សេដ្ឋកិច្ច

ឥណ្ឌូនេស៊ី បង្ហាញបំណងពង្រីកការធ្វើពាណិជ្ជកម្មផលិតផលកសិកម្មនិងវិនិយោគនៅកម្ពុជា

ដោយៈសិរីមតី
ភ្នំពេញ៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សាន់តូ ដាណូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ ដោយផ្តោតលើការបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច។


ក្នុងជំនួបនេះឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងអំពីគម្រោងសំខាន់ៗដែលឥណ្ឌូនេស៊ីចង់ជំរុញនៅកម្ពុជានិងការរៀបចំព្រឹត្តការណ៍ធុរកិច្ចនៅឆ្នាំ ២០២៤នេះ ដែលក្នុងនោះរួមមានការតាំងពិព័រណ៍ផលិតផលផ្នែកសុខភាពដែលនឹងប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ការតាំងពិព័រណ៍ផលិតផលចម្រុះដទៃទៀតនៅខែបន្ដបន្ទាប់ និង ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និង វេទិកាធុរកិច្ចដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីនៅខែតុលាខាងមុខ។


ទាក់ទងនឹងគម្រោងធុរកិច្ចនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតស្នើសុំការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជា និងអញ្ជើញសមាជិកសភាពាណិជ្ជកម្មកម្ពុជាចូលរួម ព្រឹត្តិការណ៍ ដែលរៀបចំឡើងដោយស្ថានទូត និងរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី។
អ្នកឧកញ៉ា លឹម ហេង បានស្វាគមន៍យ៉ាងកក់ក្ដៅនិងគាំទ្រចំពោះព្រឹត្តិការណ៍ធុរកិច្ចដែលពិតជារួមចំណែកក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។


ក្រៅពីនេះភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗទៀតរវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេសទាក់ទងនឹងសក្ដានុពល និងការវិនិយោគនៅតាមបណ្ដាខេត្តនីមួយៗ។ អ្នកឧកញ៉ា លឹម ហេង ក៏បានអញ្ជើញឯកឧត្តមឯកអគ្គរដ្ឋទូត ធ្វើទស្សនកិច្ចនៅតាមខេត្តនីមួយៗដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីសក្ដានុពលពាណិជ្ជកម្មទូទាំងព្រះរាជាណាចក្រកម្ពុជា៕