សេដ្ឋកិច្ច

កម្ពុជា មានរោងចក្រជាង២ពាន់ ដែលមានទុនវិនិយោគជាង១៧ប៊ីលានដុល្លារអាម៉េរិក

ដោយៈសិរីមតី
ភ្នំពេញ៖កម្ពុជាមានរោងចក្រដំណើរការសរុបមានចំនួន២ ០៨៩ រោងចក្រ (ប្រភេទរោងចក្រតាមផ្នែកកម្មន្តសាល) និងមានកម្លាំងពលកម្មសរុបចំនួន ១ ០៣៤ ៩៤៧ នាក់ (ក្នុងនោះស្ត្រីមាន ៧៨១ ២៣៣ នាក់) ស្មើនឹងប្រមាណ ៧៥,៤៨ភាគរយ។នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។


នៅក្នុងកិច្ចពិភាក្សាជាមួយក្លិបអ្នកកាសែតកម្ពុជា ស្តីពី«អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»កាលពីថ្ងៃទី២៦ខែមករា ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖រោងចក្រទាំងជាង២ពាន់នេះ មានទុនវិនិយោគសរុបប្រមាណ ១៧ ៩១៣,៩ លាន ដុល្លារអាម៉េរិក។


តម្លៃបរិមាណ​ផលិតផលក្នុងខែតុលា ឆ្នាំ២០២៣ សរុបមានចំនួន ១៤៦១ លាន ដុល្លារ អាម៉េរិក (បម្រើទីផ្សារក្នុងស្រុកមានចំនួនប្រមាណ ៣៤៩ លាន ដុល្លារអាម៉េរិក និងសម្រាប់នាំចេញមានចំនួន ប្រមាណ១ ១១២ លាន ដុល្លារអាម៉េរិក)។


ឯកឧត្តម ហែម វណ្ឌឌី បានឱ្យដឹងទៀតថា៖ក្នុងចំណោមរោងចក្រដំណើរការចំនួន ២ ០៨៩ រោងចក្រ រួមមាន៖រោងចក្រផ្នែកឧស្សាហកម្មកែច្នៃលោហៈ ២៣៦ ស្មើ១១% ,ផ្នែកកាបូប ស្បែកជើង និងផលិតផលពីស្បែកចំនួន៣០៤ស្មើ១៥% ,ផ្នែកវាយនភណ្ឌ និងសម្លៀកបំពាក់ ចំនួន៨៦៧,ស្មើ៤២%គ្រឿងសង្ហារិម៣៩ ស្មើ២% ,ផ្នែកឧស្សាហកម្មពីរ៉ែអលោហៈ ៨១ ស្មើ៤% ,ផ្នែកឧស្សាហកម្មគីមី កៅស៊ូ និងប្លាស្ទិក១៧៣ ស្មើ៨%,បោះពុម្ព(លើកលែងបោះពុម្ពលើសម្លៀកបំពាក់)ចំនួន៦, ក្រដាស និងផលិតផលពីក្រដាស ចំនួន៩៥ស្មើ៥%,ផលិតផលពីឈើ(លើកលែងគ្រឿងសង្ហារិម)ចំនួន៤៥ ស្មើ២% ,កម្មន្តសាលដទៃទៀតចំនួន៣%,ការផ្គត់ផ្គង់ចំហាយទឹក និងម៉ាស៊ីនត្រជាក់ចំនួន២ ,ផ្នែកអាហារភេសជ្ជៈ និងបារី១៦៨ស្មើ៨%។

គួររម្លឹកថា៖ក្លិបអ្នកកាសែតកម្ពុជាសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២៦ខែមករា បានរៀបចំកិច្ចពិភាក្សាក្រោមប្រធានបទ«អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដើម្បីផ្តល់ឱកាសដល់អ្នកសារពត៌មានលើកជាសំណូរទាក់ទងនឹងតួនាទី ភារកិច្ច បញ្ហាប្រឈម ការវាយតម្លៃស្តង់ដារនិងគុណភាពផលិតផល ការគ្រប់គ្រងសិប្បកម្ម និងការផ្គត់ផ្គង់ទឹកស្អាតក៏ដូចជាការសិក្សាស្រាវជ្រាវ ពិសោធន៍ និងការអភិវឌ្ឍបច្ចេកវិទ្យា៕