កីឡា

លោក Pep Guardiola ប្រើសម្តីវាយបកលើ Utd ជុំវិញការប្តូរ Berrada អតីតប្រធានប្រតិបត្តិ City ទៅកាន់ Utd

ប្រែសម្រួល៖ បញ្ញា

ក្រុងឡុងដ៍ៈ លោក Pep Guardiola អ្នកចាត់ការរបស់ City បានបរិហារអំពីការផ្លាស់ផ្តូ Berrada អតីតប្រធានក្រុមរបស់​ Manchester City ទៅកាន់​ក្រុម Manchester United ។ ​អ្នកចាត់ការរបស់​ Manchester City ​រូបនេះបានអះអាងថា United ធ្លាប់ជា​គូប្រជែង​ដ៏​ជូរចត់​ជាមួយក្លិប City របស់​គាត់។

លោក Berrada ដែលបានលាឈប់ពីតួនាទីជាប្រធានផ្នែកប្រតិបត្តិបាល់ទាត់របស់ City កាលពីចុងសប្តាហ៍មុននឹងត្រូវប្តូរមកកាន់តួនាទីជានាយកប្រតិបត្តិរបស់ United វិញម្តង។

ការតែងតាំងនេះហាក់ដូចជាការធ្វើរដ្ឋប្រហារផ្ទៃក្នុងដ៏ចម្លែកមួយសម្រាប់ក្រុម United ខណៈដែល Berrada បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងភាពជោគជ័យសម្រាប់ក្រុម City ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Guardiola ។

ក្រុម Man City បានយកឈ្នះជើងឯក Premier League ចំនួនប្រាំដងក្នុងចំណោមប្រាំមួយដងចុងក្រោយ និងបានឈ្នះពានរង្វាន់ចំនួនបីកាលពីរដូវកាលមុន។

លោក Berrada បានធ្វើការជាមួយនឹងនាយកកីឡារបស់ City លោក Txiki Begiristain ដើម្បីត្រួតពិនិត្យគោលនយោបាយផ្ទេររបស់ពួកគេ ដែល United បានតស៊ូយ៉ាងលំបាកនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ម្ចាស់ភាគហ៊ុនថ្មីរបស់ United លោក Jim Ratcliffe មានបំណងឲ្យ Berrada ប្រើគំរូដូចគ្នាដើម្បីបង្កើតក្លិប Old Trafford ដែលមិនធ្លាប់បានឈ្នះពានរង្វាន់ Premier League ចាប់តាំងពីឆ្នាំ ២០១៣ ។

ប៉ុន្តែលោក Guardiola បានព្រមានថា មិត្តរួមជាតិអេស្ប៉ាញរបស់គាត់ មិនមែនជាបុគ្កលដែលអាចធានាឲ្យក្លិបUnited ទទួលជោគជ័យភ្លាមៗនោះបានទេ។

លោក Guardiola បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “វាកាន់តែច្បាស់ណាស់ដែលថាការនាំយកចំណេះដឹងរបស់គាត់មកចែករំលែកឲ្យក្រុម United ទាំងនេះកឺជាការពិត។ តែនៅពេលដែលអ្នកទិញកីឡាករពីក្លិបផ្សេង ក៏ដូចជាអ្នកបានទិញចំណេះដឹងដែលកីឡាកររូបនេះមានកាលពីអតីតកាលដែលធ្លាប់ចែករំលែកជាមួយអ្នកគ្រប់គ្រង និងមិត្តរួមក្រុមផ្សេងទៀតផងដែរ។ .

“យើងបានរៀនសូត្រជាច្រើនមកហើយពី Omar ហើយគាត់បានរៀនច្រើនពីអតីតក្លិបរបស់គាត់ផងដែរ ហើយឥឡូវនេះគាត់បានទៅរួមជាមួយក្រុម United ហើយ ។

“ប៉ុន្តែ Kevin De Bruyne នៅតែស្ថិតក្នុង Man City ហើយ De Bruyne នឹងលេងឲ្យក្រុមនេះដដែល។ Erling Haaland នឹងលេងនៅដដែល ដូច្នេះនៅទីបញ្ចប់វាមិនមែនជារឿងធម្មតានោះទេ។

“ប្រហែលជា United គិតថាជាមួយបុគ្គលរូបនេះ អ្វីៗនឹងអាចផ្លាស់ប្តូរបានទាំងអស់ហើយមើលទៅនោះ បើដូច្នោះមែនយើងសូមអបអរសាទរផងចោះ។ តែខ្ញុំមិនដឹងថារឿងនេះវាអាចនឹងកើតឡើងឬអត់នោះទេ។

“គាត់ជាមនុស្សគួរឲ្យស្រលាញ់ ចរិតនិងអាជីពពោពេញទៅដោយការជឿទុកចិត្ត។ កាលពីម្សិលមិញខ្ញុំបានឃើញគាត់ ពួកយើងបានឱបគ្នា ហើយខ្ញុំសូមជូនពរគាត់ឲ្យទទួលបានជោគជ័យគាត់ជាមនុស្សអស្ចារ្យ។

“​​ខ្ញុំនៅ​មិនទាន់យល់ច្បាស់ពីរឿងក្នុងចិត្ត​​ថា​តើ​ការ​ធ្វើ​បែប​នេះ​គ្រប់​យ៉ាង​នឹង​​ដំណើរការរៀបរយបានល្អ​ឬ​អត់​នោះ​ទេ”។”ប្រសិនបើវាកើតឡើងនោះ ព្រះជាម្ចាស់អើយ ពួកគេត្រូវតែគាំទ្រដល់ Omar Berrada នាពេលអនាគត ព្រោះគាត់សមនឹងទទួលបានឋានៈនេះណាស់” ។

លោក Guardiola បាននិយាយថាសម្រាប់ការចាកចេញរបស់ Berrada គាត់ជឿជាក់ថា Man City នឹងតែងតាំងបុគ្គលដ៏ឈ្លាសវៃសម្រាប់ស្នងតំណែង Berrada ។

គាត់បានបន្ថែមថា “យើងព្យាយាមរក្សាមនុស្សដែលមានស្នាដៃល្អៗនៅទីនេះ ក៏ប៉ុន្តែរឿងបែបនេះអាចកើតឡើងបានគ្រប់ពេល” ។

“ក្លិបរបស់យើងនឹងនៅតែដើរទៅមុខ។ យើងនឹងរកអ្នកជំនួសគាត់ ហើយយើងនឹងបន្តការជឿជាក់លើក្រុមរបស់យើង។ យើងនឹងរៀបចំឲ្យបានល្អ យើងនឹងសម្របខ្លួនហើយកែសម្រួលការគ្រប់គ្របដើម្បិធ្វើដំណើរឆ្ពោះទៅមុខបន្តទៀត”៕