សេដ្ឋកិច្ច

ឆ្នាំ២០២៣ ពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិបាន៣ ៦១២លានដុល្លារ

ដោយៈសិរីមតី
ភ្នំពេញ៖ នៅឆ្នាំ២០២៣កម្ពុជាប្រមូលចំណូលសម្រាប់ថវិកាជាតិបានប្រមាណជាង៣៦០០លានដុល្លារ ស្មើនឹង ១០១.១៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣កើន៤.៤៩%។


អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា រយៈពេល ១២ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន១៤ ៦២៩.១០ ប៊ីលានរៀល (ប្រមាណជា ៣ ៦១២.១២ លានដុល្លារ) ស្មើនឹង ១០១.១៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំ២០២៣ ធៀបនឹងចំណូលពន្ធអាករ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២ គឺកើនឡើងចំនួន ៦២៨.២៨ប៊ីលានរៀល (ប្រមាណជា ១៥៥.១៣ លានដុល្លារ) ស្មើនឹង៤.៤៩%។


លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថាលទ្ធផលដ៏ជោគជ័យនិងជាទីមោទនៈនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ។
គួររំលឹកផងដែរថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ និងជាឆ្នាំចុងក្រោយ នៃយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេល៥ឆ្នាំ ២០១៩-២០២៣ ហើយឆ្នាំ២០២៤ គឺជាឆ្នាំទី១ នៃការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូល ដំណាក់កាល៥ឆ្នាំបន្ទាប់ ២០២៤-២០២៨។


អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តប្រកបដោយជោគជ័យ នូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាពនិងទំនើបកម្មគោលនយោបាយ និងរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់ ដើម្បីជំរុញ បង្កើនសមត្ថភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ។
ជាក់ស្តែង លទ្ធផលចំណូលសម្រេចបានក្នុងរយៈពេល៥ឆ្នាំនៃយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ គឺឆ្នាំ២០១៩ ទទួលបាន ១១ ២៧៧.៣២ប៊ីលានរៀលស្មើនឹង១២៣.២០%,ឆ្នាំ២០២០ ទទួលបាន១១ ៧០០.៥២ ប៊ីលានរៀលស្មើនឹង១០១.៣៦%, ឆ្នាំ២០២១ ទទួលបាន ១១ ២៦៦.៧៩ ប៊ីលានរៀល ស្មើនឹង ១២៤.០២%, ឆ្នាំ២០២២ ទទួលបាន ១៣ ៩៩៣.២០ ប៊ីលានរៀល ស្មើនឹង ១២២.៥៤% និងឆ្នាំ២០២៣ ទទួលបាន ១៤ ៦២៩.១០ ប៊ីលានរៀល ស្មើនឹង ១០១.១៣%។


ជោគជ័យនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងរយៈពេល ៥ឆ្នាំជាប់គ្នា គឺជាផ្លែផ្កាពិតៗ នៃការពង្រឹងសមត្ថភាព និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលសារពើពន្ធ ការកើនឡើងនៃការយល់ដឹងវប្បធម៌បង់ពន្ធ និងការកើននៃកម្រិតអនុលោមភាពដោយអ្នកជាប់ពន្ធ៕