កីឡា

កីឡាចំបាប់ទម្ងន់យក្សពិភពលោកបានប្រកាសលាលែងដោយសាររឿងអាស្រូវស្រីញី

ប្រែសម្រួល៖ ស-សម្បត្តិ

កាលពីថ្ងៃសុក្រក្រុមហ៊ុនបាននិយាយថា Vince McMahon បានប្រកាសលាលែងពីកីឡាចំបាប់ទម្ងន់យក្ស TKO Group និងក្រុមហ៊ុនបុត្រសម្ព័ន្ធ WWE ដែលគាត់ជាអ្នកបង្កើតឡើងដោយសារតែរង       បណ្តឹងចោទប្រកាន់ពីបទរំលោភនិងជួញដូរផ្លូវភេទដែលគាត់បាននិយាយថាគាត់នឹងតស៊ូក្នុងសំណុំរឿងនេះ។

លោក McMahon បានចេញសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយ TKO ថា “ខ្ញុំបានសម្រេចចិត្តលាលែងពីតំណែងប្រធានប្រតិបត្តិនិងជាប្រធានក្រុមប្រឹក្សាភិបាល TKO ចាប់ពីពេលនេះតទៅ” ។

គាត់បានរងនូវបណ្តឹងរបស់អតីតបុគ្គលិកម្នាក់ដែលបានប្តឹងកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់តុលាការសហព័ន្ធក្នុងរដ្ឋ Connecticut ដោយបានចោទប្រកាន់ថា McMahon, WWE និងជានាយកប្រតិបត្តិពី “បទរំលោភបំពានរូបកាយនិងផ្លូវចិត្តរួមទាំងការរំលោភផ្លូវភេទនិងមានការជួញដូរផ្លូវភេទនៅ WWE” ដោយទាមទារសំណងជំងឺចិត្តនិងការខូចខាតផ្លូវភេទដែលមិនបានបញ្ជាក់ចំនួនច្បាស់លាស់នោះទេ។

McMahon បានបដិសេធការចោទប្រកាន់នៅក្នុងសេចក្តីថ្លែងការណ៍ដោយនិយាយថា “ខ្ញុំមានគោលជំហរការពារខ្លួនយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះ ហើយនិងលាងកេរ្ត៏ឈ្មោះរបស់ខ្ញុំឡើងវិញ”។

ប្រធាន WWE លោក Nick Khan បានសរសេរនៅក្នុងអនុស្សរណៈមួយទៅកាន់បុគ្គលិកថា McMahon “នឹងលែងមានតួនាទីក្នុង TKO Group Holdings ឬ WWEនេះទៀតហើយ” ។

McMahon បានចូលនិវត្តន៍ពី WWE នៅក្នុងឆ្នាំ ២០២២ គឺនៅចំពេលដែលមានការចោទប្រកាន់ពីបទប្រព្រឹត្តិល្មើស និងហើយបានបង់ប្រាក់ចំនួន ១៧.៤ លានដុល្លារដល់ក្រុមហ៊ុនដើម្បីរ៉ាប់រងការចំណាយទាក់ទងនឹងការស៊ើបអង្កេតលើករណីនោះ។ គាត់បានមកកាន់ក្រុមហ៊ុនវិញនៅក្នុងខែមករាឆ្នាំ ២០២៣ ។

វាបានជះឥទ្ធិពលដ៏អាក្រក់នៅពីក្រោយក្រុមហ៊ុនកម្សាន្តកីឡាចំបាប់ McMahon មួយនេះហើយបានប្រែក្លាយក្រុមហ៊ុនឲ្យរង្គោះរង្គើនៅក្នុងឧស្សាហកម្មកីឡាចំបាប់ដែលឈានទៅរកការបែកបាក់យ៉ាងខ្លាំងបើធៀបនិងទសវត្សរ៍ឆ្នាំ ១៩៨០ ធ្លាប់ជាក្រុមហ៊ុនយក្សពិភពលោកដែលមានប្រាក់ចំណូលប្រហែល ១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។

គាត់ធ្លាប់បានប្រើការផ្គូផ្គងស្គ្រីប អ្នកចំបាប់ល្បី និង glitz ដើម្បីធ្វើឲ្យក្រុមហ៊ុនមានភាពល្បីល្បាញទាក់ទាញទស្សនិកជនទស្សនាតាមទូរទស្សន៍ និងបានបង្កើតគំនិតច្នៃប្រឌិតសម្រាប់ការប្រកួតបង់ប្រាក់សម្រាប់ការទស្សនានៅក្នុងមួយលើក សម្រាប់ព្រឹត្តិការណ៍ធំ ៗ ដូចជា “WrestleMania” សម្រាប់ជាមូលដ្ឋានរកប្រាក់ចំណូល។

TKO ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន នៅពេលដែល McMahon បានបង្កើតកិច្ចព្រមព្រៀងរវាង WWE និង Endeavor Group ដែលជាកម្មសិទ្ធិរបស់យីហោក្បាច់គុនចម្រុះ UFC ៕

ប្រភព៖ Reuters