កម្សាន្ដ

ភ្ញៀវទេសចរកើនឡើងជាង៣៥ម៉ឺននាក់ក្នុងខេត្តបាត់ដំបងនាឱកាសបុណ្យឆ្លងឆ្នាំសកល

ដោយ៖ព្រះអង្គខ្មៅ

បាត់ដំបង៖ ភ្ញៀវទេសចរបានកើនឡើងជាង ៣៥ម៉ឺននាក់ក្នុងខេត្តបាត់ដំបង នាឱកាសបុណ្យឆ្លងឆ្នាំសកល ២០២៣ចូលឆ្នាំ២០២៤។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣នេះបានបង្ហាញឲ្យដឹងថា ពិធីឆ្លងឆ្នាំសកលឆ្នាំ ២០២៣ ចូលឆ្នាំ ២០២៤ នេះខេត្តបាត់ដំបងបានទទួលភ្ញៀវទេសចរទាំងភ្ញៀវជាតិ អន្តរជាតិកើនឡើងខ្ពស់ជាងឆ្នាំចាស់ច្រើនដែលភ្ញៀវមានសរុបចំនួន ៣៥៣,៧០៨នាក់កើនឡើង ៦៧,៦០ % បើធៀបឆ្នាំ២០២២ មានត្រឹមចំនួន ២១១,០៣៨ នាក់ប៉ុណ្ណោះ។

ចំំនួនភ្ញៀវទេសចរដែលកើនឡើងក្នុងឱកាសឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីខាងលើគិតត្រឹមថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងនោះភ្ញៀវជាតិ សរុបចំនួន ៣៥២,៧៩០ នាក់ ភ្ញៀវអន្តរជាតិ មានចំនួន ៩១៨ នាក់។

រយ:ពេល ៣ថ្ងៃនៃឱកាសបុណ្យឆ្លងឆ្នាំសកលនេះភ្ញៀវទេសចរបានសម្រុកទៅតាមគោលដៅទេសចរណ៍នានាដើម្បីលំហែលេងកម្សាន្តពេលថ្ងៃ ខ្លះទៀតបានសម្រាកឆ្លងឆ្នាំពេលរាត្រី និងភ្ញៀវទេសចរមួយចំនួនទៀតបានចូលមកអបអរសាទរក្នុងពិធីឆ្លងឆ្នាំនៅក្នុងទីប្រជុំជនក្រុងបាត់ដំបងដែលរៀបចំកម្មវិធីយ៉ាងរីករាយដោយរដ្ឋបាលខេត្ត។

មន្ត្រីជំនាញខាងលើបន្ត ព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឆ្នាំថ្មីនេះដែរគណ:កម្មការរៀបចំបុណ្យជាតិ អន្តរជាតិខេត្តបានរៀបចំកម្មវិធីដាក់បង្ហាញម្ហូបអាហាររបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងបាត់ដំបងផ្ទាល់ ម៉្យាងទៀតកម្មវិធីអបអរឆ្នាំថ្មីឆ្នាំនេះក៏ជាព្រឹត្តិការណ៍ប្លែក និងថ្មីដែលភ្ញៀវទេសចរទទួលព័ត៌មានបានមុនគ្រប់គ្រាន់ ក៏កម្មវិធីពិសេសបន្ថែមនូវព្រឹត្តិការណ៍អុំទូកនាគ ទូកកានូ ទូកកាយ៉ាក់ផងដែរ ដែលជាហេតុនាំឲ្យទាក់ទាញដល់ភ្ញៀវទេសចរក្នុង និងក្រៅតំបន់យ៉ាងច្រើដោយកុះករ ក្រៅពីនេះមានការរក្សាការពារនូវសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងម៉ត់ចត់ និងបានល្អប្រកបដោយភាពរលូនតាំងពីដើមដល់ចប់កម្មវិធី៕