សេដ្ឋកិច្ច

គម្រោងអភិវឌ្ឍន៍ Bay of Lights បើកការដ្ឋានសាងសង់ទីលានវាយកូនហ្គោល ជាប់មាត់ឆ្នេរស្តង់ដាអន្តរជាតិ ដំបូងគេបំផុតនៅប្រទេសកម្ពុជា

ដោយៈសិរីមតី/ខេត្តព្រះសីហនុ៖ជាការបើកទំព័រថ្មីនៃកីឡាវាយកូនហ្គោលនៅកម្ពុជា គម្រោងអភិវឌ្ឍន៍ Bay of Lightsដែលមានទីតាំងស្ថិតនៅឆ្នេរសមុទ្ររាមនៃខេត្ត ព្រះសីហនុបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការនូវទីលានវាយកូនហ្គោល Bay 19 ដែលជាទីលានវាយកូនហ្គោលជាប់មាត់ឆ្នេរសមុទ្រ     ស្តង់ ដាអន្តរជាតិ USGA រចនាបទឡើងដោយកីឡាករវាយកូនហ្គោលដ៏ល្បីល្បាញ Greg Norman ដំបូងគេបំផុតនៅកម្ពុជា។

ពិធីបើកសាងសង់ការដ្ឋានទីលានវាយកូនហ្គោលBay 19 បានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ រួមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់ភ្ញៀវកិត្តិយស ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុច និង ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធា​រណ​រដ្ឋឥណ្ឌូណេស៊ី។ វត្តមានរបស់គណៈអធិបតី ក៏ដូចជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងពិធីនេះ បានសបញ្ជាក់អំពីការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវអន្តរជាតិផងដែរ។

ទីលានវាយកូនហ្គោល Bay 19 នេះមិនត្រឹមតែមានផ្ដល់ជូនបទពិសោធន៍នៃការលេងកីឡាបែបស្តង់ដាអន្តរជាតិនោះទេ ប៉ុន្តែក៏មានអមជាមួយនូវទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រប្រទេសកម្ពុជាដែលនឹងធ្វើឲ្យទីលានវាយកូនហ្គោលBay 19មានលក្ខណៈពិសេស ខុសប្លែកពីទីលានវាយកូនហ្គោលនៅក្នុងស្រុកដទៃទៀត។

ក្នុងបរិវេណនៃទីលានវាយកូនហ្គោល Bay 19 ផងដែរក៏ នឹងមាននូវសណ្ឋាគារផ្កាយបួនចំនួនបួន រីសតផ្កាយ ៥ និងផ្កាយ ៦ ចំនួន​បី និងផ្លូវដើរលំហែចំនួនបួន ដែលនេះនឹងធ្វើឲ្យទីលានវាយកូនហ្គោល Bay 19 ក្លាយជាទីតាំងកម្សាន្តដ៏ល្អប្រពៃទាំងសម្រាប់អ្នកនិយមលេងកីឡាវាយកូនហ្គោល និងភ្ញៀវទេសចរទូទៅផងដែរ។

 

 

ការសាងសង់ដំណាក់កាលដំបូងនៃទីលានវាយកូនហ្គោលដែលមានទំហំវិនិយោគ ៤១លានដុល្លារនេះ នឹងមានជាទីលានវាយកូនហ្គោលរយៈចម្ងាយឆ្ងាយ ដែលគ្រោងបើកដំណើរការនៅត្រឹមត្រីមាសទីបី នៃឆ្នាំ២០២៥ ហើយទីលានវាយកូនហ្គោលស្តង់ដា ១៨រន្ធ គ្រោងនឹងទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ នៅត្រឹមឆ្នាំ២០២៧ ជាមួយនឹងគោលដៅសម្រេចការសាងសង់ទាំងស្រុងត្រឹមឆ្នាំ២០២៩។

ជាមួយការផ្ដល់ជូននូវបទពិសោធន៍នៃការលេងកូនហ្គោលដែលមិនអាចប្រៀបផ្ទឹមបាន រួមជាមួយកន្លែងស្នាក់នៅប្រណីតដ៏ច្រើនជម្រើស និងការផ្ដល់គាំទ្រពីសំណាក់រាជរដ្ឋាភិបាលផងដែរនោះ ទីលានវាយកូនហ្គោល Bay 19 នឹងក្លាយជាគោលដៅដ៏ល្អឯកទាំងសម្រាប់ការវិនិយោគ និងការកម្សាន្ត។ ការអភិវឌ្ឍនេះមិនត្រឹមតែផ្លាស់ប្ដូរបទពិសោធន៍នៃការលេងកីឡាវាយកូនហ្គោលនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជាទីតាំងដែលនឹងផ្ដល់បទពិសោធន៍ដ៏អស្ចារ្យក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕