បទវិភាគ

បទវិភាគ៖តើឆន្ទៈរបស់មេដឹកនាំចិនក្នុងឆ្នាំថ្មីចង់ស្តារទំនាក់ទំនងទ្វេភាគីរវាងចិននិងអាមេរិកអាចក្លាយជាការពិតទេ?

ប្រែសម្រួល៖ ស.សម្បត្តិ

ឆ្នាំថ្មីឈានមកដល់ដែលត្រូវនឹងខួបនៃទំនាក់ទំនងការទូតទ្វេភាគីអាមេរិក-ចិននោះ កាលថ្ងៃចន្ទទី០១ ខែមករា ឆ្នាំ២០២៤ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាក់ថា លោកមានឆន្ទៈក្នុងការធ្វើសហប្រតិបត្តិការល្អជាមួយសមភាគីអាមេរិក ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីប្រកបដោយចីរភាព។

បើយោងតាមទូរទស្សន៍រដ្ឋ CCTV បាននិយាយថា “លោក ប្រធានស៊ី ជីនពីង បានសង្កត់ធ្ងន់ថា៖« ខ្ញុំមានឆន្ទៈក្នុងការធ្វើការជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដើម្បីស្តារឡើងវិញនូវទំនាក់ទំនងរវាងចិននិងអាមេរិកដែលនឹងផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ គឺទាំងចិននិងអាមេរិ។ ជាមួយនោះនឹងប្រជាជនរបស់យើងទាំងពីរ ដោយលើកកម្ពស់សន្តិភាពព្រមទាំងការអភិវឌ្ឍរបស់ពិភពលោកទាំងមូល”ផងដែរ»។

នៅក្នុងការផ្លាស់ប្តូរសារទៅវិញទៅមករវាងមេដឹកនាំទាំងពីរក្នុងការំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លោក ស៊ី បានថ្លែងថា ភាគីទាំងពីរគួរតែ “មានវិធានការជាក់ស្តែងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងនិរន្តរភាពក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក”។

សម្រាប់អ្នកវិភាគបានបង្ហាញពីការយល់ឃើញថា បញ្ហាដែលមេដឹកនាំចិនបានបង្ហាញពីឆន្ទៈក្នុងការស្តារទំនាក់ទំនងជាមួយមេដឹកនាំអាមេរិកនោះបើគ្រាន់តែជារូបភាពវាគឺជាវិធីសាស្រ្តដ៏ល្អមិនត្រឹមតែសម្រាប់ប្រទេសទាំងពីរគឺសម្រាប់ពិភពលោកទាំងមូល។ ប៉ុន្តែខ្លឹមសារនិងលទ្ធផលជាក់ស្តែងគឺវាស្ថិតនៅលើការប្រតិបត្តិជាក់ស្តែងដោយស្មើភាពនិងស្មោះត្រង់ដែលជារឿងដ៏លំបាក ។

សូមរំលឹកថា លោក ស៊ី និងប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានជួបប្រជុំគ្នានៅទីក្រុង San Francisco អាមេរិក កាលពីខែវិច្ឆិកា មេដឹកនាំទាំងពីរបានប្តេជ្ញាថានឹងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីដោយព្យាយាមបញ្ឈប់ការប្រកួតប្រជែងដែលនាំឲ្យរីករាលដាលទៅជា ជម្លោះ។

លោក ស៊ី បានបន្ថែមថា “ការប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមកក្នុងន័យភាតរ:ដើម្បីរួមរស់ក្នុងសន្តិភាពប្រកបដោយកិច្ចសហប្រតិបត្តិការដើម្បីឈ្នះ-ឈ្នះ ទាំងអស់គ្នាគឺជាវិធីសាស្ត្រដ៏ត្រឹមត្រូវសម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិកឈានទៅធ្វើអន្តរកម្មរួមគ្នា”។

លោក ស៊ី ក៏បានផ្លាស់ប្តូរសារឆ្នាំថ្មីជាមួយមេដឹកនាំកូរ៉េខាងជើងលោក គឹម ជុងអ៊ុន ហើយអ្នកទាំងពីរបានប្រកាសរួមគ្នាថាឆ្នាំ ២០២៤ ជា “ឆ្នាំមិត្តភាពដែកថែប” សម្រាប់ប្រទេសទាំងពីរ។

មេដឹកនាំចិនបានផ្លាស់ប្តូរការស្វាគមន៍ឆ្នាំថ្មីជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីននៅក្នុងថ្ងៃចូលឆ្នាំសកល ផងដែរ។

ឆ្នាំនេះជាខួបលើកទី៧៥ឆ្នាំដែលចិននិងរុស្ស៊ីបង្កើតទំនាក់ទំនងការទូតជាមួយគ្នា។

លោក ស៊ី បានធ្វើការគូសបញ្ចាក់ថា ប្រទេសចិន និងរុស្ស៊ីគួរតែ “បន្តសហប្តតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត” និងបង្កើតទំនាក់ទំនងការទូតដោយ “បង្ហាញពីមិត្តភាពដែកថែបក្នុងនាមជាអ្នកជិតខាងល្អជាអចិន្ត្រៃយ៍” រួមជាមួយនឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយសម្រាប់ជាផលប្រយោជន៍ទៅវិញទៅមកដល់ប្រទេសទាំងពីរ។

លោក ស៊ី នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោកកាលពីថ្ងៃអាទិត្យក៏បានបង្ហាញផងដែរថា “ការបង្រួបបង្រួមជាតិ” ជាមួយកោះតៃវ៉ាន់គឺជៀសមិនរួច ដោយបានបន្លឺសម្លេងខ្លាំងជាងអ្វីដែលគាត់ធ្លាប់បានធ្វើកាលពីឆ្នាំមុននៅក្នុងរយៈពេលមិនតិចជាង ពីរ សប្តាហ៍នៅមុនពេលកោះប្រជាធិបតេយ្យមួយនេះធ្វើការសម្រេចចិត្តជ្រើសរើសមេដឹកនាំថ្មីសម្រាប់អាណត្តិក្រោយ៕

ប្រភព៖ Agency/rj