២៤នេះ ។

ប្រជាកសិករនៅសង្កាត់អូរកន្ធរនេះ ការបង្ករបង្កើនផលស្រូវបានកើតកបនិងកើនកំណើនជាងមុន។ចំពោះតម្លៃស្រូវបានខ្ពស់ជាងរាល់ឆ្នាំដែរ ដោយសារកត្តាតម្លៃស្បៀងអាហារឡើងថ្លៃនៃទីផ្សារស្បៀងអាហារពិភពលោក ដែលជាឥទ្ធិពលមកពីប្រទេសនាំអង្ករចេញច្រើនជាងគេ(ឥណ្ឌា)បានផ្អាកនាំចេញនិងការនាំចេញស្រូវសាឡីរបស់ប្រទេសអ៊ុយក្រែននិងរុស្សី មានការលំបាក។
ក្នុងនោះ នៅមូលដ្ឋានខាងលើតម្លៃស្រូវលក់ចេញពី ១,១៥០រៀល ដល់ ១,១៦០រៀល /គក្រ។

លោក ជីវ គឹមអ៊ុន ចៅសង្កាត់អូរកន្ធរ បានឲ្យដឹងកាលពីថ្ងៃទី០៦ខែកុម្ភ:ថា: នៅសង្កាត់នេះ មានពលរដ្ឋគ្រួសារសរុប១១៥១ គ្រួសារ ក្នុងនោះជាកសិករស្មើនឹង ៨០% ។
កសិករបានធ្វើស្រែប្រាំងចំនួន២ដងក្នុង១ឆ្នាំ លើផ្ទៃដី៤.៤៣៦ ហិកតា តែក្នុងនោះមានជាង១.៤០០ហិកតា គឺជាកសិករមកពីខាងក្រៅរដ្ឋបាល ។

លោកបន្តថា:  នាឆ្នាំនេះ កសិកររីករាយនិងថ្លែងអំណរគុណណាស់ដល់រាជរដ្ឋាភិបាល ក៏ដូចក្រសួង អាជ្ញាធរនិងសមត្ថកិច្ច រួមទាំងកត្តាតម្លៃទីផ្សារស្រូវនិងស្បៀងអាហារអន្តរជាតិដែលជាបច្ច័យនាំឲ្យវាឡើងថ្លៃ ឬមានតម្លៃសមរម្យ ។

លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងថា: រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជួយដល់ប្រជាកសិករក្នុងខេត្តបានបន្ដដាំដំណាំបន្ទាប់បន្សំជាច្រើនមុខនិងបន្លែផ្លែឈើជាច្រើនទៀត ដើម្បីផ្គត់ផ្គង់ជីវភាពផងនិងលក់ដូរនៅទីផ្សារផងឱ្យគ្រប់គ្រាន់តាមតម្រូវការ។
ក្នុងនោះផ្ទៃដីដាំដុះស្រូវសរុបជិត៦០ម៉ឺនហិកតា ។ក្នុងនោះ ផ្ទៃដីសម្រាប់ស្រូវប្រាំងមាន៨៥.០០០ហិកតា ។

ការដាំដុះបានកើនឡើងជាង២ម៉ឺនហិកតា  ឬស្មើជាង១៤០% នៃផែនការ ។
មានការដាំដុះកើនឡើងដោយសារតែកត្តាតម្លៃស្រូវល្អ កសិករបានខិតខំប្រឹងប្រែងបង្កបង្កើនផល។
ក្នុងនោះមន្ទីរជំនាញនេះ បានយកចិត្តទុកដាក់ជួយប្រឹក្សា ជំនួយបច្ចេកទេស តាមដាននូវការបង្កើនផលរបស់កសិករ។

លោកបន្តថា :បរិមាណផលស្រូវក្នុងខេត្ត ក្រោយពីកាត់ការហូបចុកចំណីសត្វ គឺយើងនៅសល់ស្បៀងជាង៦៤ ម៉ឺនតោនសម្រាប់បម្រើឲ្យទីផ្សារគឺលក់ដូរ ៕