សេដ្ឋកិច្ច

កម្ពុជារកចំណូលបាន ពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ជាង៨៥១លានដុល្លារ កើន២៦១%

ដោយៈសិរីមតី

ភ្នំពេញ៖នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបានពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ទៅកាន់ទីផ្សារអន្ដរជាតិ ជាង៨៥១លានដុល្លារ កើន២៦១% បើធៀបនឹងឆ្នាំ២០២២។នេះបើតាមការឲ្យដឹងពីលោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្ដរជាតិ លើកទី១៥ ឆ្នាំ២០២៤ នៅសាលប្រជុំអគារ Morgan Tower ក្នុងទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមករា លោកជំទាវបានបញ្ជាក់ថា «ចំពោះទំហំពាណិជ្ជកម្ម នៃការនាំចេញ គ្រឿងអលង្ការ និងត្បូងមានតម្លៃ របស់កម្ពុជា ទៅទីផ្សារអន្ដរជាតិ មានការកើនឡើងជាលំដាប់ រហូតដល់បរិមាណជាង៨៥១លានដុល្លារ ក្នុងឆ្នាំ២០២៣ ដែលមានការកើនឡើងប្រហែល២៦១% បើធៀបនឹងឆ្នាំ២០២២។នៅឆ្នាំ២០២១កម្ពុជា នាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ១៤៩លានដុល្លារ ហើយឆ្នាំ២០២២ ចំនួន២៦១លានដុល្លារដែលកើនឡើង៧៥ភាគរយ។

លោកជំទាវបានគូសបញ្ជាក់ថា សន្ទុះនៃកំណើនជាវិជ្ជមាន នៃការនាំចេញនេះ សរបញ្ជាក់ឲ្យឃើញអំពីភាពជោគជ័យ នៃកិច្ចសហប្រតិបត្ដិការដ៏ជិតស្និទ្ធ រឹងមាំ និងគ្រប់ជ្រុងជ្រោយ រវាងក្រសួងពាណិជ្ជកម្ម ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ក៏ដូចជាសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាផងដែរ។

ទន្ទឹមគ្នានេះ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា ឧស្សាហកម្មត្បូង និងគ្រឿងអលង្ការ ទាក់ទាញប្រជាពលរដ្ឋគ្រប់រូប ក៏ប៉ុន្តែសង្កេតឃើញថា ស្រ្តីជាក្រុមគោលដៅ ដោយភាគច្រើន ជាអ្នកប្រើប្រាស់ត្បូង និងគ្រឿងអលង្ការ ព្រមទាំង ជាអាជីវករ និងពាណិជ្ជករ ដែលជាអ្នកផ្គត់ផ្គង់ក្នុងវិស័យនេះ។

លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានឲ្យដឹងទៀតថា ចំណង់ចំណូលចិត្ត និងតម្រូវការរបស់ក្រុមគោលដៅ ដែលជាស្រ្តី អាចជះឥទ្ធិពលខ្លាំង ដល់ប្រព័ន្ធអេកូឡូស៊ី លើគ្រប់ដំណាក់កាល នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងអលង្ការ រួមទាំងការពង្រីកទីផ្សារគ្រឿងអលង្ការ។

លោកស្រីរដ្ឋមន្ដ្រី បានបញ្ជាក់ថា ក្រសួងកិច្ចការនារី, ក្រសួងពាណិជ្ជកម្ម និងក្រសួងវប្បធម៌ នឹងបន្តចូលរួមគាំទ្រ និងលើកកម្ពស់ឧស្សាហកម្មត្បូង និងគ្រឿងអលង្ការ ព្រមទាំងផ្សព្វផ្សាយទៅដល់បណ្ដាពាណិជ្ជករ អាជីវករ សមាគមនានា ដែលជាដៃគូ ទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈយន្តការ និងកម្មវិធីដែលដឹកនាំ និងសម្របសម្រួលដោយក្រសួងសាមី។ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រីវប្បធម៌ បានលើកទឹកចិត្តដល់បណ្ដាពាណិជ្ជករ អាជីវករ ក្រុមហ៊ុនគ្រឿងអលង្ការ និងដៃគូពាក់ព័ន្ធ នៅក្នុងប្រទេស និងក្រៅប្រទេសបន្តកិច្ចសហការនិងចូលរួមផ្លាស់ប្ដូរគំនិតនិងសិក្សាពីគ្នាទៅវិញទៅមកដើម្បីជំរុញភាពជឿនលឿននៃអាជីវកម្មរបស់ខ្លួន។

លោកស្រីក៏បានលើកទឹកចិត្ត ដល់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃ ព្រមទាំងដៃគូពាក់ព័ន្ធ ឲ្យបន្តអនុវត្តនូវគំនិតផ្ដួចផ្ដើម និងវិធានការនានា ដែលរៀបចំនៅក្នុងកម្មវិធីពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្ដរជាតិ លើកទី១៥ ឆ្នាំ២០២៤ នាថ្ងៃទី២១ ដល់ទី២៥ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ប្រកបដោយប្រសិទ្ធភាព។

លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្ដីទី សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍នេះ គឺជាវេទិកាដ៏ល្អប្រសើរមួយ ដែលបង្ហាញពីសក្តានុពល នៃវិស័យគ្រឿង អលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា អាចឲ្យអតិថិជនស្វែង យល់បានកាន់តែច្បាស់ ពីការរីកចម្រើន នៃវិស័យគ្រឿងអលង្ការ និងការរចនាម៉ូតនៃគ្រឿងអលង្ការនាពេលបច្ចុប្បន្ន។មិនតែប៉ុណ្ណោះ វាក៏ជាឱកាសដ៏ល្អសម្រាប់គ្រប់ ពាណិជ្ជករ អ្នកច្នៃម៉ូតគ្រឿងអលង្ការកម្ពុជា យើងអាចបានជួបដៃគូរបរទេសសហការគ្នាក្នុងការជំរុញ ពាណិជ្ជកម្មរបស់ខ្លួន បានថែមទៀតផង។

លោកបណ្ឌិត ឆាយ ស៊ីណាត បានបញ្ជាក់ឲ្យដឹងថា តាមការផែនការរបស់សមាគម និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល​សមាគម បានកំណត់ការរៀបចំ «ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤» នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ដែលកត់ត្រាជាប្រវត្តិលើកទី១៥ នៃការរៀបចំព្រឹត្តិការណ៍នេះ។

គួរបញ្ជាក់ថា ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ នឹងរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី២១ ដល់ទី២៥ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ នឹងមានការរៀបចំកម្មវិធីសំខាន់ៗ ភ្ជាប់ជាមួយជាច្រើនដូចជា សិក្ខាសាលា ជំនួបពិភាក្សា លើការងារគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា កម្មវិធីកំសាន្ត និងសម្មភាពសហប្រតិបត្តិការ រួមទាំងការជំរុញធុរកិច្ចផ្សេងៗទៀត៕