កម្សាន្ដ

ភ្ញៀវទេសចរអាចទៅមើលសត្វស្លាបនៅសហគមន៍អភិរក្សជីវៈចម្រុះបឹងពារាំង

ដោយ : បន្ទាយ
សៀមរាប៖ ចំពោះអ្នកស្រលាញ់ចូលចិត្តធម្មជាតិនិងសត្វស្លាប ភ្ញៀវទេសចរងាយស្រួល ចំណាយពេលតិចល្មមនឹងអាចទៅទស្សនាសត្វស្លាបចម្រុះជាច្រើនប្រភេទដែលកំពុងបង្ហាញវត្តមាននៅសហគមន៍អភិរក្សជីវៈចម្រុះបឹងពារាំងនាសង្កាត់ជ្រាវ ក្រុងសៀមរាប ។


មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាបអោយដឹងកាលពីថ្ងទី២៩ខែមករាឆ្នាំ២០២៤ថា : សហគមន៍អភិរក្សជីវៈចម្រុះបឹងពារាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប នៃប្រទេសកម្ពុជា ឬចម្ងាយប្រមាណ១២ គីឡូម៉ែត្រ ពីកណ្តាលក្រុងសៀមរាបទៅអាគ្នេយ៍ ។


មន្ត្រីបន្តថា : ជុំវិញតំបន់ដីសើមនៃបឹងទន្លេសាបដ៏មានសក្តានុពលមួយនេះ នឹងអនុញ្ញាតឱ្យបងប្អូនទេសចរអាចគយគន់នូវហ្វូងសត្វស្លាបទឹកចម្រុះ។ក្នុងនោះក៏មានប្រភេទបក្សីរងការគំរាមកំហែងនិងបក្សីជិតផុតពូជ ផងដែរ។


ការធ្វើដំណើរកម្សាន្តតាមទូករបស់ភ្ញៀវ នឹងស្ថិតក្នុងសភាពលឿនលយមិនរលាក់លើផ្ទៃថ្លាឆ្វង់ ពីជ្រែកព្រៃលិចទឹកនិងវារីជាតិដែលខ្លះជម្រុះស្លឹក ខ្លះបញ្ចេញត្រួយ ផ្កា ក្រោមជំនោរវាយោត្រជាក់ល្ហៀកនាពេលព្រឹកព្រលឹមនិងពេលល្ងាចចុងពេលរងាផ្កាគឈានទៅរងាផ្កាថារនារដូវប្រាំងនេះ។


ភ្ញៀវនឹងបានឃើញ​សត្វហោះហើរសួនតួ ជាគូនិងជាហ្វូងចេញពីតំបន់ផ្សេងៗ នៃព្រៃរនាមជុំវិញបឹងទន្លេសាបមកទុំស្នាក់នៅទីនេះ ៕