សេដ្ឋកិច្ច

ចុះមើលសិប្បកម្ម”សញ្ញាភ្នំមាស”ដែលផលិតទឹកស៊ីអ៊ីវ ទឹកត្រីនិងទឹកម្ទេសដ៏ល្បីល្បាញជាងគេនៅសិរីសោភ័ណ

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖  វគ្គ” បណ្ដុះបណ្ដាលអំពីការផលិតកែច្នៃចំណីអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ការពង្រីកទីផ្សារនិងការ ត្រៀមខ្លួនក្នុងការនាំចេញខេត្តបន្ទាយមានជ័យ”  ធ្វើឡើងកាលពី ថ្ងៃទី២៣-២៥ ខែមករា ឆ្នាំ២០២៤ ក្រោមគម្រោងជំនួយរបស់អង្គការ សហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)  បានសហការ ជាមួយអគ្គនាយកដ្ឋានសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម  ,វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (ITC) ។

ក្នុងនោះគ្រូឧទ្ទេស  វាគ្មិននិងសិក្ខាកាមក៏បានចុះធ្វើទស្សនកិច្ចសិក្សានៅ សិប្បកម្ម”សញ្ញាភ្នំមាស “ផលិតទឹកស៊ីអ៊ីវ ទឹកត្រី ទឹកម្ទេសដ៏ល្បីមួយ​ដែលមានទីតាំងនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ផងដែរ ។

លោកញ៉ិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបន្ទាយមានជ័យបានអោយដឹងកាលពីថ្ងៃទី២៥ខែមករាថា :វគ្គបណ្ដុះបណ្ដាលសិក្ខាកាមទាំងឡាយបានសិក្សាពីមូលដ្ឋានគ្រឹះចម្បង សំខាន់ៗ នៃការផលិត ផលិតផល សុវត្ថិភាពម្ហូបអាហារ គុណភាពនិង​ស្តង់ដារអនាម័យ ។

សិក្ខាកាមទាំងអស់ក៏បានស្វែងយល់កាន់តែច្បាស់ ពីខ្សែសង្វាក់ផលិតកម្ម ដំណើរការផលិត ការវេចខ្ចប់ ការរក្សាទុកផលិតផលសម្រេច ការរក្សាទុក​វត្ថុធាតុដើមគ្រឿងផ្សំ ដែលមានស្តង់ដារអនាម័យល្អដើម្បីជាបទពិសោធន៍ យកទៅអនុវត្តនៅក្នុងសិប្បកម្មរបស់ខ្លួន សម្រាប់ជំរុញលើកកម្ពស់ដំណើរ​ការបច្ចេកទេស ក្នុងផលិតកម្មម្ហូបអាហារ ឱ្យមានគុណភាពស្តង់ដារ និងតម្រូវការទីផ្សារក្នុងស្រុក ហើយអាចបន្តនាំចេញ ទៅក្រៅប្រទេស​បានផងដែរ។

លោក ញ៉ិល ប៊ុនធឿន ក៏បានលើកទឹកចិត្តឲ្យ សិប្បករ ផលិតករ ខិតខំប្រឹងប្រែងបន្ថែមទៀតនៅក្នុងការផលិតផលិតផលក្នុងស្រុក ឱ្យមានគុណភាពខ្ពស់ និងសំណូមពរឲ្យប្រជាពលរដ្ឋកម្ពុជា ងាកជួយគាំទ្រផលិតផលនៅក្នុងស្រុក ពីព្រោះនៅពេលបច្ចុប្បន្ននេះ ផលិតផលមួយចំនួនដែលបរទេសផលិតបាន ខ្មែរយើងក៏អាចផលិតបានដែរ ផលិតផលទាំងនោះកំពុងតែលក់នៅលើ ទីផ្សារប្រដំប្រសងគ្នា។ហើយប្រសិនបើ យើងទាំងឡាយ ងាកមកប្រើប្រាស់ ផលិតផល​ក្នុងស្រុកនោះ គឺក៏ដូចបានជួយអោយសេដ្ឋកិច្ច ក្នុងប្រទេសបាន ដើរវិលជុំនិង អាចចំណេញបានច្រើនថែមទៀត។

សូមបញ្ជាក់ថា សិប្បកម្មសញ្ញាភ្នំមាស គឺជាសិប្បកម្មដែលមាន​ផលិតទឹកស៊ីអ៊ីវ ទឹកត្រី ទឹកម្ទេស ដែលដំណើរមានរយៈពេល​៣០ឆ្នាំមកហើយក្នុងខេត្តបន្ទាយមានជ័យ ហើយក៏ជាសិប្បកម្មមួយ​ដែលទទួលស្គាល់ដោយស្តង់ដារអនាម័យ ISO,HACPP, Hazard.និងវិញ្ញាបនបត្របញ្ជាក់ពីគុណភាពផលិតផលជាច្រើនទៀត និងមានការអនុវត្ត ស.៥ ( សម្រិតសម្រាំង, សម្អាត, សណ្ដាប់ធ្នាប់, ស្ថិតស្ថេរ, ស្តង់ដា) បានយ៉ាងខ្ជាប់ខ្ជួន ៕