កម្សាន្ដ

ចិននឹងសម្រួលដល់ការស្នើសុំទិដ្ឋាការសម្រាប់អ្នកទេសចរអាមេរិក

ប្រែសម្រួល៖ សហការី

ប៉េកាំង៖ យោងតាមការជូនដំណឹងកាលពីថ្ងៃសុក្រ ទី២៩ ធ្នូ នៅលើគេហទំព័ររបស់ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនបានប្រកាសថាចាប់ពីថ្ងៃទី ១ ខែមករានេះតទៅចិននឹងជួយសម្រួលដល់ការស្នើសុំទិដ្ឋាការសម្រាប់អ្នកទេសចរអាមេរិកដោយលើកលែងឯកសារដែលជាតម្រូវការមួយចំនួន។

នេះគឺជាចំណាត់ការកាទូតចុងក្រោយរបស់ចិនដើម្បីធ្វើឲ្យវិស័យទេសចរណ៍របស់ខ្លួនបានងើបឡើងវិញ និងជាវិធានការជំរុញខឿនសេដ្ឋកិច្ចជាតិរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនៅក្រោយពេលមានការធ្លាក់ចុះក្នុងអំឡុងជំងឺរាតត្បាត COVID-19។

ស្ថានទូតចិនបានប្រកាសថា អ្នកដាក់ពាក្យស្នើសុំទិដ្ឋាការទេសចរណ៍ពីសហរដ្ឋអាមេរិកនឹងលើកលែងតម្រូវការឲ្យមានការកក់សំបុត្រយន្តហោះជាមុន ការកក់សណ្ឋាគារ ឬលិខិតអញ្ជើញទៀតហើយ។

កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំងបានបើកផ្លូវសម្រាប់អ្នកកាន់លិខិតឆ្លងដែនពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្បាញ និងម៉ាឡេស៊ី ចូលប្រទេសខ្លួនដោយគ្មានទិដ្ឋាការចាប់ពីថ្ងៃទី ១ ខែធ្នូនេះតទៅ។

ចំណែកអ្នកទេសចរដែលស្វែងរកដំណើរកំសាន្តដោយគ្មានទិដ្ឋាការនឹងដំណើរការនៅក្នុងរយៈពេល ១២ ខែ ក្រោយសម្រាប់ភ្ញៀវទេសចរមកពីប្រទេសទាំង ៦ ខាងលើអាចទៅទស្សនាប្រទេសចិនបានរហូតដល់ ១៥ ថ្ងៃ។

ប្រទេសចិនក៏បានពង្រីកគោលនយោបាយឆ្លងដែនដោយគ្មានទិដ្ឋាការរបស់ខ្លួនទៅកាន់ប្រទេសចំនួន ៥៤ កាលពីខែវិច្ឆិកា។

ចំនួនអ្នកទេសចរចូលប្រទេសចិនបានធ្លាក់ចុះនៅអំឡុងពេលជំងឺរាតត្បាតរាតត្បាត ដោយសារគោលនយោបាយគ្រប់គ្រង COVID-19 ដ៏តឹងរ៉ឹងរបស់ចិន។

ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសចិនបានកើនឡើងចាប់តាំងពីទីក្រុងប៉េកាំងបានទម្លាក់ការរឹតបន្តឹង COVID-19 កាលពីមួយឆ្នាំមុន ប៉ុន្តែនៅមានកម្រឹតត្រឹមតែ ៦០ ភាគរយបើធៀបនឹងឆ្នាំ២០១៩។

ប្រភព៖ Reuters/gs