កម្សាន្ដ

នាវាWesterdamចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាថ្មីម្ដងទៀត

ដោយ៖សហការី

ព្រះសីហនុ៖ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាវា Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុសាជាថ្មីម្ដងទៀត បន្ទាប់ពីនាវានេះត្រូវបានអនុញ្ញាតឱ្យចូលចតនៅកម្ពុជា កាលពី៣ឆ្នាំមុន ក្នុងបរិបទកូវីដ-១៩ដែលគ្មានប្រទេសណាមួយហ៊ានឲ្យចូលចត។

គេបានពិនិត្យឃើញវត្តមានរប​ស់ភាគីកម្ពុជាដែលបានទៅស្វាគមន៍យ៉ាងកក់ក្ដៅនាវា Westerdam លើកនេះ គឺលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។

គួរំលឹកថា ការត្រឡប់មកកម្ពុជាសាជាថ្មីម្តងទៀតនៅពេលនេះ គឺមានអ្នកទេសចរអន្តរជាតិសរុបចំនួន១ ៩៩១នាក់ ដែលក្នុងនោះ ស្រីចំនួន១ ០៣២ នាក់ មាន៥៤សញ្ជាតិ និងមាននាវឹកចំនួន៧៨៣នាក់ ស្រីចំនួន៦៤៨នាក់ មាន៣០សញ្ជាតិ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកម្ពុជាវិញ នាវេលាម៉ោង ៩យប់ថ្ងៃទី២៨ ដដែលនេះ។

ជាមួយនោះអ្នកទេសចរប្រមាណ៦០០នាក់ នឹងបន្តស្នាក់នៅ និងធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ អ្នកទេសចរដែលចុះពីនាវាទេសចរណ៍នេះ ត្រូវបានទទួលស្វាគមន៍ថែមទាំងមានការបំពាក់ក្រមារបស់ខ្មែរជូនភ្ញៀវទេសចរទាំងនោះ អមដោយការសម្ដែងក្រុមសិល្បៈជូនភ្ញៀវអន្តរជាតិបានទស្សនាទៀតផង៕