សេដ្ឋកិច្ច

កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៣២ មានទុនវិនិយោគជាង១៨៧លានដុល្លារ

ដោយ៖សិរីមតី
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)នៅខែមករាឆ្នាំ២០២៤នេះ បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីក ផលិតកម្មចំនួន ៣២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង១៨៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ២៩ពាន់កន្លែង។នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់CDCនាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។


ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែមករារួមមាន (១) គម្រោងបង្កើត រោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ (២) គម្រោងបង្កើតរោងចក្រផ្តុំដំឡើងម៉ូតូ, កង់, រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល (៣) គម្រោងបង្កើតរោងចក្រ កែច្នៃអាលុយមីញ៉ូម, ដែកនិងទង់ដែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង (៤) គម្រោងបង្កើតរោងចក្រតម្បាញ ក្រណាត់ និងកាត់ដេរសម្លៀកបំពាក់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

គួរបញ្ជាក់ជូនផងដែរថា ក្នុងខែមករា ឆ្នាំ២០២៤ ទុនវិនិយោគប្រមាណជាង ៧៨% មានប្រភពមកពីប្រទេសចិន ៩,៦៥% មកពីប្រទេសសិង្ហបុរី, ៥,៣៤% មកពីសហរដ្ឋអាម៉េរិក, ៣,៥៥% មកពីសាធារណរដ្ឋកូរ៉េ, និង ២,៧៣% មកពីប្រភពក្នុងស្រុក។

គួររម្លឹកថាក្នុងឆ្នាំ២០២៣វិញ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន២៦៨ ដែលមានទុនវិនិយោគសរុបប្រមាណជិត ៥ពាន់លានដុល្លារអាម៉េរិកនិង បង្កើតការងារបានប្រមាណ ៣០៧,០០០កន្លែង៕