សេដ្ឋកិច្ច

អបអរសាទរ! ក្រុងកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤-២០២៦

ដោយ៖សិរីមតី
វៀងចន្ទន៍៖ ក្រុងកែប នៃខេត្តកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។

ពិធីប្រកាសជ័យលាភីនេះធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេសនិងអង្គការដៃគូមួយចំនួន។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា លទ្ធផលនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំខេត្តគ្រប់រូប អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសការចូលរួម របស់ប្រជាពលរដ្ឋទូទាំងខេត្តកែប ដែលនេះជាមោទនភាពសម្រាប់ខេត្តកែប និង ព្រះរាជាណាចក្រកម្ពុជាទាំងមូល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកែប ក៏បានចូលរួមអរអរសាទរចំពោះការទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះដែរ៕