ចំណេះដឹង

សែនដកជើងធូបជាជំនឿជនជាតិចិនមុនថ្ងៃបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់

ដោយ៖ឧត្តម

ពិធីសែនដកជើងធូប ឬបុណ្យសែនអរគុណទេវតានាឆ្នាំនេះនឹងត្រូវធ្វើឡើងចំថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៤។ទំនៀមទម្លាប់មួយនេះត្រូវបានប្រជាជនចិនឬកូនខ្មែរសែស្រឡាយចិន តែងតែប្រាព្ធឡើងជារៀងរាល់ចុងឆ្នាំចាស់ ពោលគឺមុនសែនចូលឆ្នាំចិន ចន្លោះពី៥-៧ថ្ងៃ មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនឈានចូលមកដល់។

បើតាមជំនឿហើយនៅថ្ងៃនេះគេនឹងធ្វើការ ដក ជើងធូប គ្រប់កន្លែងដើម្បីដូរកំប៉ុង ជើងពាន ឬផើង ហើយផ្លាស់ខ្សាច់ឬអង្ករ ក្នុងកំប៉ុងជើងធូបឬជើងពានចេញ រួចប្តូរថ្មី ដើម្បីទទួលសិរីសួរស្តីឆ្នាំថ្មីនឹងឈានមកដល់។ក្នុងក្បួនដកជើងធូបនេះទៀតសោតគេមានត្រណមមួយគឺនៅពេលដែលដកហើយបើជាជំនាងផ្ទះ ឬ ហៅ ទី ជុយអៀ ត្រូវតែ ទុកធូបចាស់ចំនួន៥សរសៃ ប៉ុន្តែបើជាកុងម៉ាវិញទុកបន្សល់ជើងធូបចាស់អោយបាន៣សរសៃ។

តាមជំនឿនេះដែរបានឱ្យដឹងថាក្នុងថ្ងៃសែនដកជើងធូបនេះគេចាំបាច់ត្រូវធ្វើការសម្អាតទីកន្លែងជំនាងផ្ទះ កុងម៉ាអោយស្អាតបាតព្រោះថាថ្ងៃនេះមិនមានការប្រកែប្រកាន់ពីសំណាក់អ្នកថែរក្សាផ្ទះសម្បែងឬជីដូនជីតាដែលបានចែកឋានទៅនោះឡើយ។ប្រពៃណីសែនដកជើងធូបនេះដែរនឹងធ្វើឡើងក្នុងមួយឆ្នាំម្តង ហើយគេមិនហ៊ានរុះរើតាមនឹកឃើញនោះឡើយ។

ក្នុងក្បួនជំនឿរបស់ជនជាតិចិនដែរបានឱ្យដឹងថា ថ្ងៃសែនដកជើងធូបជាថ្ងៃសំខាន់មួយដែរមុនថ្ងៃចូលឆ្នាំចិនឈានមកដល់។ ការសែនគេធ្វើឡើងតែពេលព្រឹកមិនឱ្យហួសម៉ោង១២ថ្ងៃត្រង់ឡើយ។ក្រៅពីនេះចំពោះក្រោយពីថ្ងៃសែនដកជើងធូបទៅ រហូតដល់ថ្ងៃសែនចូលឆ្នាំចិន គេមិនចាំបាច់អុជធូបនោះទេ ពីព្រោះថាមិនមានទេវតាស្នាក់នៅនោះឡើយពោលគឺទេវតាបានឡើងឋានសួគ៌អស់ហើយ។សម្រាប់គ្រឿងសំណែនផ្សេងៗក៏អាចលើកចេញដូចគ្នាពីព្រោះថាពុំមានទេវតាចាំសេពសោយនោះដែរ។

គួរបញ្ជាក់ថាតាមជំនឿជាប្រពៃណីចិន ការសែនដកជើងធូប គឺជាពិធីអរគុណ និងជូនដំណើរកុងម៉ា (ដូនតា) និងទេវតាឆ្នាំចាស់ដែលបានថែរក្សា ការពារឱ្យចម្រុងចម្រើនពួកគេអស់រយៈកាលមួយឆ្នាំកន្លងមកឱ្យត្រឡប់ទៅឋានសួគ៌វិញ ។ បន្ទាប់ពីកុងម៉ា និងទេវតាដែលជាម្ចាស់កំប៉ុងជើងធូបទាំងនោះត្រឡប់ទៅវិញ បានសេចក្តីថា កំប៉ុងជើងធូបនេះនៅទំនេរពុំមានម្ចាស់ឡើយ រហូតកុងម៉ា និងទេវតាឆ្នាំថ្មីចូលមកជំនួស ។ ក្នុងពេលពុំមានម្ចាស់នេះឯង ជាពេលដែលម្ចាស់ផ្ទះដកជើងធូបចេញពីកំប៉ុង និងយកកំប៉ុងជើងធូបទៅលាងសម្អាតសម្រាប់រៀបចំទទួលទេវតាឆ្នាំថ្មី ៕