កម្សាន្ដ

វត្តមានក្រៀលនៅបឹងអន្លង់ព្រីងបានកើនដល់ជិត៧០ក្បាលត្រឹមដំណាច់ខែមករាឆ្នាំ២០២៤

ដោយ៖កំចាយ

កំពត៖ ត្រឹមថ្ងៃចុងក្រោយនៃខែមករា ឆ្នាំ២០២៤ វត្តមានសត្វក្រៀលនៅបឹងធម្មជាតិអន្លង់ព្រីងក្នុងស្រុកកំពង់ត្រាចបានកើនដល់ជិត៧០ក្បាល ដោយប្រភេទជំទង់ចាស់ និងជំទង់ខ្ចីមានជាង១០ក្បាល។ មន្ត្រីជំនាញរំពឹងថាពពួកសត្វកម្រនេះនឹងមកចុះរកចំណី ព្រមទាំងស្នាក់នៅបន្ថែមទៀតមុនពេលចាកចេញទៅខេត្តផ្សេងនាដំណាច់ខែកុម្ភ:នោះ។

លោក ឈឹម ម៉េង នាយកតំបន់ការពារទេសភាពអន្លង់ព្រីងបានប្រាប់ឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សត្វក្រៀលដែលបានមកចុះរកចំណី និងស្នាក់នៅបឹងធម្មជាតិអន្លង់ព្រីងមានចំនួន៦៦ក្បាល។ ក្នុងនោះជាពពូកជំទង់ចាស់៦ក្បាល និងជំទង់ខ្ចី៦ក្បាល។ លោកនាយកបានសម្តែងក្តីរំពឹងថា ទម្រាំដល់វេលាបន្តទៅខេត្តឧត្តរមានជ័យ លោកសង្ឃឹមថា ហ្វូងសត្វកម្រនេះនឹងកើនចំនួនបន្ថែមទៀត ព្រោះយ៉ាងហោចណាស់ក៏ដល់ពាក់កណ្តាលខែកុម្ភ:ដែរទើបពួកវានាំគ្នាចាកចេញទៅ។ ប៉ុន្តែ កាលពីឆ្នាំមុនគឺរហូតដាច់ខែកុម្ភ:ទើបសត្វក្រៀលអស់ពីបឹងធម្មជាតិអន្លង់ព្រីង។ ជាធម្មតា ក្រៀលតែងមកដល់បឹងអន្លង់ព្រីងនៅចុងខែធ្នូ រួចធ្វើបន្លាស់ទីទៅខេត្តឧត្តរមានជ័យ រួចបន្តដំណើរទៅពួនសម្ងំពងកូនក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ វត្តមានក្រៀលនៅបឹងធម្មជាតិអន្លង់ព្រីងមានចំនួន៩៧ក្បាល ខណ:ដែលឆ្នាំ២០២៣ កើនដល់១០៣ក្បាល៕