សេដ្ឋកិច្ច

ចាប់យកអាជីពឆុងកាហ្វេគឺដើម្បីរកប្រាក់ចំណូលប្រចាំថ្ងៃ

ដោយ:សុខុម
ស្ទឹងត្រែង:មុខរបរឆុងកាហ្វេមើលទៅហាក់សាមញ្ញ ប៉ុន្តែទទួលបានចំណូល​ជាប្រចាំ។


គេអាចរកទិញកាហ្វេបានភ្លាមៗនៅតា​មភោជនីយដ្ឋាន អាហារដ្ឋាន​និងតៀមធំតូច​គ្រប់ទីកន្លែង។បើចង់ចេះពីរបៀបឆុងកាហ្វេឲ្យមាន​រសជាតិឆ្ងាញ់ត្រូវរៀនទៅតាមក្បួនខ្នាតឲ្យបានត្រឹមត្រូវ។


ដើម្បីផ្តល់​ចំណេះជំនាញនេះ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបើកវគ្គខ្លីៗ​រៀនឆុងកាហ្វេនិងបានបញ្ចប់ទៅកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ តាមរយៈគណៈកម្មការ គ្រប់គ្រងគម្រោងហូកា ក្រោមកិច្ចសហការជាមួយ​កម្មវិធីអភិវឌ្ឍន៍ជំនាញ SDP នៃអង្គការស្វីសខន់ថាក់។


លោកគ្រូបង្គោលម៉ៃមេត្តាបាននិយាយថា វគ្គនេះគឺបណ្តុះបណ្តាល ឆុងកាហ្វេកម្រិតមូលដ្ឋាន និងមូលដ្ឋានគ្រឹះនៃចាក់រូបលើកាហ្វេ (Latte Art) ដែលធ្វើការបណ្តុះបណ្តាលផ្ទាល់ដោយគ្រូបង្គោលមន្ទីរ និងគ្រូបង្គោលមកពី​សហគ្រាស មានការចូលរួមពីសិក្ខាកាមជាច្រើននាក់។


លោកម៉ៃ មេត្តា បាននិយាយទៀតថា វគ្គបណ្តុះបណ្តាលផ្តោតលើចំណេះដឹង និងជំនាញសំខាន់ៗរួមមាន៖
១. ប្រភពកាហ្វេ ប្រភេទគ្រាប់កាហ្វេ ការថែទាំ និងទុកដាក់គ្រាប់កាហ្វេ​ឱ្យត្រូវតាមស្តង់ដារ។
២.ស្គាល់ពីរសជាតិកាហ្វេ និងចំណុចពិសេសនៃប្រភេទគ្រាប់កាហ្វេ។
៣. ដឹងពីតួនាទី និងភារកិច្ចរបស់អ្នកឆុងកាហ្វេ (Barista)។
៤. ស្គាល់ពីឩបករណ៍ប្រើប្រាស់របស់អ្នកឆុងកាហ្វេ។
៥. ស្គាល់ពីប្រភេទនៃម៉ាស៊ីនកិនគ្រាប់កាហ្វេ ម៉ាស៊ីនឆុងកាហ្វេ ម៉ាស៊ីនក្រឡុក ។
៦. យល់ដឹងពីការថែទាំ និងលាងសម្អាតម៉ាស៊ីនឆុងកាហ្វេឱ្យបានត្រឹមត្រូវ។
៧.នីតិវិធីនៃការបើកនិងបិទហាង។
៨. ការថ្លឹងម្សៅកាហ្វេ និងកំណត់នាទីក្នុងការឆុងកាហ្វេ១កែវឱ្យបានត្រឹមត្រូវ និងមានរសជាតិឆ្ងាញ់។
៩. របៀបនៃការ Steam ទឹកដោះគោឱ្យបានត្រឹមត្រូវ ។
១០.របៀបចាក់រូបលើកាហ្វេ (Latte Art)។


ក្នុងពេលបញ្ចប់វគ្គនេះលោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត​ស្ទឹងត្រែងបាននិយាយជំរុញលើកទឹកចិត្តដល់អ្នកចូលរួមត្រូវយកចំណេះដឹងនេះទៅប្រើប្រាស់ឲ្យចំគោលដៅ។


លោកប្រធានមន្ទីរសង្ឃឹមយ៉ាងមុតមាំថា នៅពេលចាប់យកជំនាញខាងឆុង​កាហ្វេនេះយើងអាចរកប្រាក់ចំណូលបន្ថែមក្នុងជីវភាពប្រចាំថ្ងៃនិងបន្ថែមរសជាតិឲ្យកាន់តែពិសេសឆ្ងាញ់ដើម្បីទាក់ទាញភ្ញៀវគេចូលចិត្ត៕