កីឡា

ក្រុមបាល់ទាត់ស្វាយរៀងឈ្នះខេត្តបន្ទាយមានជ័យ ៦ -១ “ពានរង្វាន់សម្តេចតេជោ “

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ ក្នុងការប្រកួតបាល់ទាត់ដណ្តើម”ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន “ជើងទី២ លើកទី១៧ , ២០២៣-២០២៤(ជម្រុះថ្នាក់ជាតិ) ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា ក្រុមបាល់ទាត់ជម្រើសខេត្តបន្ទាយមានជ័យម្ចាស់ផ្ទះនោះ ត្រូវក្រុមបាល់ទាត់ព្រះខ័នរាជ្យខេត្ត​ស្វាយរៀងឈ្នះក្រុមកីឡាបាល់ទាត់ខេត្តបន្ទាយមានជ័យ  ៦ -១ ។

ការប្រកួតនោះធ្វើឡើងនៅទីលានស្មៅធម្មជាតិ សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ នៃសហព័ន្ធកីឡា​បាល់ទាត់កម្ពុជាដែលស្ថិតនៅក្នុងវិទ្យាល័យហ៊ុន សែនខ្លាកូន ភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

ការប្រកួតនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។

នេះបើតាមអនុប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ​ប្រាប់សារព័ត៌មាន ។

នាឱកាសនោះ ក៏មានវត្តមានចូលរួមដោយអ្នកដឹកនាំនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រធានក្រុម ឬគ្រូបង្វឹកទាំងពីរក្រុម ព្រមទាំងប្រតិភូពាក់ព័ន្ធ។

បន្ថែមទៀតក៏មានវត្តមានលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកសុខ ចំណាន នាយកវិទ្យាល័យហ៊ុន សែនខ្លាកូន និងអ្នកពាក់ព័ន្ធអញ្ជើញជាកិត្តិយសក្នុងនាមម្ចាស់ភូមិសាស្ត្រ​និងគ្រប់គ្រងទីលានប្រកួត ។ព្រមទាំងលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស យុវជន យុវនារីរាប់រយនាក់​អង្គុយទស្សនាពីលើទីបង្គុយនៃការដ្ឋានកីឡដ្ឋានកីឡាបាល់ទាត់វិទ្យាល័យហ៊ុន សែនខ្លាកូន ។

សូមរំលឹកថា កាលពីជើងទី១ នៅទីលាននាខេត្តស្វាយរៀងជាម្ចាស់ផ្ទះកាលពីថ្ងៃទី១០ខមករាឆ្នាំ២០២៤ ប្រកួតវគ្គជម្រុះ ក្រុមបាល់ទាត់ព្រះខ័នរាជ្យខេត្តស្វាយរៀង បានឈ្នះក្រុមកីឡាបាល់ទាត់ខេត្ត​បន្ទាយមានជ័យ  ៤ -០ រួចមកហើយ ។

លុះមកដល់ជើងទី២ នេះ ក្រុមបាល់ទាត់ព្រះខ័នរាជ្យខេត្តស្វាយរៀងឈ្នះក្រុមកីឡាបាល់ទាត់ខេត្ត​បន្ទាយមានជ័យ  ៦ -១  បន្ថែមទៀត ដែលធ្វើអោយក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យបាត់សិទ្ធិ ឬបញ្ឈប់ការប្រកួតត្រឹមប៉ុណ្ណេះនារដូវកាលនេះ។

ឯក្រុមបាល់ទាត់ព្រះខ័នរាជ្យខេត្តស្វាយរៀងនឹងបន្តទៅប្រកួតដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ២០២៣-២០២៤ លើកទី១៧ ពានថ្នាក់ជាតិ វគ្គ៦ក្រុមចុងក្រោយ ជើងទី០២ បន្តទៀត ។

ពោលគឺក្នុងចំណោម៦ក្រុមចុងក្រោយដែលត្រូវប្រកួតជម្រុះ មុននឹងប្រកួតផ្តាច់ព្រ័ត្រនាពេលខាងមុខ ៕