សេដ្ឋកិច្ច

កសិករឃុំកូនសត្វដាំដំណាំរួមផ្សំដែលជាចំណែកសំខាន់ក្នុងការលើកស្ទួយជីវភាពគ្រួសារ

ដោយ៖ កំចាយ

កំពត÷ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ឃុំកូនសត្វ នៃស្រុកទឹកឈូ បានក្លាយជាតំបន់កសិ-ទេសចរណ៍ដ៏ទាក់ទាញបំផុតក្នុងកាល:ទេស:ដែល ប្រទេសជាតិមានសុខសន្តិភាពពេញលេញ។ ក្រៅពីដំណាំម្រេច ទុរេន និងស្រូវ កសិករឃុំកូនសត្វភាគច្រើនតែងនិយមដាំបន្លែរួមផ្សំដែលជា ចំណែកសំខាន់ក្នុងការលើកស្ទួយជីវភាពប្រចាំថ្ងៃ ពិសេសធ្វើឱ្យគ្រួសារ នីមួយៗ មានលទ្ធភាពបញ្ជូនកូនចៅទៅរៀនសូត្របានខ្ពង់ខ្ពស់។

លោក វិត សុភ័ក្ត្រ មេឃុំកូនសត្វបានប្រាប់ឱ្យដឹងថា ទឹកដីឃុំកូនសត្វ មានសក្តានុពល និងអំណោយផលល្អចំពោះវិស័យកសិកម្ម។ មូលដ្ឋាននេះ មានប្រភពទឺកដ៏ធំមួយសម្រាប់បម្រើផ្នែកទឹកស្អាត និងស្រោចស្រព ដំណាំគ្រប់ប្រភេទ នោះគឺទំបន់ប្រទាក់ក្រឡា។

លោកមេឃុំបានបន្តថា ជាមួយប្រព័ន្ធស្រោចស្រពនេះបានធ្វើឱ្យ អ្នកភូមិកូនសត្វប្រែក្លាយដីធ្លីរបស់ខ្លួនទៅជាសួនបន្លែ និងដំណាំរួមផ្សំ ច្រើនប្រភេទដើម្បីទទួលបានប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់ទ្រទ្រង់ជីវភាព គ្រួសារ។ នាដើមឆ្នាំ២០២៤នេះ ផ្ទៃដីដាំបន្លែរួមផ្សំក្នុងឃុំទាំមូល មានប្រមាណ៣០ហិកតា ខណៈដែលផ្ទៃដីកសិកម្មសរុបជាង៣ពាន់ហិកតា។

កសិកររស់នៅភូមិបុស្សញ៉ិញ ឃុំកូនសត្វបានរៀបរាប់ថា ក្រៅពីធ្វើស្រែ អ្នកភូមិភាគច្រើននិយមដាំម្រេច ទុរេន ពិសេសដំណាំបន្លែរួមផ្សំនៅ ជុំវិញផ្ទះជាប្រចាំ។ ការដាំបន្លែជារបរបន្តពីដូនតា ទោះបីរដូវខ្លះគ្មានទីផ្សារ ឬធ្លាក់ថ្លៃខ្លាំងក៏ពួកគាត់នៅតែធ្វើដោយមិនបោះបង់ឡើយ។

ប្រជាកសិករបានបន្តថា បច្ចុប្បន្នស្រីៗក្នុងគ្រួសារភាគច្រើន ជាអ្នកដាំបន្លែរួមផ្សំ ចំណែកបុរសជាប្តីបានចេញទៅធ្វើការ នៅទីប្រជុំជនស្រុក និងក្រុង។ ដោយសារការដាំដំណាំបន្លែរួមផ្សំនេះ បានធ្វើឱ្យអ្នកភូមិមានជីវភាពសមរម្យ ហើយអាចបញ្ចូនកូនចៅទៅរៀនសូត្រ បានដូចគេឯងដែរ។

ប្រជាពលរដ្ឋឃុំកូនសត្វបានបញ្ជាក់ថា ពួកគាត់មិនបោះបង់ការដាំដំណាំ និងបន្លែរួមផ្សំនេះទេ។ ដូច្នេះ សូមមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ជួយលើកទឹកចិត្ត ព្រមទាំងបណ្តុះបណ្តាលបច្ចេកទេសបន្ថែម ពិសេស ស្វែងរកទីផ្សារកសិផលឱ្យបានល្អប្រសើរផង៕