កីឡា

ក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យឈ្នះក្រុមសន្តិភាពខេត្តកំពង់ធំ ៤-២ “ពានរង្វាន់សម្តេចតេជោ

ដោយ៖  បន្ទាយ

បន្ទាយមានជ័យ៖ ក្នុងការប្រកួតបាល់ទាត់ដណ្តើម”ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន “ជើងទី២ លើកទី១៧ ,២០២៣-២០២៤(ជម្រុះថ្នាក់ជាតិ) ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមបាល់ទាត់ជម្រើសខេត្តបន្ទាយមានជ័យម្ចាស់ផ្ទះបានឈ្នះក្រុមកីឡាសន្តិភាពជម្រើសខេត្តកំពង់ធំជាភ្ញៀវ ៤-២ ។

ការប្រកួតនោះធ្វើឡើងនៅទីលានស្មៅធម្មជាតិ សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលស្ថិតនៅក្នុងវិទ្យាល័យហ៊ុន សែនខ្លាកូនភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។

នេះបើតាមអនុប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានកាលពីល្ងាចថ្ងៃទី០៥ខែមករាឆ្នាំ២០២៤ ។

នាឱកាសនោះ ក៏មានវត្តមានចូលរួមដោយអ្នកដឹកនាំនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រធានក្រុមឬគ្រូបង្វឹកទាំងពីរក្រុម ព្រមទាំងប្រតិភូពាក់ព័ន្ធ។

បន្ថែមទៀតក៏មានវត្តមានលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកឧត្តមសេនីយ៍ត្រីបោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងជាប្រធានសាខាសហព័ន្ធកីឡាបាល់ទាត់កម្ពុជាខេត្តបន្ទាយមានជ័យ អញ្ជើញជាកិត្តិយសក្នុងនាមម្ចាស់ភូមិសាស្ត្រនិងគ្រប់គ្រងទីលានប្រកួត ។

ព្រមទាំងលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស យុវជន យុវនារីរាប់រយនាក់អង្គុយទស្សនាពីលើទីបង្គុយនៃការដ្ឋានកីឡដ្ឋានកីឡាបាល់ទាត់វិទ្យាល័យហ៊ុន សែនខ្លាកូន ។

សូមរំលឹកថា កាលពីជើងទី១ ប្រកួតវគ្គជម្រុះ ក្រុមសន្តិភាពខេត្តកំពង់ធំឈ្នះក្រុមបន្ទាយមានជ័យ២-១  ។

លុះមកដល់ជើងទី២ នេះ ប្រធានក្រុមឬគ្រូបង្វឹកទាំងពីរខេត្តសុទ្ធតែអះអាងពីសមត្ថភាព បច្ចេកទេសនិងក្តីរំពឹងលើលទ្ធផលនាំមុខនៃការប្រកួត នៅពេលពួកគេផ្តល់សម្ភាសន៍ដល់សារព័ត៌មាន ។

ប៉ុន្តែនៅទីបំផុត បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យបានឈ្នះក្រុមកីឡាសន្តិភាពកំពង់ធំ៤-២ ។

ដែលនេះជាការឆ្លងផុតជម្រុះថ្នាក់ជាតិជើងទី២  ហើយនឹងត្រូវទៅប្រកួតជាមួយជម្រុះជាមួយក្រុមព្រះខ័នរាជខេត្តស្វាយរៀងនៅទីលាននាខេត្តនោះនាថ្ងៃទី១០ខមករាឆ្នាំ២០២៤ ។

ពោលគឺក្នុងចំណោម៦ក្រុមចុងក្រោយដែលត្រូវប្រកួតជម្រុះ មុននឹងប្រកួតផ្តាច់ព្រ័ត្រនាពេលខាងមុខ ៕