សេដ្ឋកិច្ច

ចិន និង ថៃ ចុះកិច្ចព្រមព្រៀងជាមួយគ្នាលើកលែងទិដ្ឋាការទៅវិញទៅមក

ប្រែសម្រួល៖ ស្រីស្រស់

បាងកក៖ នៅថ្ងៃអាទិត្យ ទី២៨ មករានេះ ប្រទេសថៃ និងចិនបានចុះកិច្ចព្រមព្រៀងក្នុងការលើកលែងទិដ្ឋាការទៅវិញទៅមក ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍រវាងប្រទេសទាំងពីរដែលកាលពីមុនបានខកខានដោយសារតែជំងឺកូវីដ-១៩។

នៅក្នុងពិធីមួយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងបាងកករដ្ឋមន្ត្រីការបរទេសថៃ Parnpree Bahiddha-nukara និងសមភាគីចិនលោក Wang Yi បានចុះហត្ថលេខាលើអនុស្សរណ:ព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមក ដែលចូលជាធរមាននៅថ្ងៃទី ១ ខែមីនាខាងមុខនេះ។

លោក Wang បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាថា “យុគសម័យគ្មានទិដ្ឋាការនេះនឹងនាំមកនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដែលជាការលើកកម្ពស់ទេសចរណ៍រថ្មីមួយវាងប្រទេសទាំងពីរ ” ។

ប្រទេសចិនគឺជាប្រភពចំណូលលើឧស្សាហកម្មទេសចរណ៍របស់ថៃ ដែលជាកត្តាជំរុញដ៏សំខាន់ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍នៅមុនសម័យ COVID-19 ក៏ប៉ុន្តែការវិលត្រឡប់ភ្ញៀវទេសចរចិនមកកាន់ប្រទេសថៃវិញឃើញថានៅមានសភាពយឺតយ៉ាវ។

លោក Wang បាន​បន្ត​ថា​៖ “ទេសចរចិននឹង​កើនឡើង​ក្នុងការ​មក​ទស្សនា​ប្រទេស​ថៃ​”​។

ចំនួនអ្នកទេសចរចិនទៅកាន់ប្រទេសថៃបានធ្លាក់ចុះមកនៅត្រឹមតែ ៣.៥ លាននាក់កាលពីឆ្នាំមុនបើធៀបនៅមុនពេលមានជំងឺរាតត្បាត២០១៩ឃើញថាមានចំនួនដល់ទៅ១១ លាននាក់។

លោក Wang បាននិយាយថា ក្រុងប៉េកាំង និងក្រុងបាងកកក៏បានសន្យាផងដែរថានិងពន្លឿនការសាងសង់ផ្លូវដែកតភ្ជាប់ពីប្រទេសចិនមកកាន់ប្រទេសថៃ និងធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

លោក និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបពិភាក្សាគ្នានៅទីក្រុងបាងកក កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ អំពីបញ្ហារួមដោយលើកពីបញ្ហាទំនាក់ទំនងទ្វេភាគី និង ដោយឡែកពិភាក្សាអំពីបញ្ហាតៃវ៉ាន់ និងអ៊ីរ៉ង់៕

ប្រភព៖ Reuters/zl