សេដ្ឋកិច្ច

លោកជំទាវ ហ៊ុន ស៊ីណាត អញ្ជើញចូលរួមធ្វើជាសាក្សីនៃ MOU រវាងក្រុមហ៊ុន ADATA Technology Co., Ltd. និងក្រុមហ៊ុន ACE Group

ដោយៈសិរីមតី/ភ្នំពេញ៖ក្រុមហ៊ុន ADATA Technology Co., Ltd.និងACE Group កាលពីថ្ងៃទី២៨ ខែធ្នូបានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា(MOU) ស្តីពីកិច្ចសហ​ប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ។

លោក Simon Chen ប្រធានក្រុមហ៊ុន ADATA Technology Co., Ltd. និងលោកជំទាវ នឹម វណ្ណៈ អគ្គនាយិការគ្រប់គ្រង​ទូទៅនៃក្រុមហ៊ុន ACE Group និងជាទីប្រឹក្សាច្បាប់នៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ។

នៅក្នុងពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីសំណាក់លោក Simon Chen ប្រធានក្រុមហ៊ុន ADATA Technology Co., Ltd., លោកជំទាវ នឹម វណ្ណៈ អគ្គនាយិកា​គ្រប់គ្រងទូទៅនៃក្រុមហ៊ុន ACE Group និងជាទីប្រឹក្សាច្បាប់ប្រចាំនៅប្រទេសកម្ពុជា, លោកជំទាវ ហ៊ុន ស៊ីណាត និងលោក Chen Chien Wen តំណាងក្រុមហ៊ុន ADATA Technology Co., Ltd ដែលស្នើសុំអាជ្ញាប័ណ្ណវិនិយោគកាបូននៅកម្ពុជា ក៏បានចូលរួមជាសាក្សីក្នុងពិធី MOU នេះផងដែរ។

លោក Chen Libai (Simon Chen) ប្រធានក្រុមហ៊ុន ADATA Technology Co., Ltd. បានថ្លែងថា៖ ADATA Technology Co., Ltd. គឺជាក្រុមហ៊ុនផលិតបន្ទះឈីប (DRAM) និង SSD ធំជាងគេទីពីររបស់ពិភពលោក និងមានរោងចក្រធំៗចំនួន៥នៅជុំវិញពិភពលោក។ ក្រុមហ៊ុននេះ មានរោងចក្រនៅតៃវ៉ាន់ ស៊ូចូវ ប្រេស៊ីល និងឥណ្ឌា ហើយ​លោកក៏សង្ឃឹមដែរថា នឹងមានឱកាសវិនិយោគនៅកម្ពុជានាពេលអនាគតដូចគ្នា។

ជាមួយគ្នានេះ ADATA Technology Co., Ltd. ក៏មានប័ណ្ណប៉ាតង់របស់ខ្លួនលើសេវាលក់រថយន្តអគ្គិសនីផងដែរ។ ក្រុមហ៊ុនសង្ឃឹមថា នឹងនាំយករថយន្តអគ្គិសនី និងថាមពល​បៃតង​មកកម្ពុជានាពេលអនាគត។ ជំនាញរបស់ ADATA Technology Co., Ltd. ជាកត្តាធ្វើឲ្យកម្ពុជាអាចអភិវឌ្ឍន៍ឧស្សាហកម្មក្នុងកម្រិតកាបូនទាប តាមរយៈ AI និងឌីជីថល​បានយ៉ាងងាយស្រួល។ ក្រុមហ៊ុន ADATA Technology Co., Ltd. នឹងប្រើប្រាស់ភាពច្នៃប្រឌិតលើបច្ចេកវិទ្យា ដើម្បីជួយលើកកម្ពស់និងអភិវឌ្ឍសិទ្ធិកាបូន​អន្តរជាតិ​របស់​កម្ពុជា និងខិតខំធ្វើឲ្យបានសម្រេចនូវចំនួនជាង ៦០% នៃសិទ្ធិអភិវឌ្ឍន៍ និងប្រតិបត្តិការនៃកាបូនធម្មជាតិ ហើយ ADATA នឹងជួយដល់កម្ពុជាឱ្យក្លាយជា​ប្រទេសផលិតកាបូន​ទាបថ្មីមួយផងដែរ។

ប្រធានក្រុមហ៊ុន ADATAបានបន្តថា៖យើងសង្ឃឹមថា ដោយមានការគាំទ្រពីរដ្ឋាភិបាលកម្ពុជាតាមរយៈ លោកជំទាវ ហ៊ុន ស៊ីណាត និងលោកជំទាវ នឹម វណ្ណៈ ការវិនិយោគ​អាចនឹងចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាបានយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ លោកបានបន្តទៀតថា នៅថ្ងៃអនាគត ពួកយើងនឹងខំប្រឹងប្រែងដើម្បី​តបស្នងដល់​សង្គមកម្ពុជា ​និងជួយជម្រុញបន្ថែមនូវការបណ្តុះបណ្តាលលើវិស័យនេះនៅកម្ពុជាថែមមួយកម្រិតទៀត។

ស្ថិតក្នុងឱកាសនោះដែរលោកជំទាវ ហ៊ុន ស៊ីណាត បានមានប្រសាសន៍ថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន ADATA Technology Co., Ltd. នៅកម្ពុជា គឺជាជំហាន​ឆ្ពោះទៅមុខដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា ហើយនឹងផ្តល់ផលវិជ្ជមានយ៉ាងច្រើនលើសលុបផងដែរ។ ការវិនិយោគរបស់ ADATA Technology Co., Ltd. នៅកម្ពុជាមិន​ត្រឹម​តែជាការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែចូលរួមចំណែកជាគុណសម្បត្តិរបស់កម្ពុជាផងដែរ ពោលគឺការបង្ហាញពីសក្តានុពល និងឱកាសនៃការវិនិយោគ ហើយការវិនិយោគនេះ នឹងនាំមកនូវឱកាសការងារដល់ប្រទេស​កម្ពុជា លើកកម្ពស់វឌ្ឍនភាពបច្ចេកវិទ្យា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ទន្ទឹមនឹងនេះដែរ លោកជំទាវបាន​សម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ ADATA Technology Co., Ltd. ដែលបានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា។

សូមបញ្ជាក់ថាបច្ចុប្បន្ននេះ ADATA Technology Co., Ltd. កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនេះឱ្យក្លាយទៅជាការពិត។ ទន្ទឹមនឹងនោះដែរ ដើម្បី​ធានាបាននូវភាពស្របច្បាប់នៃការវិនិយោគ ក្រុមហ៊ុនបានជ្រើសរើសកិច្ចសហការជាមួយក្រុមហ៊ុន ACE Group ក្នុងការផ្តល់សេវាប្រឹក្សាផ្នែកច្បាប់សម្រាប់ការអនុវត្ត​គម្រោង ដើម្បីធានាថាការវិនិយោគមានប្រសិទ្ធភាព និងស្របច្បាប់នៅកម្ពុជា។ លោកជំទាវបានចង្អុលបង្ហាញថា អនុស្សរណៈយោគយល់គ្នា​ដែលបានចុះ​ហត្ថលេខា​រវាង​ក្រុមហ៊ុន ADATA Technology Co., Ltd. និង ក្រុមហ៊ុន ACE Group នាពេលនេះគឺបានឆ្លុះបញ្ចាំងពីភាពជាដៃគូដែលលើសពីការវិនិយោគទៅទៀត។ លោកជំទាវសង្ឃឹមថា កិច្ចសហប្រតិ​បត្តិការរវាងភាគីទាំងពីរ អាចបង្កើតជាគំរូល្អមួយសម្រាប់កិច្ចសហប្រតិបត្តិការរវាងវិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក។

លោក Simon Chen ប្រធានក្រុមហ៊ុន ADATA Technology Co., Ltd. និងលោកជំទាវ នឹម វណ្ណៈ អគ្គនាយិការគ្រប់គ្រង​ទូទៅនៃក្រុមហ៊ុន ACE Group និងជាទីប្រឹក្សាច្បាប់នៅកម្ពុជា ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកប​ដោយ​ភាពជោគជ័យ និងចូលជាធរមានចាប់ពីថ្ងៃនេះតទៅ៕